Acts 18
1ក្រោយពីហេតុការណ៍ទាំងនោះលោកប៉ូលក៏ចាកចេញពីក្រុងអាថែនទៅក្រុងកូរិនថូស។ 2នៅក្រុងនោះលោកប៉ូលបានជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាជាអ្នកស្រុកប៉ុនតុសនិងនាងព្រីស៊ីលជាប្រពន្ធរបស់គាត់ដែលទើបមកពីស្រុកអ៊ីតាលីដ្បិតព្រះចៅអធិរាជក្លូឌាសបានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូមលោកប៉ូលក៏ចូលទៅជួបពួកគេ 3ហើយដោយព្រោះអ្នកទាំងពីរមានមុខរបរជាអ្នកធ្វើតង់ដូចគាត់គាត់ក៏ស្នាក់នៅធ្វើការជាមួយពួកគេ។ 4រៀងរាល់ថ្ងៃសប្ប័ទលោកប៉ូលបានជជែកវែកញែកនៅក្នុងសាលាប្រជុំទាំងពន្យល់ជនជាតិយូដានិងជនជាតិក្រេកឲ្យមានជំនឿ 5រួចកាលលោកស៊ីឡាសនិងលោកធីម៉ូថេបានចុះពីស្រុកម៉ាសេដូនមកដល់ហើយលោកប៉ូលក៏ជាប់មមាញឹកក្នុងការប្រកាសព្រះបន្ទូលនិងធ្វើបន្ទាល់ដល់ជនជាតិយូដាថាព្រះយេស៊ូជាព្រះគ្រិស្ដ 6ប៉ុន្ដែពេលពួកគេចេះតែប្រឆាំងនិងជេរប្រមាថគាត់គាត់ក៏រលាស់សម្លៀកបំពាក់រួចនិយាយទៅពួកគេថា៖ «ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាចុះ! ឯខ្ញុំគ្មានទោសឡើយ។ ចាប់ពីពេលនេះទៅខ្ញុំនឹងទៅឯសាសន៍ដទៃវិញ»។ 7បន្ទាប់មកគាត់ក៏ចាកចេញពីសាលាប្រជុំរួចចូលទៅក្នុងផ្ទះរបស់បុរសម្នាក់ឈ្មោះយូស្ទុសជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដែលផ្ទះរបស់គាត់នៅជាប់សាលាប្រជុំ 8រីឯលោកគ្រីសប៉ុសជាប្រធានសាលាប្រជុំនិងក្រុមគ្រួសារទាំងមូលបានជឿលើព្រះអម្ចាស់ហើយអ្នកក្រុងកូរិនថូសជាច្រើនដែលបានស្ដាប់លោកប៉ូលបានជឿនិងបានទទួលពិធីជ្រមុជទឹកដែរ។ 9នៅយប់មួយព្រះអម្ចាស់មានបន្ទូលមកលោកប៉ូលនៅក្នុងសុបិននិមិត្ដថា៖ «កុំខ្លាចអីចូរនិយាយបន្ដទៀតកុំនៅស្ងៀមឡើយ 10ដ្បិតយើងនៅជាមួយអ្នកហើយគ្មានអ្នកណាម្នាក់អាចតតាំងធ្វើបាបអ្នកបានឡើយព្រោះមានប្រជារាស្ដ្ររបស់យើងជាច្រើននៅក្នុងក្រុងនេះ»។ 11គាត់ក៏ស្នាក់នៅទីនោះអស់រយៈពេលមួយឆ្នាំកន្លះទាំងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់ពួកគេ 12ប៉ុន្ដែនៅពេលលោកកាលីយ៉ូធ្វើជាអភិបាលនៅស្រុកអាខៃជនជាតិយូដាបានបះបោរព្រមគ្នាប្រឆាំងលោកប៉ូលហើយនាំគាត់ទៅសាលាក្ដី 13ដោយចោទថា៖ «អ្នកនេះកំពុងតែបញ្ចុះបញ្ចូលមនុស្សឲ្យថ្វាយបង្គំព្រះជាម្ចាស់ផ្ទុយនឹងច្បាប់» 14ប៉ុន្ដែពេលលោកប៉ូលបម្រុងនិយាយលោកកាលីយ៉ូបាននិយាយទៅជនជាតិយូដាថា៖ «ឱជនជាតិយូដាអើយ! បើបញ្ហានេះជាបទល្មើសឬបទឧក្រិដ្ឋនោះសមឲ្យខ្ញុំស្ដាប់អ្នករាល់គ្នា 