1 Corinthians 10
1បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខ្លៅទៀតទេគឺដូនតារបស់យើងនៅក្រោមពពកទាំងអស់គ្នាហើយឆ្លងកាត់សមុទ្រទាំងអស់គ្នា 2ទាំងបានទទួលពិធីជ្រមុជទឹកទៅក្នុងលោកម៉ូសេនៅក្នុងពពកនិងនៅក្នុងសមុទ្រទាំងអស់គ្នា 3ពួកគេទាំងអស់គ្នាបានបរិភោគអាហារខាងវិញ្ញាណតែមួយ 4ពួកគេទាំងអស់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយព្រោះពួកគេបានផឹកទឹកចេញពីថ្មដាខាងវិញ្ញាណដែលបានមកតាមពួកគេហើយថ្មដានោះជាព្រះគ្រិស្ដ 5ប៉ុន្ដែពួកគេភាគច្រើនបានធ្វើឲ្យព្រះជាម្ចាស់មិនសព្វព្រះហឫទ័យដូច្នេះពួកគេបានដួលស្លាប់រាត់រាយនៅទីរហោឋាន។ 6ហេតុការណ៍ទាំងនេះបានកើតឡើងទុកជាគំរូដល់យើងដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ដូចជាពួកគេ 7ឬថ្វាយបង្គំរូបព្រះដូចជាពួកគេឡើយដូចមានសេចក្ដីចែងទុកថា៖ «ប្រជាជនបានអង្គុយស៊ីផឹកនិងបានក្រោកឡើងលេងសប្បាយ» 8កុំប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទដូចជាពួកគេខ្លះបានប្រព្រឹត្ដហើយមានពីរម៉ឺនបីពាន់នាក់បានដួលស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ 9កុំល្បងនឹងព្រះគ្រិស្ដដូចជាពួកគេខ្លះបានល្បងហើយត្រូវស្លាប់ដោយពស់ចឹក 10កុំរអ៊ូរទាំដូចជាពួកគេខ្លះបានរអ៊ូរទាំហើយត្រូវបានសម្លាប់ដោយមច្ចុរាជនោះឡើយ 11ហេតុការណ៍ទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូនិងត្រូវបានចែងទុកសម្រាប់ការព្រមានដល់យើងដែលរស់នៅសម័យចុងក្រោយនេះ។ 12ដូច្នេះអ្នកដែលស្មានថាខ្លួនឈរមាំមួនហើយចូរប្រយ័ត្នក្រែងលោដួល 13គ្មានសេចក្ដីល្បួងណាកើតឡើងចំពោះអ្នករាល់គ្នាទេក្រៅពីសេចក្ដីល្បួងទូទៅសម្រាប់មនុស្សលោករីឯព្រះជាម្ចាស់ស្មោះត្រង់ព្រះអង្គនឹងមិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំបានឡើយគឺព្រះអង្គនឹងប្រទានផ្លូវចេញនៅពេលមានសេចក្ដីល្បួងដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។ 14ហេតុនេះបងប្អូនជាទីស្រលាញ់របស់ខ្ញុំអើយ! ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបព្រះ។ 15ខ្ញុំនិយាយដូចជានិយាយទៅកាន់មនុស្សឆ្លាតចូរអ្នករាល់គ្នាវិនិច្ឆ័យអំពីអ្វីដែលខ្ញុំនិយាយចុះ 16តើពែងនៃព្រះពរដែលយើងអរព្រះគុណមិនមែនជាការរួមចំណែកក្នុងឈាមរបស់ព្រះគ្រិស្ដទេឬ? តើនំប៉័ងដែលយើងកាច់មិនមែនជាការរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រិស្ដទេឬ? 17ដោយព្រោះនំប៉័ងមានតែមួយនោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយដែរដ្បិតយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។ 18សូមមើលពីជនជាតិអ៊ីស្រាអែលខាងសាច់ឈាមចុះពួកអ្នកដែលបរិភោគតង្វាយយញ្ញបូជាតើមិនមែនជាអ្នករួមចំណែកនៅកន្លែងថ្វាយតង្វាយទេឬ? 19តើខ្ញុំកំពុងនិយាយអំពីអ្វី? តើសំណែនដល់រូបព្រះសំខាន់ឬតើរូបព្រះសំខាន់ឬ? 20ទេខ្ញុំនិយាយអំពីអ្វីដែលពួកគេថ្វាយគឺពួកគេថ្វាយដល់អារក្សមិនមែនដល់ព្រះជាម្ចាស់ទេហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាត្រលប់ជាគូកនរបស់អារក្សឡើយ 21អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផងនិងពីពែងរបស់អារក្សផងបានទេហើយក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផងនិងជាមួយអារក្សផងបានដែរ 22ឬមួយយើងធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? 23ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែនប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែមានប្រយោជន៍ទេហើយខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែនប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែស្អាងឡើងទេ 24ដូច្នេះចូរកុំឲ្យអ្នកណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយប៉ុន្ដែចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ 25ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅផ្សារចុះកុំសួរអ្វីឡើយដោយយល់ដល់មនសិការ 26ដ្បិតផែនដីនិងរបស់សព្វសារពើនៅផែនដីជារបស់ព្រះអម្ចាស់។ 27បើមានអ្នកមិនជឿណាម្នាក់អញ្ជើញអ្នករាល់គ្នាឲ្យទៅបរិភោគហើយអ្នករាល់គ្នាចង់ទៅដែរចូរបរិភោគអ្វីៗទាំងអស់ដែលគេបានដាក់នៅចំពោះមុខអ្នករាល់គ្នាចុះកុំសួរអ្វីឡើយដោយយល់ដល់មនសិការ 28ប៉ុន្ដែបើមានអ្នកណាម្នាក់ប្រាប់អ្នករាល់គ្នាថានេះជាសំណែនដល់រូបព្រះចូរកុំបរិភោគឡើយដោយយល់ដល់អ្នកដែលប្រាប់នោះនិងដោយយល់ដល់មនសិការ 29ខ្ញុំមិននិយាយអំពីមនសិការផ្ទាល់ខ្លួនទេប៉ុន្ដែអំពីមនសិការរបស់អ្នកដទៃវិញតើហេតុអ្វីបានជាមនសិការរបស់អ្នកដទៃវិនិច្ឆ័យសេរីភាពរបស់ខ្ញុំដូច្នេះ? 30បើខ្ញុំចូលរួមបរិភោគដោយអរព្រះគុណហេតុអ្វីបានជាគេនិយាយបង្ខូចខ្ញុំសម្រាប់អ្វីដែលខ្ញុំបានអរព្រះគុណហើយដូច្នេះ? 31ដូច្នេះទោះបីអ្នករាល់គ្នាបរិភោគឬផឹកឬធ្វើអ្វីក៏ដោយចូរធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះ 32សូមកុំឲ្យក្រុមជំនុំរបស់ព្រះជាម្ចាស់ជំពប់ដួលឡើយទាំងជនជាតិយូដានិងជនជាតិក្រេក 33ដ្បិតខ្ញុំក៏ផ្គាប់ចិត្តមនុស្សគ្រប់គ្នានៅក្នុងគ្រប់ការទាំងអស់ដែរទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយគឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ។
Copyright information for
KhmKCB