Acts 13
1នៅក្នុងក្រុមជំនុំនៅក្រុងអាន់ទីយ៉ូកមានពួកអ្នកនាំព្រះបន្ទូលនិងពួកគ្រូបង្រៀនគឺមានលោកបារណាបាសលោកស៊ីមានដែលហៅថានីគើរលោកលូគាសជាអ្នកក្រុងគីរេនលោកសុលនិងលោកម៉ាណាអេនជាបងប្អូនចិញ្ចឹមរបស់ហេរ៉ូឌជាស្ដេចត្រាញ់។ 2ពេលអ្នកទាំងនោះកំពុងបម្រើព្រះអម្ចាស់ទាំងតមអាហារនោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាសនិងសុលឲ្យខ្ញុំសម្រាប់កិច្ចការដែលខ្ញុំហៅពួកគេឲ្យធ្វើ» 3បន្ទាប់ពីបានតមអាហារអធិស្ឋាននិងដាក់ដៃលើអ្នកទាំងពីររួចហើយពួកគេក៏ចាត់អ្នកទាំងពីរនោះឲ្យចេញទៅ។ 4ដូច្នេះពួកគាត់ក៏ចេញទៅតាមដែលព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅហើយក៏ចុះទៅក្រុងសេលើស៊ារួចបានចេញពីក្រុងនោះចុះសំពៅទៅកោះគីប្រុស 5ពេលទៅដល់ក្រុងសាឡាមីនពួកគាត់បានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដាព្រមទាំងមានលោកយ៉ូហានជាអ្នកជំនួយរបស់ពួកគាត់ដែរ។ 6ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់កោះនោះទាំងមូលរហូតដល់ក្រុងប៉ាផុសពួកគាត់បានជួបគ្រូមន្ដអាគមជាជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូជាអ្នកនាំព្រះបន្ទូលក្លែងក្លាយ 7ដែលបាននៅជាមួយលោកអភិបាលម្នាក់ឈ្មោះស៊ើរគាសប៉ូឡូសជាមនុស្សដ៏ឈ្លាសវៃលោកអភិបាលនោះបានអញ្ជើញលោកបារណាបាសនិងលោកសុលឲ្យមកជួបព្រោះគាត់ចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ 8ប៉ុន្ដែគ្រូមន្ដអាគមអេលីម៉ាស់(ដ្បិតឈ្មោះរបស់គាត់ប្រែថាដូច្នេះ)បានប្រឆាំងពួកគាត់ដោយខិតខំបង្វែរលោកអភិបាលចេញពីជំនឿ 9ប៉ុន្ដែលោកសុលដែលហៅថាប៉ូលគាត់ពេញដោយព្រះវិញ្ញាណបរិសុទ្ធហើយសម្លឹងមើលអ្នកនោះ 10រួចនិយាយថា៖ «នែកូនអារក្សសាតាំងដែលពេញដោយសេចក្ដីបោកប្រាស់និងល្បិចកលគ្រប់បែបយ៉ាងនិងជាសត្រូវនៃសេចក្ដីសុចរិតទាំងឡាយអើយ! តើអ្នកមិនព្រមឈប់បង្វែរផ្លូវទៀងត្រង់របស់ព្រះអម្ចាស់ទេឬ? 11មើល៍ឥឡូវនេះព្រះហស្ដរបស់ព្រះអម្ចាស់បានទាស់នឹងអ្នកហើយអ្នកនឹងត្រូវខ្វាក់មួយរយៈមើលមិនឃើញពន្លឺថ្ងៃទេ» ស្រាប់តែអ្នកនោះចាប់ផ្ដើមព្រិលភ្នែកហើយងងឹតមើលលែងឃើញរួចដើររាវរកគេឲ្យនាំផ្លូវគាត់។ 12ក្រោយពីបានឃើញហេតុការណ៍នេះកើតឡើងលោកអភិបាលក៏ជឿហើយមានសេចក្ដីអស្ចារ្យចំពោះសេចក្ដីបង្រៀនអំពីព្រះអម្ចាស់។ 13លោកប៉ូលនិងគូកនរបស់គាត់បានចុះសំពៅចេញពីក្រុងប៉ាផុសមកដល់ក្រុងពើកាក្នុងស្រុកប៉ាមភីលា។ នៅពេលនោះលោកយ៉ូហានបានចាកចេញពីពួកគាត់ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញ 