Acts 14
1នៅក្រុងអ៊ីកូនាមពួកគាត់នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដាហើយនិយាយដូចមុនធ្វើឲ្យមនុស្សច្រើនកុះករជឿមានទាំងជនជាតិយូដានិងជនជាតិក្រេក 2ប៉ុន្ដែពួកជនជាតិយូដាដែលមិនព្រមជឿបានញុះញង់ពួកសាសន៍ដទៃឲ្យមានគំនិតអាក្រក់នឹងពួកបងប្អូន។ 3ទោះជាយ៉ាងណាក្ដីពួកគាត់បានស្នាក់នៅទីនោះជាយូរថ្ងៃទាំងប្រកាសយ៉ាងក្លាហានដោយពឹងអាងលើព្រះអម្ចាស់ដែលបានបញ្ជាក់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដោយប្រទានទីសំគាល់និងការអស្ចារ្យផ្សេងៗឲ្យកើតឡើងតាមរយៈដៃរបស់ពួកគាត់។ 4ដូច្នេះហើយបណ្ដាជននៅក្រុងនោះបានបែកបាក់គ្នាអ្នកខ្លះនៅខាងជនជាតិយូដាអ្នកខ្លះទៀតនៅខាងពួកសាវក។ 5កាលពួកជនជាតិយូដានិងពួកសាសន៍ដទៃព្រមទាំងពួកមេដឹកនាំរបស់ពួកគេឃុបឃិតគ្នាចង់ធ្វើបាបនិងគប់ពួកគាត់នឹងដុំថ្ម 6ពេលពួកគាត់ដឹងក៏ភៀសខ្លួនទៅក្រុងដទៃទៀតក្នុងស្រុកលូកៅនាដូចជាក្រុងលីស្ដ្រាក្រុងឌើបេនិងតំបន់ជុំវិញ 7ហើយពួកគាត់បានប្រកាសដំណឹងល្អនៅទីនោះ។ 8នៅក្រុងលីស្ដ្រាមានបុរសម្នាក់ពិការជើងកំពុងអង្គុយគាត់ខ្វិនពីកំណើតមិនដែលដើរបានឡើយ។ 9ពេលលោកប៉ូលកំពុងនិយាយបុរសនោះបានស្ដាប់ហើយលោកប៉ូលក៏សម្លឹងមើលគាត់ពេលឃើញថាគាត់មានជំនឿនឹងប្រោសឲ្យជាបាន 10ក៏និយាយខ្លាំងៗថា៖ «ចូរក្រោកឈរឡើង!» គាត់ក៏ស្ទុះឡើងហើយដើរបាន។ 11ពេលបណ្ដាជនបានឃើញអ្វីដែលលោកប៉ូលបានធ្វើពួកគេក៏ស្រែកជាភាសាលូកៅនាថា៖ «ពួកព្រះបានប្រែខ្លួនជាមនុស្សចុះមករកយើងហើយ!» 12ពេលនោះគេហៅលោកបារណាបាសថាព្រះសេយូសហើយហៅលោកប៉ូលថាព្រះហ៊ើមេសព្រោះគាត់ជាអ្នកនាំមុខក្នុងការនិយាយ។ 13បន្ទាប់មកសង្ឃរបស់ព្រះសេយូសដែលមានវិហារនៅចំមុខក្រុងនោះបានយកគោឈ្មោលនិងកម្រងផ្កាមកឯទ្វារក្រុងដោយមានបំណងថ្វាយយញ្ញបូជាជាមួយបណ្ដាជន។ 14ប៉ុន្ដែពេលសាវកបារណាបាសនិងសាវកប៉ូលបានឮដំណឹងនេះពួកគាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួនហើយរត់ចូលទៅក្នុងចំណោមមហាជនទាំងស្រែក 15ថា៖ «បងប្អូនអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរយើងនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតប្រយោជន៍ទាំងនេះមកឯព្រះដ៏មានព្រះជន្មរស់វិញជាព្រះដែលបានបង្កើតផ្ទៃមេឃផែនដីសមុទ្រនិងរបស់សព្វសារពើរដែលនៅក្នុងនោះ។ 