‏ 1 Corinthians 2

1បងប្អូនអើយ! ​កាល​ខ្ញុំ​បាន​មកអ្នករាល់គ្នា​នោះ​ខ្ញុំ​មិន​បាន​មកប្រកាសអំពី​សេចក្ដី​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​ដល់​អ្នករាល់គ្នាដោយពាក្យសំដីដ៏ឧត្ដម​ដោយ​ប្រាជ្ញាឡើយ 2ដ្បិតខ្ញុំ​បាន​សម្រេចចិត្ត​ថា​នៅក្នុងចំណោមអ្នករាល់គ្នា​ខ្ញុំ​មិនស្គាល់អ្វីឡើយក្រៅពី​ព្រះ​យេស៊ូគ្រិស្តដែល​ត្រូវ​គេ​ឆ្កាង 3ហើយខ្ញុំ​បាន​មកនៅ​ជាមួយអ្នករាល់គ្នា​ដោយមាន​សេចក្ដី​កំសោយភ័យខ្លាចនិងញាប់ញ័រក្រៃលែង 4ពាក្យសំដីនិងការ​ប្រកាស​ដំណឹង​ល្អរបស់ខ្ញុំមិន​មែន​ជា​ពាក្យសំដីបញ្ចុះបញ្ចូល​ចេញ​ពី​ប្រាជ្ញាទេគឺ​ជា​ការ​បើកសំដែងតាមរយៈអំណាច​របស់​ព្រះ​វិញ្ញាណវិញ 5ដើម្បីឲ្យ​ជំនឿ​របស់​អ្នករាល់គ្នាមិន​ពឹងផ្អែកលើ​ប្រាជ្ញា​របស់​មនុស្សឡើយគឺ​ពឹងផ្អែកលើ​អំណាច​របស់​ព្រះជាម្ចាស់វិញ 6ប៉ុន្ដែយើង​និយាយ​ដោយ​ប្រាជ្ញានៅក្នុងចំណោម​ពួក​អ្នក​ដែល​ពេញវ័យ​ខាងជំនឿតែមិន​មែន​ជា​ប្រាជ្ញា​របស់​លោកិយនេះរបស់​ពួក​អ្នកគ្រប់គ្រង​នៅ​លោកិយនេះ​ដែល​ត្រូវ​សាបសូន្យឡើយ 7គឺយើង​និយាយ​អំពី​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ជា​សេចក្ដី​អាថ៌កំបាំងលាក់ទុកដែលព្រះជាម្ចាស់​បាន​តម្រូវទុកជាស្រេចតាំងពីមុន​កំណើត​ពិភពលោកសម្រាប់សិរីរុងរឿង​របស់​យើង 8គ្មានអ្នកណា​ម្នាក់​ក្នុងចំណោម​ពួក​អ្នកគ្រប់គ្រងនៃលោកិយនេះ​បាន​យល់​អំពី​ប្រាជ្ញានេះទេព្រោះបើពួកគេយល់​មែន​នោះ​ពួកគេ​មុខជាមិន​បាន​ឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ 9ប៉ុន្តែដូច​មាន​សេចក្ដីចែង​ទុក​ថា៖ ​«អ្វី​ដែលភ្នែកមិន​ដែល​ឃើញត្រចៀកមិនដែលស្ដាប់ហើយចិត្ត​របស់​មនុស្សមិនដែលនឹកដល់​នោះ​ជា​អ្វី​ដែល​ព្រះជាម្ចាស់​បាន​រៀបចំទុកសម្រាប់​ពួក​អ្នក​ដែលស្រលាញ់ព្រះអង្គ» 10ព្រះជាម្ចាស់បាន​បើកសំដែង​ឲ្យ​យើងយល់​ពី​សេចក្ដី​នោះ​តាមរយៈ​ព្រះ​វិញ្ញាណដ្បិត​ព្រះ​វិញ្ញាណឈ្វេងយល់​គ្រប់​ទាំងអស់​សូម្បីតែ​ជម្រៅព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ 11ដ្បិតមានតែវិញ្ញាណនៅក្នុងខ្លួនមនុស្សប៉ុណ្ណោះដែលស្គាល់ចិត្ត​របស់​មនុស្សដូច្នេះក៏​គ្មាន​អ្នក​ណាម្នាក់ស្គាល់ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់បានដែរមានតែព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ប៉ុណ្ណោះ 12យើងវិញ​យើង​មិន​បាន​ទទួលវិញ្ញាណរបស់លោកិយទេគឺ​ទទួល​ព្រះ​វិញ្ញាណមកពីព្រះជាម្ចាស់វិញដើម្បី​ឲ្យ​យើង​ស្គាល់អ្វីៗដែលព្រះជាម្ចាស់​បាន​ប្រទាន​ដល់​យើង 13ហើយយើង​ក៏​និយាយអំពី​សេចក្ដី​ទាំងនោះដែរ​គឺ​មិន​មែន​ដោយពាក្យសំដី​ដែល​បាន​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្សទេគឺដោយ​ពាក្យ​សំដី​ដែល​ព្រះ​វិញ្ញាណ​បាន​បង្រៀនវិញ​ហើយ​ក៏​ប្រៀបធៀប​សេចក្ដី​ខាងវិញ្ញាណ​ជាមួយ​សេចក្ដីខាងវិញ្ញាណ 14ប៉ុន្តែមនុស្សខាងសាច់ឈាមមិនទទួលសេចក្ដីខាង​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់ទេពីព្រោះ​សេចក្ដី​ទាំងនោះ​ជា​សេចក្ដី​លេលា​សម្រាប់​គេហើយ​គេ​ក៏​មិន​អាច​យល់បានដែរដ្បិត​សេចក្ដី​ទាំងនោះ​ត្រូវ​វិនិច្ឆ័យ​ខាង​វិញ្ញាណ 15រីឯមនុស្ស​ខាង​វិញ្ញាណវិនិច្ឆ័យអំពី​សេចក្ដី​គ្រប់យ៉ាងប៉ុន្ដែគាត់​មិន​ត្រូវ​អ្នកណាម្នាក់វិនិច្ឆ័យឡើយ 16ដ្បិតតើ​អ្នក​ណាស្គាល់គំនិត​របស់​ព្រះអម្ចាស់បាន? ​តើ​អ្នក​ណា​នឹង​បង្រៀនព្រះអង្គបាន? ​រីឯយើងវិញ​យើង​មានគំនិត​របស់​ព្រះ​គ្រិស្ដ
Copyright information for KhmKCB