14ប៉ុន្ដែពួកគាត់បានធ្វើដំណើរបន្ដពីក្រុងពើកាមកដល់ក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីឌារួចពួកគាត់បានចូលទៅអង្គុយក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ។ 15បន្ទាប់ពីអានគម្ពីរវិន័យនិងគម្ពីរអ្នកនាំព្រះបន្ទូលរួចហើយប្រធានសាលាប្រជុំបានចាត់គេឲ្យប្រាប់អ្នកទាំងពីរនោះថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជនសូមនិយាយមកចុះ»។ 16ដូច្នេះលោកប៉ូលក៏ក្រោកឡើងទាំងលើកដៃជាសញ្ញាហើយនិយាយថា៖ «ឱជនជាតិអ៊ីស្រាអែលនិងពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! សូមស្ដាប់ចុះ! 17ព្រះរបស់ជនជាតិអ៊ីស្រាអែលនេះបានជ្រើសរើសដូនតារបស់យើងហើយបានលើកតម្កើងជនជាតិនេះនៅពេលពួកគេស្នាក់នៅស្រុកអេស៊ីព្ទនៅឡើយរួចព្រះអង្គបាននាំពួកគេចេញពីស្រុកនោះដោយព្រះហស្ដដ៏មានអំណាច។ 18ព្រះអង្គបានទ្រាំទ្រនឹងពួកគេនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ 19ហើយក្រោយពីបានបំផ្លាញជនជាតិទាំងប្រាំពីរក្នុងស្រុកកាណានរួចព្រះអង្គក៏ប្រគល់ស្រុកនោះដល់ពួកគេទុកជាមរតក។ 20ហេតុការណ៍ទាំងនោះបានកើតឡើងប្រហែលបួនរយហាសិបឆ្នាំ។ ក្រោយមកព្រះអង្គបានប្រទានពួកចៅហ្វាយដល់ពួកគេរហូតដល់ជំនាន់លោកសាំយូអែលដែលជាអ្នកនាំព្រះបន្ទូល។ 21បន្ទាប់មកគេបានសុំឲ្យមានស្ដេចដូច្នេះព្រះជាម្ចាស់ក៏ប្រទានសូលជាកូនលោកគីសមកពីកុលសម្ព័ន្ធបេនយ៉ាមីនឲ្យធ្វើជាស្ដេចរបស់ពួកគេសែសិបឆ្នាំ។ 22បន្ទាប់ពីព្រះអង្គដកស្ដេចសូលចេញព្រះអង្គបានលើកដាវីឌឲ្យធ្វើជាស្ដេចរបស់ពួកគេទាំងមានបន្ទូលសរសើរអំពីស្ដេចដាវីឌថាយើងរកបានដាវីឌជាកូនរបស់អ៊ីសាយគឺជាមនុស្សគាប់ចិត្ដយើងណាស់ហើយធ្វើតាមបំណងរបស់យើងទាំងអស់។ 23តាមរយៈពូជពង្សស្ដេចនេះហើយដែលព្រះអម្ចាស់បានបញ្ជូនព្រះយេស៊ូជាព្រះអង្គសង្គ្រោះឲ្យជនជាតិអ៊ីស្រាអែលតាមសេចក្ដីសន្យា។ 24មុនពេលព្រះអង្គយាងមកលោកយ៉ូហានបានប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់អំពីពិធីជ្រមុជទឹកដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ត។ 25កាលលោកយ៉ូហានកំពុងបញ្ចប់ភារកិច្ចរបស់គាត់គាត់បាននិយាយថាតើបងប្អូនស្មានថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេប៉ុន្ដែមើល៍ព្រះអង្គដែលយាងមកក្រោយខ្ញុំនោះខ្ញុំមិនស័ក្ដិសមស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង។ 26ឱបងប្អូនជាកូនចៅពូជពង្សរបស់លោកអ័ប្រាហាំនិងបងប្អូននៅក្នុងចំណោមពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានបញ្ជូនព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះមកយើងហើយ។ 