1 Corinthians 8
1ឥឡូវនេះចំពោះសំណែនដល់រូបព្រះយើងដឹងថាយើងចេះដឹងទាំងអស់គ្នាហើយ។ ការចេះដឹងនាំឲ្យអួតខ្លួនប៉ុន្ដែសេចក្ដីស្រលាញ់នាំឲ្យស្អាងចិត្ដ។ 2បើអ្នកណាម្នាក់ស្មានថាខ្លួនចេះអ្វីមួយអ្នកនោះមិនទាន់ចេះតាមដែលខ្លួនត្រូវចេះទេ 3ប៉ុន្ដែបើអ្នកណាស្រលាញ់ព្រះជាម្ចាស់ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។ 4ដូច្នេះចំពោះការបរិភោគសំណែនដល់រូបព្រះគឺយើងដឹងហើយថារូបព្រះនៅក្នុងលោកិយនេះគ្មានបានការអ្វីឡើយហើយយើងដឹងទៀតថាក្រៅពីព្រះជាម្ចាស់គ្មានព្រះឯណាទៀតឡើយ 5ដ្បិតទោះបីជាមានអ្វីៗដែលគេហៅថាព្រះទាំងនៅលើមេឃឬនៅលើដីហើយទោះបីជាមានព្រះច្រើននិងព្រះអម្ចាស់ច្រើនក៏ដោយ 6ក៏យើងមានព្រះជាម្ចាស់តែមួយប៉ុណ្ណោះគឺជាព្រះវរបិតាដែលបានបង្កើតរបស់សព្វសារពើព្រមទាំងយើងដែលសម្រាប់ព្រះអង្គដែរហើយយើងមានព្រះអម្ចាស់យេស៊ូគ្រិស្ដតែមួយប៉ុណ្ណោះដែលរបស់សព្វសារពើបានកើតមកដោយសារព្រះអង្គហើយយើងក៏កើតមកដោយសារព្រះអង្គដែរ 7ប៉ុន្ដែមិនមែនមនុស្សទាំងអស់មានការចេះដឹងបែបនេះទេដ្បិតមានអ្នកខ្លះដោយសារតែធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះបានជាគេបរិភោគសំណែនដល់រូបព្រះដូច្នេះហើយមនសិការទន់ខ្សោយរបស់គេត្រលប់ជាស្មោកគ្រោក។ 8ប៉ុន្ដែអាហារមិនធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ឡើយដ្បិតទោះបីយើងមិនបរិភោគក៏មិនអាក្រក់ជាងមុនហើយបើយើងបរិភោគនោះក៏មិនប្រសើរជាងមុនដែរ 9ប៉ុន្ដែចូរប្រយ័ត្នក្រែងលោសិទ្ធិរបស់អ្នករាល់គ្នានេះត្រលប់ជាធ្វើឲ្យពួកអ្នកទន់ខ្សោយជំពប់ដួលតាមរបៀបណាមួយ 10ដ្បិតបើអ្នកណាឃើញអ្នកជាមនុស្សដែលមានការចេះដឹងកំពុងអង្គុយបរិភោគនៅក្នុងវិហារដែលមានរូបព្រះតើមនសិការទន់ខ្សោយរបស់គេមិនលើកទឹកចិត្តគេឲ្យបរិភោគសំណែនដែរទេឬ? 11ដូច្នេះអ្នកទន់ខ្សោយគឺបងប្អូនដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសនោះត្រូវវិនាសដោយសារការចេះដឹងរបស់អ្នកហើយ។ 12ដោយសារអ្នករាល់គ្នាធ្វើបាបទាស់នឹងបងប្អូនហើយធ្វើឲ្យមនសិការទន់ខ្សោយរបស់ពួកគេរបួសនោះអ្នករាល់គ្នាធ្វើបាបទាស់នឹងព្រះគ្រិស្ដហើយ 13ដូច្នេះបើអាហារណាធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួលខ្ញុំមិនបរិភោគអាហារនោះជារៀងរហូតដើម្បីកុំឲ្យខ្ញុំធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល។
Copyright information for
KhmKCB