15ប៉ុន្ដែបើជាទំនាស់អំពីពាក្យសំដីឬឈ្មោះឬវិន័យរបស់អ្នករាល់គ្នាវិញចូរដោះស្រាយដោយខ្លួនឯងទៅខ្ញុំមិនចង់ធ្វើជាអ្នកកាត់ក្ដីរឿងបែបនេះទេ»។ 16បន្ទាប់មកគាត់ក៏បណ្ដេញពួកគេចេញពីសាលាក្ដី 17ដូច្នេះពួកគេគ្រប់គ្នាក៏ចាប់លោកសូស្ថេនជាប្រធានសាលាប្រជុំហើយវាយគាត់នៅមុខសាលាក្ដីប៉ុន្ដែលោកកាលីយ៉ូមិនខ្វល់នឹងរឿងនេះឡើយ។ 18លោកប៉ូលបានស្នាក់នៅទីនោះជាច្រើនថ្ងៃទៀតបន្ទាប់មកគាត់ក៏ជម្រាបលាពួកបងប្អូនចុះសំពៅទៅស្រុកស៊ីរីជាមួយលោកអ័គីឡានិងនាងព្រីស៊ីល។ លោកប៉ូលបានកោរសក់នៅក្រុងកេងគ្រាព្រោះគាត់ត្រូវលាបំណន់។ 19លុះមកដល់ក្រុងអេភេសូរលោកប៉ូលបានទុកអ្នកទាំងពីរឲ្យនៅទីនោះរួចគាត់ចូលទៅក្នុងសាលាប្រជុំដើម្បីជជែកវែកញែកជាមួយជនជាតិយូដា 20ហើយពួកគេក៏សុំឲ្យគាត់ស្នាក់នៅយូរបន្ដិចប៉ុន្ដែគាត់មិនព្រមនៅទេ 21ពេលជម្រាបលាពួកគេគាត់បាននិយាយដូច្នេះថា៖ «បើព្រះជាម្ចាស់សព្វព្រះហឫទ័យខ្ញុំនឹងត្រលប់មកឯអ្នករាល់គ្នាវិញ» រួចគាត់ក៏ចុះសំពៅចាកចេញពីក្រុងអេភេសូរ។ 22ពេលមកដល់ក្រុងសេសារាគាត់ក៏ទៅសួរសុខទុក្ខក្រុមជំនុំបន្ទាប់មកគាត់ក៏ចុះទៅក្រុងអាន់ទីយ៉ូក 23ហើយបន្ទាប់ពីបានស្នាក់នៅក្រុងអាន់ទីយ៉ូកមួយរយៈពេលគាត់ក៏ចាកចេញហើយធ្វើដំណើរកាត់តាមស្រុកកាឡាទីនិងស្រុកព្រីគាទាំងពង្រឹងពួកសិស្សទាំងអស់ឲ្យរឹងមាំ។ 24នៅគ្រានោះមានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ុឡូសជាអ្នកក្រុងអ័លេក្សានទ្រាបានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារហើយចេះបទគម្ពីរយ៉ាងស្ទាត់ 25គាត់បានទទួលការអប់រំតាមមាគ៌ារបស់ព្រះអម្ចាស់ហើយឆេះឆួលខាងវិញ្ញាណនិងបង្រៀនបានយ៉ាងត្រឹមត្រូវអំពីសេចក្ដីទាំងឡាយដែលទាក់ទងនឹងព្រះយេស៊ូទោះបីជាគាត់ស្គាល់ត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ 26គាត់ចាប់ផ្ដើមប្រកាសយ៉ាងមោះមុតនៅក្នុងសាលាប្រជុំហើយពេលលោកអ័គីឡានិងនាងព្រីស៊ីលបានឮដូច្នេះក៏នាំគាត់មកហើយពន្យល់ប្រាប់គាត់ថែមទៀតយ៉ាងច្បាស់លាស់អំពីមាគ៌ារបស់ព្រះជាម្ចាស់។ 27កាលលោកអ័ប៉ុឡូសមានបំណងឆ្លងទៅស្រុកអាខៃពួកបងប្អូនក៏លើកទឹកចិត្ដគាត់ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់ហើយពេលគាត់ទៅដល់គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារព្រះគុណ 28ដ្បិតគាត់ឆ្លើយបំភ្លឺដល់ជនជាតិយូដាយ៉ាងមានអំណាចនៅចំពោះមុខមហាជនទាំងបង្ហាញតាមបទគម្ពីរថាព្រះយេស៊ូជាព្រះគ្រិស្ដ។
Copyright information for
KhmKCB