27ដ្បិតពួកអ្នករស់នៅក្នុងក្រុងយេរូសាឡិមនិងពួកអ្នកដឹកនាំរបស់ពួកគេមិនបានទទួលស្គាល់ព្រះយេស៊ូនិងពាក្យរបស់ពួកអ្នកនាំព្រះបន្ទូលដែលបានអានរៀងរាល់ថ្ងៃសប្ប័ទទេពួកគេបានសម្រេចសេចក្ដីទាំងនេះដោយបានធ្វើទោសព្រះយេស៊ូ 28ហើយទោះបីពួកគេរកហេតុសម្លាប់ព្រះអង្គមិនបានក៏ដោយក៏ពួកគេសុំលោកពីឡាត់ឲ្យសម្លាប់ព្រះអង្គដែរ។ 29កាលពួកគេបានសម្រេចសេចក្ដីទាំងឡាយដែលបានចែងទុកអំពីព្រះអង្គរួចហើយពួកគេក៏ដាក់ព្រះអង្គចុះពីលើឈើឆ្កាងហើយបញ្ចុះនៅក្នុងផ្នូរ 30ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ 31ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យពួកអ្នកដែលបានធ្វើដំណើរជាមួយព្រះអង្គពីស្រុកកាលីឡេទៅឯក្រុងយេរូសាឡិមឃើញជាច្រើនថ្ងៃគឺអ្នកទាំងនេះហើយជាសាក្សីរបស់ព្រះអង្គដល់បណ្ដាជននៅសព្វថ្ងៃនេះ។ 32ដូច្នេះយើងកំពុងប្រកាសប្រាប់អ្នករាល់គ្នាអំពីសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើងនោះ 33ថាព្រះជាម្ចាស់បានសម្រេចសេចក្ដីសន្យានេះដល់យើងជាកូនចៅរបស់ពួកគាត់ដោយប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញដូចមានសេចក្ដីចែងទុកនៅក្នុងទំនុកតម្កើងជំពូកទីពីរថាអ្នកជាកូនរបស់យើងយើងបានបង្កើតអ្នកនៅថ្ងៃនេះ 34ហើយការដែលព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យរស់ពីការសោយទិវង្គតឡើងវិញដោយមិនឲ្យត្រលប់ទៅឯសេចក្ដីពុករលួយទៀតនោះព្រះអង្គបានមានបន្ទូលយ៉ាងដូច្នេះថាយើងនឹងប្រទានសេចក្ដីមេត្ដាករុណាស្មោះត្រង់ដែលបានសន្យាជាមួយដាវីឌដល់អ្នករាល់គ្នា។ 35ដូច្នេះហើយព្រះជាម្ចាស់មានបន្ទូលនៅក្នុងទំនុកតម្កើងផ្សេងទៀតដែរថាព្រះអង្គមិនបណ្ដោយឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គជួបសេចក្ដីពុករលួយឡើយ។ 36ដ្បិតស្ដេចដាវីឌពេលបានបម្រើនៅក្នុងជំនាន់របស់ខ្លួនតាមបំណងរបស់ព្រះជាម្ចាស់រួចហើយស្ដេចក៏ស្លាប់ទៅហើយគេបានបញ្ចុះសពស្ដេចនៅជាមួយដូនតារួចបានជួបនឹងសេចក្ដីពុករលួយ 37ប៉ុន្ដែព្រះមួយអង្គដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញនោះមិនបានជួបសេចក្ដីពុករលួយទេ។ 38ដូច្នេះបងប្អូនអើយ! សូមយល់អំពីសេចក្ដីនេះថាតាមរយៈព្រះយេស៊ូការលើកលែងទោសបាបត្រូវបានប្រកាសប្រាប់អ្នករាល់គ្នា 39ហើយដោយសារព្រះអង្គអស់អ្នកដែលជឿក៏បានរាប់ជាសុចរិតពីគ្រប់ការទាំងអស់ដែលតាមគម្ពីរវិន័យរបស់លោកម៉ូសេអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានឡើយ។ 