Acts 10
1មានបុរសម្នាក់នៅក្នុងក្រុងសេសារាឈ្មោះកូនេលាសជានាយទាហាននៃកងវរសេនាតូចដែលហៅថាពលអ៊ីតាលី 2គាត់និងគ្រួសាររបស់គាត់ទាំងមូលជាអ្នកគោរពប្រណិប័តន៍និងកោតខ្លាចព្រះជាម្ចាស់គាត់ដាក់ទានជាច្រើនដល់ប្រជាជននិងតែងតែអធិស្ឋានដល់ព្រះជាម្ចាស់ជានិច្ច។ 3ថ្ងៃមួយប្រហែលម៉ោងបីរសៀលគាត់បានឃើញទេវតារបស់ព្រះជាម្ចាស់នៅក្នុងសុបិននិមិត្ដយ៉ាងច្បាស់ទេវតានោះបានចូលមកជិតគាត់និយាយថា៖ «កូនេលាសអើយ!» 4គាត់បានសម្លឹងមើលទៅទេវតានោះទាំងភ័យខ្លាចហើយតបថា៖ «ព្រះអម្ចាស់អើយ! តើមានការអ្វីដែរ?» ទេវតាក៏និយាយមកគាត់ថា៖ «សេចក្ដីអធិស្ឋាននិងការដាក់ទានរបស់អ្នកបានឡើងទៅទុកជាសេចក្ដីរំឭកនៅចំពោះព្រះជាម្ចាស់ហើយ។ 5ដូច្នេះចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េហើយអញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក 6ដ្បិតគាត់កំពុងស្នាក់នៅជាមួយអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន។ ផ្ទះរបស់អ្នកនោះនៅក្បែរមាត់សមុទ្រ ▼▼ឯកសារដើមសំខាន់មួយជំនួន គ្មានអត្ថបទនេះទេ។
[គាត់នឹងប្រាប់អ្នកពីការដែលអ្នកត្រូវធ្វើ]»។ 7កាលទេវតាដែលបាននិយាយមកលោកកូនេលាសចេញផុតទៅគាត់ក៏ហៅបាវបម្រើពីរនាក់និងទាហានម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ពីក្នុងចំណោមពួកអ្នកចាំបម្រើគាត់ឲ្យមក។ 8ក្រោយពីបានប្រាប់ពួកគេអំពីហេតុការណ៍ទាំងឡាយរួចហើយគាត់ក៏ចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉េ។ 9នៅថ្ងៃបន្ទាប់នៅពេលអ្នកទាំងនោះកំពុងធ្វើដំណើរទៅជិតដល់ក្រុងនោះលោកពេត្រុសក៏ឡើងទៅលើដំបូលផ្ទះដើម្បីអធិស្ឋាននៅម៉ោងប្រហែលដប់ពីរថ្ងៃត្រង់។ 10គាត់ក៏ឃ្លានហើយចង់បរិភោគណាស់ប៉ុន្ដែពេលពួកគេកំពុងរៀបចំអាហារគាត់ក៏លង់នៅក្នុងសុបិននិមិត្ដ 11ឃើញមេឃបើកចំហមានវត្ថុម្យ៉ាងដូចជាកម្រាលមួយផ្ទាំងយ៉ាងធំដែលត្រូវបានចងជាយជ្រុងទាំងបួនសម្រូតចុះមកដល់ដី។ 12នៅក្នុងកម្រាលនោះមានសត្វជើងបួនសត្វលូនវារនៅលើផែនដីនិងសត្វហើរលើអាកាសគ្រប់ប្រភេទ។ 13ពេលនោះមានសំឡេងមួយនិយាយមកគាត់ថា៖ «ពេត្រុសអើយ! ចូរក្រោកឡើងហើយសម្លាប់យកទៅបរិភោគចុះ!» 14ប៉ុន្ដែលោកពេត្រុសឆ្លើយថា៖ «ទេព្រះអម្ចាស់អើយ! ដ្បិតខ្ញុំមិនដែលបរិភោគអ្វីដែលមិនបរិសុទ្ធឬមិនស្អាតឡើយ» 15សំឡេងនោះបាននិយាយមកគាត់ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយអ្នកមិនត្រូវថាមិនស្អាតឡើយ» 16ហេតុការណ៍នេះបានកើតឡើងបីដងហើយវត្ថុនោះត្រូវបានលើកឡើងទៅលើមេឃវិញភ្លាម។ 17ពេលលោកពេត្រុសកំពុងនឹកឆ្ងល់តែម្នាក់ឯងអំពីសុបិននិមិត្ដដែលគាត់បានឃើញថាមានន័យដូចម្ដេចនោះស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមកដែលក្រោយពីបានសួររកផ្ទះរបស់លោកស៊ីម៉ូនរួចហើយបានឈរនៅមាត់ទ្វារ 18ដោយស្រែកសួរថាតើលោកស៊ីម៉ូនដែលហៅថាពេត្រុសនៅទីនេះដែរឬទេ។ 19ពេលលោកពេត្រុសកំពុងគិតអំពីសុបិននិមិត្ដនោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា៖ «មើល៍មានបុរសបីនាក់កំពុងសួររកអ្នក 20ដូច្នេះចូរក្រោកឡើងចុះទៅក្រោមហើយទៅជាមួយពួកគេចុះកុំរារែកឡើយព្រោះយើងបានចាត់ពួកគេឲ្យមក»។ 21លោកពេត្រុសក៏ចុះមកជួបអ្នកទាំងនោះហើយប្រាប់ពួកគេថា៖ «មើល៍ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងស្វែងរកតើអ្នករាល់គ្នាមកនេះមានការអ្វី?» 22ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហានជាមនុស្សសុចរិតជាអ្នកកោតខ្លាចព្រះជាម្ចាស់និងមានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។ 23ពេលនោះលោកពេត្រុសក៏អញ្ជើញពួកគេឲ្យចូលក្នុងផ្ទះនិងបានឲ្យពួកគេសម្រាក។ នៅថ្ងៃបន្ទាប់គាត់ក៏ក្រោកឡើងចេញដំណើរទៅជាមួយពួកគេទាំងមានបងប្អូនខ្លះពីក្រុងយ៉ុបប៉េរួមដំណើរទៅជាមួយដែរ។ 24នៅថ្ងៃបន្ទាប់ពួកគេក៏ចូលមកដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញបានរង់ចាំពួកគេដោយបានហៅសាច់ញាតិនិងមិត្តជិតស្និទ្ធរបស់គាត់មកជួបជុំគ្នារួចជាស្រេច។ 25ពេលលោកពេត្រុសមកដល់លោកកូនេលាសក៏ចេញមកទទួលទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។ 26ប៉ុន្ដែលោកពេត្រុសលើកគាត់ឡើងទាំងប្រាប់ថា៖ «ចូរក្រោកឡើង! ខ្ញុំក៏ជាមនុស្សដែរ» 27រួចគាត់ក៏ចូលទៅក្នុងបណ្ដើរនិយាយជាមួយលោកកូនេលាសបណ្ដើរហើយក៏ឃើញមនុស្សជាច្រើនបានជួបជុំគ្នាជាស្រេច។ 28ពេលនោះលោកពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថាក្រឹត្យវិន័យហាមមិនឲ្យជនជាតិយូដាសេពគប់ឬសួរសុខទុក្ខសាសន៍ដទៃប៉ុន្ដែព្រះជាម្ចាស់បានបង្ហាញខ្ញុំថាមិនត្រូវថាអ្នកណាម្នាក់មិនបរិសុទ្ធឬមិនស្អាតឡើយ។ 29ហេតុនេះបានជាពេលអ្នករាល់គ្នាហៅខ្ញុំមកខ្ញុំក៏មកដោយឥតប្រកែកដូច្នេះខ្ញុំសូមសួរអ្នករាល់គ្នាថាតើអ្នករាល់គ្នាហៅខ្ញុំមកនេះមានការអ្វីដែរ?» 30លោកកូនេលាសក៏ប្រាប់ថា៖ «កាលពីបួនថ្ងៃមុនម៉ោងប្រហែលថ្មើរនេះពេលខ្ញុំកំពុងអធិស្ឋានក្នុងផ្ទះរបស់ខ្ញុំនៅម៉ោងបីរសៀលស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ភ្លឺចិញ្ចាចឈរនៅចំពោះមុខខ្ញុំ 31ហើយនិយាយមកខ្ញុំថាកូនេលាសអើយ! ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់អ្នកហើយក៏បាននឹកចាំការដាក់ទានរបស់អ្នកដែរ 32ដូច្នេះចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមកដ្បិតគាត់កំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូនជាអ្នកសម្លាប់ស្បែកដែលនៅក្បែរមាត់សមុទ្រ។ 33ដូច្នេះខ្ញុំក៏ចាត់គេឲ្យទៅអញ្ជើញលោកភ្លាមហើយជាការប្រសើរណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះយើងទាំងអស់គ្នាកំពុងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់សេចក្ដីទាំងឡាយដែលព្រះអម្ចាស់បានបង្គាប់មកលោក»។ 34លោកពេត្រុសចាប់ផ្ដើមនិយាយថា៖ «ឥឡូវនេះខ្ញុំយល់ច្បាស់ហើយថាព្រះជាម្ចាស់មិនមែនជាព្រះដែលលំអៀងទេ 