Acts 17
1ក្រោយមកពេលពួកគាត់ធ្វើដំណើរកាត់តាមក្រុងអាំភីប៉ូលីនិងក្រុងអ័ប៉ុឡូនាពួកគាត់ក៏មកដល់ក្រុងថែស្សាឡូនីចដែលមានសាលាប្រជុំមួយរបស់ជនជាតិយូដានៅទីនោះ។ 2លោកប៉ូលក៏បានទៅជួបពួកជនជាតិយូដាតាមទម្លាប់របស់គាត់ហើយអស់រយៈពេលបីថ្ងៃសប្ប័ទគាត់បានជជែកវែកញែកបទគម្ពីរជាមួយពួកគេ 3ដោយពន្យល់និងបញ្ជាក់ថាព្រះគ្រិស្ដត្រូវតែរងទុក្ខហើយរស់ពីការសោយទិវង្គតឡើងវិញរួចគាត់និយាយទៀតថា៖ «ព្រះយេស៊ូដែលខ្ញុំកំពុងប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រិស្ដ»។ 4ពួកគេខ្លះព្រមជឿនិងបានចូលរួមជាមួយលោកប៉ូលនិងលោកស៊ីឡាសហើយក៏មានពួកជនជាតិក្រេកដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើននិងពួកស្ដ្រីដែលមានមុខមាត់ក៏មិនតិចដែរ 5ប៉ុន្ដែពួកជនជាតិយូដាបែរជាច្រណែនហើយនាំពួកមនុស្សពាលខ្លះពីផ្សារមកគឺប្រមូលបានគ្នាមួយក្រុមទៅបង្កចលាចលនៅក្នុងក្រុងហើយបានចូលទៅរើកកាយផ្ទះរបស់លោកយ៉ាសុនតាមចាប់លោកប៉ូលនិងលោកស៊ីឡាសដើម្បីនាំទៅប្រគល់ឲ្យមហាជន។ 6ប៉ុន្ដែពេលគេរកអ្នកទាំងពីរមិនឃើញគេក៏ចាប់អូសលោកយ៉ាសុននិងបងប្អូនខ្លះទៀតយកទៅប្រគល់ឲ្យពួកអាជ្ញាធរក្រុងដោយស្រែកថា៖ «ពួកអ្នកធ្វើឲ្យផែនដីច្របូកច្របល់បានមកដល់ទីនេះ 7ហើយយ៉ាសុនបានទទួលពួកវាគឺពួកវាទាំងនេះកំពុងធ្វើអំពើប្រឆាំងនឹងបទបញ្ជារបស់ព្រះចៅអធិរាជដោយប្រកាសថាមានស្ដេចមួយអង្គទៀតឈ្មោះយេស៊ូ!» 8ពួកជនជាតិយូដាទាំងនោះបានធ្វើឲ្យបណ្ដាជននិងពួកអាជ្ញាធរក្រុងដែលបានស្ដាប់សេចក្ដីទាំងនេះជ្រួលច្របល់។ 9ពេលពួកគេយកប្រាក់ធានាពីលោកយ៉ាសុននិងអ្នកផ្សេងទៀតរួចហើយពួកគេក៏ដោះលែងអ្នកទាំងនោះ។ 10រីឯពួកបងប្អូនក៏បណ្ដោះលោកប៉ូលនិងលោកស៊ីឡាសទាំងយប់ទៅក្រុងបេរាភ្លាមហើយពេលទៅដល់ក្រុងនោះអ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា 11ប៉ុន្ដែជនជាតិយូដាទាំងនេះមានគំនិតបើកចំហជាងពួកជនជាតិយូដានៅក្រុងថែស្សាឡូនីចដ្បិតពួកគេបានទទួលព្រះបន្ទូលដោយចិត្ដសង្វាតទាំងស្រាវជ្រាវបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថាសេចក្ដីទាំងនេះត្រឹមត្រូវឬយ៉ាងណា។ 12ដូច្នេះហើយពួកគេជាច្រើនក៏ជឿមានទាំងបុរសស្ដ្រីជនជាតិក្រេកដែលមានមុខមាត់ជាច្រើនផងដែរ 