1 Corinthians 1
1ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅតាមបំណងរបស់ព្រះជាម្ចាស់ព្រមទាំងលោកសូស្ថេនជាបងប្អូន។ 2ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលនៅក្នុងក្រុងកូរិនថូសគឺជូនចំពោះពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែងដែលអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់របស់យើងគឺព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់ពួកគេនិងរបស់យើង។ 3សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណនិងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។ 4ខ្ញុំតែងតែអរព្រះគុណដល់ព្រះជាម្ចាស់របស់ខ្ញុំជានិច្ចសម្រាប់អ្នករាល់គ្នាចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានដល់អ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូ 5គឺថាដោយសារព្រះអង្គអ្នករាល់គ្នាបានចម្រុងចម្រើនក្នុងគ្រប់ការទាំងអស់គឺទាំងពាក្យសំដីនិងចំណេះដឹងគ្រប់យ៉ាង 6ដ្បិតសេចក្ដីបន្ទាល់អំពីព្រះគ្រិស្ដបានបញ្ជាក់នៅក្នុងអ្នករាល់គ្នា 7ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយពេលដែលកំពុងទន្ទឹងរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់របស់យើង។ 8ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផងនៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់របស់យើង។ 9ព្រះជាម្ចាស់ស្មោះត្រង់ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាឲ្យមានសេចក្ដីប្រកបជាមួយនឹងព្រះរាជបុត្រារបស់ព្រះអង្គគឺព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់របស់យើង។ 10ឥឡូវនេះបងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាដោយព្រះនាមព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់របស់យើងថាសូមអ្នករាល់គ្នានិយាយសេចក្ដីតែមួយទាំងអស់គ្នាហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយប៉ុន្ដែអ្នករាល់គ្នាត្រូវសាមគ្គីដោយមានចិត្ដតែមួយនិងគំនិតតែមួយ។ 11ពីព្រោះបងប្អូនអើយ! មានពួកអ្នកផ្ទះនាងក្លូអេបានប្រាប់ឲ្យខ្ញុំដឹងអំពីអ្នករាល់គ្នាថាមានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នករាល់គ្នា 12ខ្ញុំនិយាយដូច្នេះព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នានិយាយថាខ្ញុំជាសិស្សរបស់លោកប៉ូលខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូសខ្ញុំជាសិស្សរបស់លោកកេផាសឬខ្ញុំជាសិស្សរបស់ព្រះគ្រិស្ដ។ 13តើព្រះគ្រិស្ដត្រូវបំបែកហើយឬ? តើប៉ូលបានជាប់ឆ្កាងជំនួសអ្នករាល់គ្នាឬ? ឬមួយក៏អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងឈ្មោះប៉ូល? 14ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទេលើកលែងតែលោកគ្រីសប៉ុសនិងលោកកៃយុសប៉ុណ្ណោះ 15ដូច្នេះគ្មានអ្នកណាម្នាក់អាចនិយាយបានថាអ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកដោយនូវឈ្មោះខ្ញុំឡើយ។ 16មែនហើយខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យក្រុមគ្រួសារលោកស្ទេផាណាសដែរក្រៅពីនេះខ្ញុំមិនដឹងថាខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាផ្សេងទៀតទេ។ 17ដ្បិតព្រះគ្រិស្ដមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេគឺឲ្យប្រកាសដំណឹងល្អវិញហើយមិនមែនដោយប្រាជ្ញានៃពាក្យសំដីទេក្រែងលោឈើឆ្កាងរបស់ព្រះគ្រិស្ដគ្មានប្រយោជន៍។ 18ដ្បិតដំណឹងល្អអំពីឈើឆ្កាងជាសេចក្ដីចម្កួតសម្រាប់ពួកអ្នកដែលកំពុងវិនាសប៉ុន្ដែជាអំណាចរបស់ព្រះជាម្ចាស់សម្រាប់យើងដែលកំពុងទទួលការសង្គ្រោះ 19ព្រោះមានសេចក្ដីចែងទុកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់អ្នកប្រាជ្ញហើយបដិសេធចំណេះរបស់មនុស្សឆ្លាតវៃ» 20តើអ្នកប្រាជ្ញនៅឯណា? តើគ្រូវិន័យនៅឯណា? តើអ្នកដេញដោលសម័យនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញារបស់លោកិយនេះត្រលប់ជាល្ងង់ល្ងើទេឬ? 21ដ្បិតដោយសារប្រាជ្ញារបស់ព្រះជាម្ចាស់ហើយបានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេគឺព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះពួកអ្នកដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ 22ពីព្រោះជនជាតិយូដាសុំទីសំគាល់ឯជនជាតិក្រេកស្វែងរកប្រាជ្ញា 23រីឯយើងវិញយើងប្រកាសអំពីព្រះគ្រិស្ដដែលត្រូវគេឆ្កាងជាសេចក្ដីដែលនាំឲ្យជំពប់ដួលចំពោះជនជាតិយូដានិងជាសេចក្ដីល្ងង់ខ្លៅដល់សាសន៍ដទៃ 24ប៉ុន្តែព្រះគ្រិស្ដជាអំណាចរបស់ព្រះជាម្ចាស់និងជាប្រាជ្ញារបស់ព្រះជាម្ចាស់សម្រាប់ពួកអ្នកដែលព្រះអង្គត្រាស់ហៅទាំងជនជាតិយូដានិងជនជាតិក្រេក 25ពីព្រោះសេចក្ដីល្ងង់ខ្លៅរបស់ព្រះជាម្ចាស់មានប្រាជ្ញាលើសប្រាជ្ញារបស់មនុស្សហើយសេចក្ដីកំសោយរបស់ព្រះជាម្ចាស់ក៏មានកម្លាំងលើសកម្លាំងរបស់មនុស្សដែរ។ 26បងប្អូនអើយ! សូមគិតអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាចុះគឺមិនសូវមានអ្នកប្រាជ្ញខាងឯសាច់ឈាមច្រើនទេមិនមានអ្នកមានអំណាចច្រើនទេហើយក៏មិនមានអ្នកត្រកូលខ្ពង់ខ្ពស់ច្រើនដែរ 27តែព្រះជាម្ចាស់បានជ្រើសរើសពួកល្ងង់ខ្លៅនៅលោកិយនេះដើម្បីធ្វើឲ្យពួកអ្នកប្រាជ្ញាមានសេចក្ដីខ្មាសព្រះអង្គបានជ្រើសរើសពួកកំសោយនៅលោកិយនេះដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស 28ហើយព្រះជាម្ចាស់បានជ្រើសរើសពួកអ្នកទាបថោកនៅលោកិយនេះនិងពួកអ្នកដែលត្រូវគេមើលងាយព្រមទាំងអ្វីៗដែលគ្មានដើម្បីលុបបំបាត់អ្វីៗដែលមាន 29ដូច្នេះគ្មានមនុស្សណាម្នាក់អួតខ្លួននៅចំពោះព្រះជាម្ចាស់បានទេ។ 30ប៉ុន្តែដោយសារព្រះអង្គនោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូដែលបានត្រលប់ប្រាជ្ញាមកពីព្រះជាម្ចាស់សម្រាប់យើងទាំងខាងសេចក្ដីសុចរិតសេចក្ដីបរិសុទ្ធនិងសេចក្ដីប្រោសលោះ 31ដើម្បីឲ្យស្របតាមសេចក្ដីដែលចែងទុកថា៖ «អ្នកណាដែលអួតចូរអួតនៅក្នុងព្រះអម្ចាស់ចុះ»។
Copyright information for
KhmKCB