‏ 1 Corinthians 12

1បងប្អូនអើយ! ​ចំពោះ​សេចក្ដី​ខាងវិញ្ញាណ​ខ្ញុំ​មិនចង់​ឲ្យ​អ្នករាល់គ្នា​នៅ​ល្ងង់ខ្លៅ​ទៀត​ទេ 2អ្នករាល់គ្នាដឹង​ហើយ​ថាកាល​អ្នករាល់គ្នា​ជាសាសន៍ដទៃ​នៅ​ឡើយ​គេ​បាន​នាំអ្នករាល់គ្នាទៅឯរូបព្រះដែលមិន​ចេះ​និយាយ​គឺ​តាម​តែ​គេ​ដឹកនាំ 3ដូច្នេះហើយ​ទើប​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ឲ្យ​ដឹងថា​គ្មាន​អ្នកណា​ម្នាក់​និយាយដោយនូវ​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់ថា​ព្រះ​យេស៊ូ​ត្រូវ​បណ្ដាសារ​ហើយ​បើគ្មាន​ព្រះ​វិញ្ញាណបរិសុទ្ធ​ទេ​ក៏​គ្មាន​អ្នកណា​ម្នាក់អាចនិយាយបានថា​ព្រះ​យេស៊ូជាព្រះអម្ចាស់​ដែរ។ 4មានអំណោយទានផ្សេងៗគ្នា​មែន​ប៉ុន្ដែ​មកពី​ព្រះ​វិញ្ញាណ​តែ​មួយ​ទេ។ 5មានមុខងារ​បម្រើផ្សេងៗគ្នា​មែន​ប៉ុន្ដែ​មកពី​ព្រះអម្ចាស់​តែ​មួយ​ទេ។ 6មានសកម្មភាពផ្សេងៗគ្នា​មែន​ប៉ុន្ដែ​គឺជា​ព្រះជាម្ចាស់​តែ​មួយ​ទេ​ដែលធ្វើការសព្វគ្រប់តាមរយៈ​មនុស្ស​ទាំងអស់ 7ដ្បិតមនុស្ស​ម្នាក់ៗ​បាន​ទទួល​ការ​បើកសំដែងមកពី​ព្រះ​វិញ្ញាណ​សម្រាប់​ជា​ប្រយោជន៍​រួម 8គឺម្នាក់ទទួលបានពាក្យសំដី​ប្រកប​ដោយ​ប្រាជ្ញាតាមរយៈ​ព្រះ​វិញ្ញាណ​ម្នាក់​ទៀត​ទទួលបាន​ពាក្យសំដី​ប្រកប​ដោយ​ចំណេះដឹង​តាមរយៈ​ព្រះ​វិញ្ញាណ​ដដែល 9ម្នាក់ទៀត​ទទួលបាន​ជំនឿហើយ​ម្នាក់​ទៀត​ទទួលបាន​អំណោយទានប្រោសឲ្យជាតាមរយៈ​ព្រះ​វិញ្ញាណដដែល 10ម្នាក់ទៀត​ធ្វើ​ការ​អស្ចារ្យ​ម្នាក់​ទៀតថ្លែងព្រះបន្ទូល​ម្នាក់​ទៀតចេះសំគាល់វិញ្ញាណ​ម្នាក់​ទៀត​និយាយ​ភាសាចម្លែកអស្ចារ្យ​ហើយ​ម្នាក់​ទៀតបកប្រែភាសា​ទាំងនោះ 11ប៉ុន្ដែគឺជា​ព្រះ​វិញ្ញាណតែមួយដដែល​ទេ​ដែល​ធ្វើការទាំងអស់នេះ​ទាំង​ចែកចាយ​ដល់​មនុស្សម្នាក់ៗរៀងៗខ្លួនតាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ 12ដ្បិតដូចដែល​មាន​រូបកាយតែមួយហើយមានអវយវៈច្រើនអវយវៈទាំងឡាយរបស់រូបកាយ​ទោះជា​ច្រើន​មែន​ប៉ុន្ដែ​រួមគ្នា​មក​ជារូបកាយតែមួយ​ទេ​ហើយ​ព្រះ​គ្រិស្ដក៏ដូច្នោះដែរ 13ព្រោះយើងទាំងអស់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹកទៅក្នុងរូបកាយតែមួយ​ដោយសារ​ព្រះ​វិញ្ញាណតែមួយមិនថា​ជនជាតិ​យូដា​ជនជាតិ​ក្រេកមិនថាបាវបម្រើអ្នកមានសេរីភាព​ឡើយ​គឺ​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​ទាំងអស់គ្នាផឹក​ព្រះ​វិញ្ញាណតែមួយ 14ដ្បិតរូបកាយក៏មិនមែនមានអវយវៈតែមួយដែរគឺ​មាន​ច្រើន 15ទោះបីជើងនិយាយថា៖ ​«ខ្ញុំ​មិន​មែន​ជារបស់រូបកាយទេព្រោះ​ខ្ញុំ​មិនមែនជាដៃ» ​ក៏​ជើង​នៅតែ​ជារបស់រូបកាយមិន​ថា​មាន​ហេតុផល​នេះក៏ដោយ 16ហើយទោះបីត្រចៀកនិយាយថា៖ ​«ខ្ញុំ​មិនមែនជារបស់រូបកាយទេព្រោះ​ខ្ញុំ​មិនមែនជាភ្នែក» ​ក៏​ត្រចៀក​នៅតែជារបស់រូបកាយមិន​ថា​មាន​ហេតុផល​នេះក៏ដោយ 17បើរូបកាយទាំងមូលជាភ្នែក​តើ​នឹង​ស្ដាប់ឮ​នៅ​ត្រង់ណា? ​បើ​រូបកាយ​ទាំងមូល​ជា​ច្រចៀក​តើ​នឹង​ស្រង់ក្លិន​នៅ​ត្រង់ណា? 