16កាលពីជំនាន់មុនព្រះអង្គបានបណ្ដោយឲ្យជនជាតិទាំងអស់ទៅតាមផ្លូវរបស់ពួកគេរៀងៗខ្លួន 17ប៉ុន្ដែព្រះអង្គមិនមែនមិនបានឲ្យទីបន្ទាល់អំពីព្រះអង្គឡើយគឺព្រះអង្គផ្ដល់ព្រះគុណដោយប្រទានភ្លៀងពីលើមេឃនិងរដូវបង្កើតផលព្រមទាំងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នាបានស្កប់ស្កល់ដោយអាហារនិងអំណរ»។ 18ក្រោយពីនិយាយសេចក្ដីទាំងនេះរួចហើយពួកគាត់ក៏បញ្ឈប់បណ្ដាជនមិនឲ្យថ្វាយយញ្ញបូជាដល់ពួកគាត់យ៉ាងពិបាក។ 19ពេលនោះពួកជនជាតិយូដាដែលមកពីក្រុងអាន់ទីយ៉ូកនិងក្រុងអ៊ីកូនាមបានបញ្ចុះបញ្ចូលបណ្ដាជនហើយបានគប់លោកប៉ូលនឹងដុំថ្ម។ បន្ទាប់មកពួកគេក៏អូសគាត់យកចេញទៅក្រៅក្រុងព្រោះស្មានថាគាត់ស្លាប់ហើយ 20ប៉ុន្ដែពេលពួកសិស្សមកចោមរោមគាត់គាត់ក៏ក្រោកឡើងហើយចូលទៅក្នុងក្រុងវិញ។ នៅថ្ងៃបន្ទាប់គាត់ក៏ចេញដំណើរជាមួយលោកបារណាបាសទៅក្រុងឌើបេ។ 21ក្រោយពីពួកគាត់បានប្រកាសដំណឹងល្អនៅក្រុងនោះនិងបានបង្កើតសិស្សជាច្រើនរួចហើយពួកគាត់ក៏ត្រលប់ទៅក្រុងលីស្ដ្រាក្រុងអ៊ីកូនាមនិងក្រុងអាន់ទីយ៉ូកវិញ 22ហើយពង្រឹងចិត្ដរបស់ពួកសិស្សនិងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។ 23ពេលពួកគាត់បានតែងតាំងឲ្យមានពួកចាស់ទុំសម្រាប់ពួកគេនៅគ្រប់ក្រុមជំនុំព្រមទាំងអធិស្ឋានដោយតមអាហាររួចហើយពួកគាត់ក៏ប្រគល់ពួកគេដល់ព្រះអម្ចាស់ដែលពួកគេបានជឿ។ 24បន្ទាប់មកពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកពីស៊ីឌាមកដល់ស្រុកប៉ាមភីលា។ 25ក្រោយពីបានប្រកាសព្រះបន្ទូលនៅក្រុងពើការួចហើយពួកគាត់ក៏ចុះទៅក្រុងអាតាលា 26បន្ទាប់មកពួកគាត់បានចុះសំពៅពីទីនោះឆ្ពោះទៅក្រុងអាន់ទីយ៉ូកវិញជាកន្លែងដែលគេបានប្រគល់ពួកគាត់ទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់កិច្ចការដែលពួកគាត់ទើបនឹងសម្រេចបាននេះ។ 27ពេលពួកគាត់មកដល់ក៏ប្រមូលក្រុមជំនុំមកជួបជុំគ្នាហើយរៀបរាប់ប្រាប់ពួកគេពីកិច្ចការទាំងឡាយដែលព្រះជាម្ចាស់បានធ្វើជាមួយពួកគាត់និងពីរបៀបដែលព្រះអង្គបើកទ្វារនៃជំនឿឲ្យសាសន៍ដទៃ 28ហើយពួកគាត់ក៏ស្នាក់នៅជាមួយពួកសិស្សយ៉ាងយូរ។
Copyright information for
KhmKCB