35គឺនៅក្នុងចំណោមជនជាតិទាំងអស់អ្នកណាក៏ដោយដែលកោតខ្លាចព្រះអង្គហើយប្រព្រឹត្ដអំពើសុចរិតព្រះអង្គទទួលយកអ្នកនោះ។ 36អ្នករាល់គ្នាដឹងហើយថាព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់កូនចៅអ៊ីស្រាអែលបានប្រកាសប្រាប់អំពីដំណឹងល្អនៃសេចក្ដីសុខសាន្ដតាមរយៈព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់លើទាំងអស់ 37គឺអំពីហេតុការណ៍ដែលបានកើតឡើងពាសពេញស្រុកយូដាទាំងមូលចាប់តាំងពីស្រុកកាលីឡេទៅគឺនៅក្រោយដែលលោកយ៉ូហានបានប្រកាសអំពីពិធីជ្រមុជទឹក 38គឺអំពីព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលព្រះជាម្ចាស់បានតាំងព្រះអង្គឡើងដោយព្រះវិញ្ញាណបរិសុទ្ធនិងអំណាចព្រមទាំងអំពីរបៀបដែលព្រះយេស៊ូបានយាងទៅធ្វើការល្អនិងបានប្រោសអស់អ្នកដែលមានអារក្សសង្កត់សង្កិនឲ្យបានជាព្រោះព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ 39រីឯយើងគឺជាសាក្សីអំពីហេតុការណ៍ទាំងឡាយដែលព្រះយេស៊ូបានធ្វើទាំងនៅក្នុងស្រុករបស់ជនជាតិយូដានិងក្នុងក្រុងយេរូសាឡិម។ ពួកគេបានសម្លាប់ព្រះអង្គដោយព្យួរព្រះអង្គនៅលើឈើឆ្កាង។ 40ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញនៅថ្ងៃទីបីព្រមទាំងប្រោសប្រទានឲ្យគេមើលឃើញព្រះអង្គ 41មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេគឺសម្រាប់តែពួកសាក្សីដែលព្រះជាម្ចាស់បានជ្រើសរើសជាមុនប៉ុណ្ណោះនោះគឺយើងនេះហើយដែលបានបរិភោគនិងបានផឹកជាមួយព្រះអង្គក្រោយពេលព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។ 42ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់មនុស្សនិងឲ្យធ្វើទីបន្ទាល់ថាគឺព្រះអង្គនេះហើយដែលព្រះជាម្ចាស់បានតែងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់និងមនុស្សស្លាប់ 43អ្នកនាំព្រះបន្ទូលទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថាដោយសារព្រះនាមរបស់ព្រះអង្គអស់អ្នកដែលជឿលើព្រះអង្គនឹងទទួលបានការលើកលែងទោសបាប»។ 44ពេលលោកពេត្រុសកំពុងនិយាយអំពីសេចក្ដីទាំងនេះនៅឡើយនោះព្រះវិញ្ញាណបរិសុទ្ធក៏មកសណ្ឋិតលើអ្នកទាំងអស់ដែលកំពុងស្ដាប់ព្រះបន្ទូល 45ដូច្នេះអ្នកជឿទាំងឡាយក្នុងចំណោមពួកអ្នកកាត់ស្បែកដែលមកជាមួយលោកពេត្រុសបានស្ញប់ស្ញែងជាខ្លាំងព្រោះព្រះជាម្ចាស់ក៏ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់សាសន៍ដទៃដែរ 46ដ្បិតពួកគេបានឮអ្នកទាំងនោះនិយាយភាសាចម្លែកអស្ចារ្យទាំងលើកតម្កើងព្រះជាម្ចាស់។ នោះលោកពេត្រុសនិយាយថា៖ 47«តើមាននរណាអាចរារាំងអ្នកទាំងនេះដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងមិនឲ្យទទួលពិធីជ្រមុជទឹកបាន?» 48ហើយគាត់ក៏បង្គាប់ពួកគេឲ្យទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់មកពួកគេក៏សុំឲ្យគាត់ស្នាក់នៅជាច្រើនថ្ងៃទៀត។
Copyright information for
KhmKCB