18ប៉ុន្ដែព្រះជាម្ចាស់​បាន​ដាក់អវយវៈនិមួយៗនៅក្នុងរូបកាយ​តាម​ព្រះអង្គ​សព្វ​ព្រះហឫទ័យ 19ហើយបើទាំងអស់ជាអវយវៈតែមួយ​តើ​រូបកាយនៅឯណា? 20ដូច្នេះទោះជា​មាន​អវយវៈច្រើនក៏ដោយក៏រូបកាយតែមួយ 21ហើយភ្នែកមិនអាចនិយាយទៅដៃថា៖ ​«ខ្ញុំ​មិនត្រូវការឯង» ​ក្បាល​និយាយ​ទៅ​ជើង​ថា​«ខ្ញុំ​មិនត្រូវការឯង» ​បាន​ដែរ។ 22ផ្ទុយទៅវិញអវយវៈ​ណា​ដែល​មើលទៅ​ដូចជា​ខ្សោយជាង​គេ​នៅក្នុងរូបកាយ​នោះ​ត្រលប់ជា​សំខាន់​វិញ 23រីឯអវយវៈ​ណាដែល​យើង​គិតថាអាប់ឱនជាង​គេ​នៅក្នុងរូបកាយ​នោះ​យើង​សម្អិតសម្អាង​ឲ្យ​កាន់តែ​ថ្លៃថ្នូរ​ហើយ​អវយវៈ​របស់​យើង​ណា​ដែល​មើលទៅ​មិន​ស្អាត​នោះ​ត្រលប់ជា​កាន់តែ​ស្អាត​ឡើង 24ប៉ុន្ដែអវយវៈ​របស់​យើង​ដែល​ស្អាត​ហើយ​នោះ​មិនត្រូវការ​សម្អិតសម្អាង​ឡើយដ្បិតព្រះជាម្ចាស់​បាន​ផ្គុំរូបកាយឡើង​ដោយ​ប្រទាន​ឲ្យ​មាន​តម្លៃកាន់តែ​វិសេស​ដល់​អវយវៈ​ណា​ដែល​មាន​ការ​ខ្វះខាត 25ដើម្បីកុំ​ឲ្យ​មានការបែកបាក់នៅក្នុងរូបកាយផ្ទុយទៅវិញ​ឲ្យ​អវយវៈ​ទាំងឡាយ​ខ្វល់ខ្វាយចំពោះគ្នា​ទៅ​វិញ​ទៅ​មក 26បើអវយវៈណាមួយឈឺចាប់​នោះ​អវយវៈទាំងអស់​ក៏​ឈឺចាប់​ដែរ​​បើ​អវយវៈណាមួយទទួល​បាន​ការសរសើរ​នោះ​អវយវៈទាំងអស់​ក៏​អរសប្បាយ​ដែរ។ 27អ្នករាល់គ្នាជារូបកាយ​របស់​ព្រះ​គ្រិស្ដហើយ​ជា​អវយវៈតាមផ្នែក​រៀងៗ​ខ្លួន។ 28នៅក្នុងក្រុមជំនុំព្រះជាម្ចាស់​បាន​តាំង​ឲ្យ​មាន​ពួក​សាវកជាមុនទីពីរ​ឲ្យ​មាន​ពួកអ្នកនាំព្រះបន្ទូលទីបី​ឲ្យ​មាន​ពួក​គ្រូបន្ទាប់មក​ឲ្យ​មាន​អ្នក​ធ្វើ​ការ​អស្ចារ្យបន្ទាប់​មក​ទៀតអំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជាអ្នកជំនួយការអ្នកបម្រើការ​និង​អ្នក​និយាយ​ភាសា​ចម្លែកអស្ចារ្យ។ 29តើគ្រប់គ្នាជាសាវក? ​តើគ្រប់គ្នា​ជា​អ្នកនាំព្រះបន្ទូល? ​តើគ្រប់គ្នា​ជា​គ្រូ? ​តើគ្រប់គ្នា​ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ? 30តើគ្រប់គ្នាមានអំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា? ​តើគ្រប់គ្នានិយាយភាសាចម្លែកអស្ចារ្យ? ​តើគ្រប់គ្នាបកប្រែ​ភាសា​ចម្លែកអស្ចារ្យ​? 31ដូច្នេះចូរ​អ្នករាល់គ្នា​សង្វាត​ឲ្យ​បាន​អំណោយទានដែល​ប្រសើរ​ជាង​គេ​ចុះហើយ​ខ្ញុំ​នឹង​បង្ហាញផ្លូវដ៏ប្រសើរបំផុតមួយ​ដល់​អ្នករាល់គ្នា​ទៀត។
Copyright information for KhmKCB