Acts 12
1នៅគ្រានោះស្ដេចហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងចំណោមពួកអ្នកនៅក្នុងក្រុមជំនុំ។ 2ស្ដេចបានសម្លាប់លោកយ៉ាកុបជាបងរបស់លោកយ៉ូហានដោយដាវ។ 3ពេលស្ដេចយល់ឃើញថាការនេះពេញចិត្ដដល់ជនជាតិយូដាស្ដេចក៏ចាប់លោកពេត្រុសទៀត។ ហេតុការណ៍នេះបានកើតឡើងក្នុងពេលបុណ្យនំបុ័ងឥតមេ។ 4ក្រោយពីស្ដេចបានចាប់លោកពេត្រុសរួចក៏យកទៅដាក់គុកហើយប្រគល់គាត់ឲ្យទាហានបួនក្រុមយាមគឺមួយក្រុមមានគ្នាបួននាក់ដ្បិតស្ដេចមានបំណងនាំគាត់ទៅដាក់នៅចំពោះមុខបណ្ដាជនក្រោយពីបុណ្យរំលង 5ដូច្នេះគេក៏ឃុំលោកពេត្រុសទុកនៅក្នុងគុកប៉ុន្ដែក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្ដដល់ព្រះជាម្ចាស់សម្រាប់គាត់។ 6នៅយប់ដែលស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុសចេញមកគឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ទាំងមានច្រវាក់ពីរខ្សែចងជាប់ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក 7ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានចូលមកជិតហើយពន្លឺបានចែងចាំងនៅក្នុងបន្ទប់ឃុំឃាំងទេវតានោះបានអង្រួនលោកពេត្រុសពីចំហៀងឲ្យគាត់ភ្ញាក់ឡើងដោយនិយាយថា៖ «ចូរក្រោកឡើងជាប្រញាប់!» ពេលនោះច្រវាក់បានរបូតចេញពីដៃរបស់គាត់។ 8ទេវតានោះប្រាប់លោកពេត្រុសថា៖ «ចូរក្រវាត់ចង្កេះហើយពាក់ស្បែកជើងទៅ» គាត់ក៏ធ្វើតាមរួចទេវតានោះក៏ប្រាប់គាត់ទៀតថា៖ «ចូរពាក់អាវហើយមកតាមខ្ញុំចុះ» 9ដូច្នេះគាត់ក៏ចេញទៅហើយដើរតាមទេវតានោះប៉ុន្ដែគាត់មិនបានដឹងថាហេតុការណ៍ដែលកំពុងកើតឡើងតាមរយៈទេវតានេះគឺជាការពិតទេព្រោះគាត់ស្មានថាគាត់ឃើញក្នុងសុបិននិមិត្ដ។ 10ពេលឆ្លងកាត់កន្លែងយាមទីមួយនិងកន្លែងយាមទីពីររួចហើយពួកគេក៏មកដល់ទ្វារដែកឆ្ពោះទៅក្រុងដែលបានបើកដោយឯងៗសម្រាប់ពួកគេ។ ដូច្នេះពួកគេក៏ចេញទៅហើយបន្ដដំណើរតាមផ្លូវមួយរីឯទេវតាក៏ចាកចេញពីគាត់ភ្លាមទៅ។ 11ពេលលោកពេត្រុសដឹងខ្លួនគាត់ក៏និយាយថា៖ «ឥឡូវនេះខ្ញុំដឹងប្រាកដថាព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គឲ្យមកហើយរំដោះខ្ញុំពីដៃរបស់ស្ដេចហេរ៉ូឌនិងពីការប៉ុនប៉ងទាំងឡាយរបស់ជនជាតិយូដា»។ 12ក្រោយពីយល់ហេតុការណ៍នេះហើយគាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារាជាម្ដាយរបស់លោកយ៉ូហានដែលហៅថាម៉ាកុសជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។ 13ពេលលោកពេត្រុសគោះទ្វារនៅច្រកចូលក៏មានស្ដ្រីបម្រើម្នាក់ឈ្មោះរ៉ូដាបានចូលទៅជិតដើម្បីស្ដាប់ 14ក្រោយពីស្គាល់ថាជាសំឡេងរបស់លោកពេត្រុសនាងត្រេកអរណាស់នាងមិនបានបើកទ្វារទេបែរជារត់ទៅក្នុងប្រាប់គេថាលោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។ 15ពួកគេប្រាប់នាងថា៖ «អ្នករវើរវាយហើយ!» ប៉ុន្ដែនាងនៅតែអះអាងបែបដូច្នេះ។ ពួកគេក៏ប្រាប់នាងទៀតថា៖ «នោះជាទេវតារបស់គាត់ទេ» 16រីឯលោកពេត្រុសនៅតែបន្ដគោះទ្វារដូច្នេះពួកគេក៏បើកទ្វារហើយកាលបានឃើញគាត់ពួកគេងឿងឆ្ងល់ណាស់។ 17ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយគាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុបនិងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។ 18លុះភ្លឺឡើងមានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមពួកទាហានអំពីការបាត់ខ្លួនរបស់លោកពេត្រុស 19កាលស្ដេចហេរ៉ូឌតាមរកលោកពេត្រុសមិនឃើញស្ដេចក៏សួរចម្លើយពួកអ្នកយាមរួចបញ្ជាឲ្យគេយកពួកអ្នកយាមទៅសម្លាប់ចោលបន្ទាប់មកស្ដេចក៏ចាកចេញពីស្រុកយូដាទៅក្រុងសេសារាហើយស្នាក់នៅទីនោះ។ 20នៅគ្រានោះស្ដេចហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុសនិងប្រជាជនក្រុងស៊ីដូនយ៉ាងខ្លាំងដូច្នេះអ្នកទាំងនោះបានព្រមព្រៀងគ្នាមកជួបស្ដេចក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុសជាមន្ដ្រីរក្សាដំណាក់ស្ដេចរួចមក។ ពួកគេបានសុំឲ្យមានសន្ដិភាពពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។ 21កាលដល់ថ្ងៃកំណត់ហើយស្ដេចហេរ៉ូឌក៏ស្លៀកសម្លៀកបំពាក់ស្ដេចអង្គុយលើបល្ល័ង្កហើយប្រកាសទៅពួកគេ 22ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់មិនមែនមនុស្សឡើយ!» 23រំពេចនោះទេវតារបស់ព្រះអម្ចាស់ក៏វាយប្រហារស្ដេចគឺស្ដេចត្រូវដង្កូវចោះស្លាប់ព្រោះមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ 24រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏រីកសុះសាយច្រើនឡើង។ 25លោកបារណាបាសនិងលោកសុលក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់ហើយពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញទាំងយកលោកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយផង។
Copyright information for
KhmKCB