13ប៉ុន្ដែពេលជនជាតិយូដានៅក្រុងថែស្សាឡូនីចបានដឹងថាលោកប៉ូលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះពួកគេក៏មកបំបះបំបោរនិងញុះញង់បណ្ដាជននៅក្រុងនោះឲ្យជ្រួលច្របល់ទៀត 14ដូច្នេះពួកបងប្អូនក៏នាំលោកប៉ូលចេញទៅសមុទ្រភ្លាមរីឯលោកស៊ីឡាសនិងលោកធីម៉ូថេស្នាក់នៅទីនោះដដែល។ 15ពួកអ្នកជូនដំណើរលោកប៉ូលបានទៅជាមួយលោកប៉ូលរហូតដល់ក្រុងអាថែនហើយបានត្រលប់មកវិញក្រោយពីទទួលពាក្យបណ្ដាំឲ្យលោកស៊ីឡាសនិងលោកធីម៉ូថេទៅតាមលោកប៉ូលជាប្រញាប់។ 16នៅពេលលោកប៉ូលកំពុងរង់ចាំអ្នកទាំងពីរនៅក្រុងអាថែនវិញ្ញាណរបស់គាត់ពុះកញ្ជ្រោលជាខ្លាំងដោយគាត់សង្កេតឃើញមានរូបព្រះពាសពេញក្រុងនោះ 17ដូច្នេះគាត់ជជែកវែកញែកជាមួយជនជាតិយូដានិងពួកអ្នកមកថ្វាយបង្គំនៅក្នុងសាលាប្រជុំព្រមទាំងពួកអ្នកដែលគាត់បានជួបនៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ 18ហើយក៏មានពួកទស្សនវិទូខាងគណៈអេពីគួរនិងខាងគណៈស្ទអ៊ីកខ្លះបានជជែកដេញដោលជាមួយលោកប៉ូលដែរគឺមានអ្នកខ្លះសួរថា៖ «តើអ្នកនិយាយប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយអំពីអ្វី?» អ្នកខ្លះទៀតនិយាយថា៖ «គាត់ប្រហែលជាអ្នកផ្សព្វផ្សាយអំពីព្រះរបស់ពួកបរទេសហើយ» [ពួកគេពោលដូច្នេះ]ព្រោះគាត់កំពុងប្រកាសអំពីព្រះយេស៊ូនិងការរស់ឡើងវិញរបស់ព្រះអង្គ។ 19ដូច្នេះពួកគេក៏នាំគាត់ទៅជួបនឹងក្រុមប្រឹក្សានៅទួលអើរីយ៉ូសហើយសួរថា៖ «តើអ្នកអាចប្រាប់យើងឲ្យយល់អំពីសេចក្ដីបង្រៀនថ្មីដែលអ្នកកំពុងប្រកាសនេះបានដែរឬទេ? 20ដ្បិតយើងបានឮអ្នកនិយាយពីសេចក្ដីប្លែកៗដូច្នេះហើយយើងចង់ដឹងថាតើសេចក្ដីទាំងនេះមានន័យដូចម្ដេច»។ 21នៅសម័យនោះអ្នកក្រុងអាថែននិងពួកជនបរទេសទាំងឡាយដែលរស់នៅក្រុងនោះមិនបានចំណាយពេលធ្វើកិច្ចការអ្វីក្រៅពីនិទានរឿងឬស្ដាប់រឿងថ្មីៗឡើយ។ 22ដូច្នេះលោកប៉ូលក៏ក្រោកឈរនៅកណ្ដាលក្រុមប្រឹក្សានៅទួលអើរីយ៉ូសហើយនិយាយថា៖ «ឱបងប្អូនជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអ្នករាល់គ្នាជឿស៊ប់លើរបស់សព្វសារពើ 23ដ្បិតពេលខ្ញុំដើរកាត់ហើយសង្កេតមើលគ្រឿងសក្ការបូជាទាំងឡាយរបស់អ្នករាល់គ្នានោះខ្ញុំឃើញកន្លែងសក្ការមួយដែលមានចារឹកអក្សរថាព្រះដែលមិនស្គាល់។ ដូច្នេះខ្ញុំសូមប្រាប់អ្នករាល់គ្នាអំពីព្រះដែលអ្នករាល់គ្នាកំពុងថ្វាយបង្គំដោយមិនស្គាល់នេះ 24ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកនិងរបស់សព្វសារពើនៅក្នុងពិភពលោកព្រះអង្គជាព្រះអម្ចាស់នៃស្ថានសួគ៌និងផែនដីព្រះអង្គមិនគង់នៅក្នុងវិហារដែលសង់ដោយដៃរបស់មនុស្សឡើយ 25ហើយព្រះអង្គក៏មិនត្រូវការដៃរបស់មនុស្សឲ្យបម្រើព្រះអង្គហាក់បីដូចជាព្រះអង្គខ្វះអ្វីមួយនោះដែរព្រោះព្រះអង្គទេតើដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិតមានដង្ហើមនិងមានរបស់សព្វសារពើ 26ព្រះអង្គបានបង្កើតជនជាតិទាំងឡាយឲ្យរស់នៅពាសពេញលើផែនដីនេះចេញមកពីមនុស្សម្នាក់ហើយព្រះអង្គបានកំណត់រដូវកាលនិងកំណត់ពំ្រដែនឲ្យពួកគេរស់នៅ 27ដើម្បីឲ្យពួកគេស្វែងរកព្រះជាម្ចាស់ហើយបើពួកគេស្វែងរកព្រះអង្គមែននោះពួកគេមុខជារកព្រះអង្គឃើញមិនខានពីព្រោះតាមពិតព្រះជាម្ចាស់គង់នៅមិនឆ្ងាយពីយើងរាល់គ្នាឡើយ 28ហើយយើងរស់នៅមានចលនានិងមានជីវិតជាមនុស្សដោយសារព្រះអង្គដូចដែលកវីក្នុងចំណោមអ្នករាល់គ្នាមួយចំនួនបាននិយាយដែរថាដ្បិតយើងក៏ជាពូជរបស់ព្រះអង្គដែរ។ 29ដូច្នេះបើយើងជាពូជរបស់ព្រះជាម្ចាស់មែនយើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចជារូបសំណាកធ្វើពីមាសប្រាក់ឬថ្មតាមជំនាញនិងគំនិតរបស់មនុស្សឡើយ 30ដ្បិតពីមុនព្រះជាម្ចាស់បានទតរំលងគ្រាដែលមនុស្សល្ងង់ខ្លៅមែនប៉ុន្ដែឥឡូវនេះព្រះអង្គបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យប្រែចិត្ត 31ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយយុត្ដិធម៌តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំងហើយព្រះជាម្ចាស់បានប្រទានភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ដោយប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ» 32នៅពេលពួកគេឮអំពីការរស់ពីស្លាប់ឡើងវិញអ្នកខ្លះក៏ចំអកឲ្យប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយអំពីរឿងនេះម្ដងទៀត»។ 33ដូច្នេះហើយលោកប៉ូលក៏ចាកចេញពីចំណោមពួកគេទៅ 34ប៉ុន្ដែមានអ្នកខ្លះបានជឿហើយចូលរួមជាមួយគាត់នៅក្នុងចំណោមអ្នកទាំងនោះមានទាំងលោកឌេវនីសជាសមាជិកម្នាក់នៃក្រុមប្រឹក្សានៅទួលអើរីយ៉ូសនិងស្ដ្រីម្នាក់ឈ្មោះដាម៉ារីសព្រមទាំងអ្នកផ្សេងទៀតដែលនៅជាមួយអ្នកទាំងនោះ។
Copyright information for
KhmKCB