Acts 15
1នៅពេលនោះមានអ្នកខ្លះបានចុះពីស្រុកយូដាមកបង្រៀនពួកបងប្អូនថា៖ «បើអ្នករាល់គ្នាមិនកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេនោះអ្នករាល់គ្នាមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ»។ 2ដូច្នេះក្រោយពីលោកប៉ូលនិងលោកបារណាបាសបានប្រកែកជំទាស់នឹងពួកអ្នកទាំងនោះព្រមទាំងសួរដេញដោលយ៉ាងខ្លាំងរួចមកពួកបងប្អូនក៏ចាត់លោកប៉ូលនិងលោកបារណាបាសព្រមទាំងអ្នកខ្លះទៀតពីក្នុងចំណោមពួកគេឲ្យឡើងទៅក្រុងយេរូសាឡិមដើម្បីជួបពួកសាវកនិងពួកចាស់ទុំអំពីរឿងនេះ។ 3ដូច្នេះក្រុមជំនុំបានជូនដំណើរពួកគាត់រួចពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកភេនីសនិងស្រុកសាម៉ារីហើយបានរៀបរាប់យ៉ាងល្អិតល្អន់អំពីការប្រែចិត្ដជឿរបស់សាសន៍ដទៃដូច្នេះធ្វើឲ្យបងប្អូនទាំងអស់មានអំណរជាខ្លាំង។ 4ពេលមកដល់ក្រុងយេរូសាឡិមក្រុមជំនុំពួកសាវកនិងពួកចាស់ទុំបានស្វាគមន៍ពួកគាត់ហើយពួកគាត់ក៏រៀបរាប់ប្រាប់ពីកិច្ចការទាំងឡាយដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់ 5នោះមានអ្នកខ្លះពីខាងគណៈផារិស៊ីដែលជឿបានក្រោកឈរឡើងនិយាយថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកគេនិងបង្គាប់ពួកគេឲ្យកាន់តាមគម្ពីរវិន័យរបស់លោកម៉ូសេ»។ 6បន្ទាប់មកពួកសាវកនិងពួកចាស់ទុំបានជួបជុំគ្នាដើម្បីពិចារណាអំពីបញ្ហានេះ។ 7ក្រោយពីបានពិភាក្សាគ្នាយ៉ាងច្រើនមកលោកពេត្រុសបានក្រោកឈរឡើងនិយាយទៅពួកគេថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថាតាំងពីគ្រាមុនព្រះជាម្ចាស់បានជ្រើសរើសនៅក្នុងចំណោមអ្នករាល់គ្នាគឺតាមរយៈមាត់របស់ខ្ញុំសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អហើយជឿ 8រីឯព្រះជាម្ចាស់ដែលជ្រាបពីចិត្ដរបស់មនុស្សព្រះអង្គបានធ្វើទីបន្ទាល់អំពីពួកគេដោយប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេដូចដែលបានប្រទានដល់យើងដែរ 9ព្រះអង្គរាប់យើងនិងពួកគេមិនខុសប្លែកគ្នាឡើយគឺសំអាតចិត្តរបស់ពួកគេដោយសារជំនឿ 10ឥឡូវនេះចុះហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះជាម្ចាស់ដោយដាក់នឹមនៅករបស់ពួកសិស្សដូច្នេះដែលសូម្បីតែដូនតារបស់យើងនិងខ្លួនយើងផ្ទាល់ក៏មិនអាចទ្រាំទ្របានផង? 11យើងជឿថាយើងទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូដូចជាពួកគេដែរ»។ 12ពេលនោះមនុស្សគ្រប់គ្នាបានស្ងៀមស្ងាត់ហើយស្ដាប់លោកបារណាបាសនិងលោកប៉ូលរៀបរាប់អំពីទីសំគាល់និងការអស្ចារ្យទាំងឡាយដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់នៅក្នុងចំណោមសាសន៍ដទៃ។ 13ក្រោយពីអ្នកទាំងពីរនោះនិយាយចប់ហើយលោកយ៉ាកុបបានឆ្លើយថា៖ «បងប្អូនអើយ! សូមស្ដាប់ខ្ញុំ 14លោកស៊ីម៉ូនបានប្រាប់រួចហើយអំពីរបៀបដែលតាំងពីដំបូងព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយពីក្នុងចំណោមសាសន៍ដទៃសម្រាប់ព្រះនាមរបស់ព្រះអង្គ 15រីឯពាក្យសំដីរបស់ពួកអ្នកនាំព្រះបន្ទូលក៏យល់ស្របនឹងការនេះដែរគឺដូចដែលមានសេចក្ដីចែងទុកថា 16ក្រោយហេតុការណ៍ទាំងនេះយើងនឹងត្រលប់មកវិញហើយសង់រោងរបស់ស្ដេចដាវីឌដែលបានរលំនោះឡើងវិញ។ យើងនឹងសង់អ្វីៗដែលខូចខាតនៅក្នុងនោះហើយលើករោងនោះឡើងវិញ 17ដើម្បីឲ្យមនុស្សដែលនៅសល់ស្វែងរកព្រះអម្ចាស់និងសាសន៍ដទៃទាំងឡាយដែលត្រូវបានត្រាស់ហៅសម្រាប់ឈ្មោះរបស់យើង 18ព្រះអម្ចាស់ដែលធ្វើឲ្យគេដឹងអំពីហេតុការណ៍ទាំងនេះតាំងពីដើមរៀងមកបានមានបន្ទូលយ៉ាងដូច្នេះ។ 19ដូច្នេះហើយខ្ញុំយល់ឃើញថាយើងមិនត្រូវធ្វើឲ្យពួកអ្នកពីក្នុងចំណោមសាសន៍ដទៃដែលបានបែរមកឯព្រះជាម្ចាស់ពិបាកឡើយ 20ផ្ទុយទៅវិញត្រូវសរសេរប្រាប់ពួកគេឲ្យចៀសវាងពីសំណែនដែលស្មោកគ្រោកដោយសាររូបព្រះអំពើអសីលធម៌ខាងផ្លូវភេទសាច់សត្វដែលសម្លាប់ដោយច្របាច់កនិងឈាម 21ដ្បិតតាំងពីជំនាន់ដើមមានគេប្រកាសអំពីក្រឹត្យវិន័យរបស់លោកម៉ូសេនៅគ្រប់ក្រុងទាំងអស់ព្រមទាំងអាននៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ»។ 22ពេលនោះពួកសាវកនិងពួកចាស់ទុំព្រមទាំងក្រុមជំនុំទាំងមូលយល់ឃើញថាត្រូវជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយលោកប៉ូលនិងលោកបារណាបាស។ ពួកគេក៏ជ្រើសរើសបានលោកយូដាសដែលហៅថាបារសាបាសនិងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងចំណោមពួកបងប្អូន 23ហើយពួកគេបានសរសេរសំបុត្រផ្ញើតាមអ្នកទាំងពីរថា៖ «ពួកសាវកនិងចាស់ទុំដែលជាបងប្អូនសូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃនៅក្នុងក្រុងអាន់ទីយ៉ូកស្រុកស៊ីរីនិងស្រុកគីលីគា 24ពេលយើងឮថាមានអ្នកខ្លះនៅក្នុងចំណោមយើងដែលយើងមិនបានអនុញ្ញាតពួកគេបានចេញទៅរំខានអ្នករាល់គ្នាដោយពាក្យសំដីដែលធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយ 25យើងក៏ព្រមព្រៀងគ្នាថាត្រូវជ្រើសរើសមនុស្សហើយចាត់ទៅឯអ្នករាល់គ្នាជាមួយលោកបារណាបាសនិងលោកប៉ូលជាទីស្រលាញ់របស់យើង 26ដែលបានប្រគល់ជីវិតរបស់ខ្លួនសម្រាប់ព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ 27ដូច្នេះហើយយើងបានចាត់លោកយូដាសនិងលោកស៊ីឡាសឲ្យទៅដ្បិតអ្នកទាំងពីរនឹងប្រាប់អ្នករាល់គ្នាផ្ទាល់មាត់អំពីសេចក្ដីដូចគ្នានេះ 28ព្រោះព្រះវិញ្ញាណបរិសុទ្ធព្រមទាំងយើងយល់ឃើញថាមិនគួរដាក់បន្ទុកបន្ថែមលើបងប្អូនទេលើកលែងតែសេចក្ដីចាំបាច់ទាំងនេះប៉ុណ្ណោះ 29គឺចៀសវាងពីសំណែនដែលបានសែនដល់រូបព្រះពីឈាមពីសាច់សត្វដែលសម្លាប់ដោយច្របាច់កនិងពីអំពើអសីលធម៌ខាងផ្លូវភេទ។ បើអ្នករាល់គ្នារក្សាខ្លួនពីសេចក្ដីទាំងនេះបាននោះអ្នករាល់គ្នាធ្វើបានប្រសើរហើយសូមជម្រាបលា»។ 30ដូច្នេះកាលពួកគេបានចាត់អ្នកទាំងនោះឲ្យចេញទៅហើយអ្នកទាំងនោះក៏ធ្វើដំណើរចុះទៅក្រុងឤន់ទីយ៉ូក។ ពេលក្រុមជំនុំមកជុំគ្នាហើយពួកគេក៏ប្រគល់សំបុត្រនោះឲ្យក្រុមជំនុំ 31កាលបានឤនសំបុត្រនោះរួចហើយក្រុមជំនុំក៏អរសប្បាយចំពោះការលើកទឹកចិត្ដនេះ 32រីឯលោកយូដាសនិងលោកស៊ីឡាសដែលអ្នកទាំងពីរនេះជាអ្នកនាំព្រះបន្ទូលផងដែរក៏បានលើកទឹកចិត្ដព្រមទាំងបានពង្រឹងពួកបងប្អូនដោយពាក្យសំដីជាច្រើន។ 33បន្ទាប់ពីពួកគេស្នាក់នៅបានមួយរយៈពួកបងប្អូនក៏ចាត់ពួកគេឲ្យទៅឯពួកអ្នកដែលបានចាត់ពួកគេឲ្យមកនោះវិញទាំងជូនពរឲ្យធ្វើដំណើរដោយសុខសាន្ដ 34[ប៉ុន្ដែលោកស៊ីឡាសយល់ឃើញថាត្រូវស្នាក់នៅទីនោះបន្តទៀត។ ] 35រីឯលោកប៉ូលនិងលោកបារណាបាសក៏ស្នាក់នៅក្នុងក្រុងអាន់ទីយ៉ូកទាំងបង្រៀននិងប្រកាសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយអ្នកឯទៀតជាច្រើននាក់ដែរ។ 36ប៉ុន្មានថ្ងៃក្រោយមកលោកប៉ូលបាននិយាយទៅលោកបារណាបាសថា៖ «យើងត្រលប់ទៅសួរសុខទុក្ខពួកបងប្អូននៅតាមក្រុងទាំងឡាយដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់មើល៍តើពួកគេយ៉ាងណាទៅហើយ» 37ពេលនោះលោកបារណាបាសចង់យកលោកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយដែរ 38ប៉ុន្ដែលោកប៉ូលយល់ឃើញថាមិនគួរយកម្នាក់នេះទៅជាមួយឡើយព្រោះអ្នកនេះបានដកខ្លួនចេញពីពួកគាត់កាលនៅស្រុកប៉ាមភីលាហើយមិនបានធ្វើការងារជាមួយពួកគាត់ទេ។ 39ពេលមានការខ្វែងគំនិតគ្នាខ្លាំងដូច្នេះពួកគេក៏ចែកផ្លូវគ្នាគឺលោកបារណាបាសបានយកលោកម៉ាកុសចុះសំពៅជាមួយទៅកោះគីប្រុស 40រីឯលោកប៉ូលវិញបានជ្រើសរើសលោកស៊ីឡាសហើយចេញដំណើរទៅដោយមានពួកបងប្អូនផ្ទុកផ្ដាក់គាត់ទៅក្នុងព្រះគុណរបស់ព្រះអម្ចាស់ 41រួចពួកគាត់បានធ្វើដំណើរកាត់តាមស្រុកស៊ីរីនិងស្រុកគីលីគាព្រមទាំងបានពង្រឹងក្រុមជំនុំនានា។
Copyright information for
KhmKCB