40ដូច្នេះចូរប្រយ័ត្នកុំឲ្យសេចក្ដីដែលបានថ្លែងទុកតាមរយៈពួកអ្នកនាំព្រះបន្ទូលកើតមានដល់អ្នករាល់គ្នាឡើយគឺថា 41ឱពួកអ្នកមើលងាយអើយ! ចូរវិនាសទាំងងឿងឆ្ងល់ចុះដ្បិតយើងកំពុងធ្វើការមួយនៅក្នុងជំនាន់អ្នករាល់គ្នាជាការដែលអ្នករាល់គ្នាមិនជឿឡើយទោះបីមានអ្នកណាប្រកាសប្រាប់អ្នករាល់គ្នាក៏ដោយ»។ 42កាលលោកប៉ូលនិងលោកបារណាបាសចេញពីសាលាប្រជុំពួកគេបានអង្វរពួកគាត់ឲ្យនិយាយអំពីសេចក្ដីទាំងនេះប្រាប់ពួកគេនៅថ្ងៃសប្ប័ទក្រោយទៀត។ 43នៅពេលដែលគេរំសាយការជួបប្រជុំនោះមានពួកជនជាតិយូដានិងពួកអ្នកចូលសាសនាយូដាជាច្រើនដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់បានដើរតាមលោកប៉ូលនិងលោកបារណាបាសអ្នកទាំងពីរបាននិយាយដាស់តឿនពួកគេឲ្យនៅខ្ជាប់ខ្ជួនក្នុងព្រះគុណរបស់ព្រះជាម្ចាស់។ 44លុះដល់ថ្ងៃសប្ប័ទក្រោយអ្នកក្រុងស្ទើរតែទាំងអស់បានមកជួបជុំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ 45ប៉ុន្ដែពេលពួកជនជាតិយូដាឃើញមនុស្សកុះករដូច្នេះពួកគេក៏ពេញដោយសេចក្ដីច្រណែនហើយនិយាយប្រឆាំងសេចក្ដីទាំងឡាយដែលលោកប៉ូលបាននិយាយទាំងប្រមាថគាត់ទៀតផង។ 46ដូច្នេះលោកប៉ូលនិងលោកបារណាបាសក៏និយាយយ៉ាងក្លាហានថា៖ «យើងត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នាមុនគេប៉ុន្ដែដោយសារអ្នករាល់គ្នាបដិសេធហើយយល់ឃើញថាខ្លួនមិនស័ក្ដិសមទទួលយកជីវិតអស់កល្បជានិច្ចដូច្នេះមើល៍យើងបែរទៅរកសាសន៍ដទៃវិញ 47ដ្បិតព្រះអម្ចាស់បានបង្គាប់យើងយ៉ាងដូច្នេះថាយើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃដើម្បីឲ្យអ្នកនាំយកសេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី»។ 48ពេលសាសន៍ដទៃឮសេចក្ដីនេះក៏ត្រេកអរហើយសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់រីឯអស់អ្នកដែលព្រះជាម្ចាស់បានកំណត់ឲ្យមានជីវិតអស់កល្បក៏ជឿ 49ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ឮពាសពេញតំបន់នោះទាំងមូល 50ប៉ុន្ដែពួកជនជាតិយូដាបានញុះញង់ពួកស្ដ្រីមានមុខមាត់ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់និងពួកអ្នកដឹកនាំនៅក្នុងក្រុងនោះពួកគេក៏លើកគ្នាបៀតបៀនលោកប៉ូលនិងលោកបារណាបាសហើយបណ្ដេញពួកគាត់ចេញពីទឹកដីរបស់ពួកគេ។ 51ដូច្នេះពួកគាត់ក៏រលាស់ធូលីដីចេញពីជើងទាស់នឹងពួកគេរួចបានធ្វើដំណើរទៅក្រុងអ៊ីកូនាម 52រីឯពួកសិស្សបានពេញដោយអំណរនិងព្រះវិញ្ញាណបរិសុទ្ធ។
Copyright information for
KhmKCB