Acts 21
1ពេលយើងលាពួកគេរួចហើយក៏ជិះសំពៅតម្រង់ទៅកោះកូសនៅថ្ងៃបន្ទាប់យើងបានមកដល់កោះរ៉ូដូសរួចក៏ចេញពីទីនោះទៅក្រុងប៉ាតារ៉ា 2ហើយពេលឃើញមានសំពៅទៅស្រុកភេនីសយើងក៏ជិះសំពៅនោះទៅមុខទៀត។ 3ពេលយើងឃើញកោះគីប្រុសយើងក៏ធ្វើដំណើរវាងទៅខាងឆ្វេងកោះនោះតម្រង់ទៅស្រុកស៊ីរីហើយក៏មកដល់ក្រុងទីរ៉ុសដ្បិតសំពៅត្រូវទម្លាក់ទំនិញនៅទីនោះ។ 4ក្រោយពីរកឃើញពួកសិស្សយើងក៏ស្នាក់នៅទីនោះប្រាំពីរថ្ងៃហើយតាមរយៈព្រះវិញ្ញាណពួកគេបានប្រាប់លោកប៉ូលមិនឲ្យទៅក្រុងយេរូសាឡិមទេ 5ប៉ុន្ដែកាលគ្រប់ប្រាំពីរថ្ងៃហើយយើងក៏ចេញដំណើរទៅមុខទៀត។ ពួកគេនិងប្រពន្ធកូនរបស់ពួកគេទាំងអស់បានជូនដំណើរយើងទៅក្រៅក្រុងហើយយើងបានលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ 6បន្ទាប់មកយើងបានជម្រាបលាគ្នាទៅវិញទៅមករួចយើងក៏ចុះសំពៅទៅរីឯអ្នកទាំងនោះបានត្រលប់ទៅផ្ទះរបស់ពួកគេវិញ។ 7ពេលយើងបញ្ចប់ការធ្វើដំណើរតាមសំពៅពីក្រុងទីរ៉ុសយើងក៏មកដល់ក្រុងផ្ទលេមេហើយក្រោយពីបានជម្រាបសួរពួកបងប្អូនរួចយើងក៏ស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ 8នៅថ្ងៃបន្ទាប់យើងចេញដំណើរទៀតហើយមកដល់ក្រុងសេសារារួចក៏ចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកភីលីពជាអ្នកប្រកាសដំណឹងល្អម្នាក់ក្នុងចំណោមអ្នកទាំងប្រាំពីរ។ 9លោកភីលីពមានកូនក្រមុំបួននាក់ដែលថ្លែងព្រះបន្ធូល។ 10កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃនោះមានអ្នកនាំព្រះបន្ទូលម្នាក់ឈ្មោះអ័ក្កាបុសបានចុះពីស្រុកយូដាមក 11ពេលមកដល់យើងហើយគាត់ក៏យកខ្សែក្រវាត់របស់លោកប៉ូលមកចងជើងដៃខ្លួនឯងហើយនិយាយថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ដូច្នេះថាជនជាតិយូដានៅក្រុងយេរូសាឡិមនឹងចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះដែរហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។ 12ពេលឮដូច្នេះយើងព្រមទាំងបងប្អូននៅស្រុកនោះបានអង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ 13ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេគឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង» 14ពេលគាត់មិនព្រមស្ដាប់តាមការអង្វររបស់យើងយើងក៏ឈប់អង្វរគាត់ទៀតហើយនិយាយថា៖ «សូមឲ្យបំណងរបស់ព្រះអម្ចាស់បានសម្រេចចុះ»។ 15ប៉ុន្មានថ្ងៃក្រោយមកយើងក៏រៀបចំធ្វើដំណើរទៅក្រុងយេរូសាឡិម 16ហើយមានសិស្សខ្លះមកពីក្រុងសេសារាបានធ្វើដំណើរទៅជាមួយយើងដែរព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុនជាសិស្សដំបូងម្នាក់។ 17កាលយើងមកដល់ក្រុងយេរូសាឡិមហើយពួកបងប្អូនបានស្វាគមន៍យើងយ៉ាងរីករាយ។ 18នៅថ្ងៃបន្ទាប់លោកប៉ូលបានចូលទៅជួបលោកយ៉ាកុបជាមួយយើងហើយចាស់ទុំទាំងអស់បានមកដែរ។ 19បន្ទាប់ពីជម្រាបសួរអ្នកទាំងនោះរួចហើយលោកប៉ូលក៏រៀបរាប់ដោយលំអិតអំពីកិច្ចការទាំងឡាយដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមសាសន៍ដទៃតាមរយៈកិច្ចការរបស់គាត់។ 20ពេលឮដូច្នេះពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ហើយនិយាយទៅគាត់ថា៖ «បងអើយ! បងឃើញស្រាប់ហើយថាមានមនុស្សរាប់ម៉ឺននាក់នៅក្នុងចំណោមជនជាតិយូដាបានជឿនិងមានការប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា 21ប៉ុន្ដែពួកគេបានឮដំណឹងអំពីបងថាបងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេគឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅឬកាន់តាមទំនៀមទម្លាប់ឡើយ 22បើដូច្នេះមែនតើធ្វើដូចម្ដេចទៅ? ដ្បិតពួកគេមុខជាឮថាបងបានមកដល់ទីនេះហើយ 23ដូច្នេះសូមធ្វើតាមដែលយើងប្រាប់បងចុះដ្បិតយើងមានមនុស្សបួននាក់កំពុងជាប់បំណន់ 24គឺសូមបងនាំអ្នកទាំងនេះទៅហើយធ្វើពិធីជម្រះកាយជាមួយពួកគេព្រមទាំងចេញប្រាក់ឲ្យពួកគេកោរសក់ផងដើម្បីឲ្យគ្រប់គ្នាដឹងថាសេចក្ដីដែលពួកគេបានឮអំពីបងនោះមិនពិតទេគឺបងបានរស់នៅដោយកាន់តាមគម្ពីរវិន័យវិញ 25រីឯសាសន៍ដទៃទាំងឡាយដែលបានជឿនោះយើងបានសរសេរសេចក្ដីសម្រេចរបស់យើងផ្ញើទៅពួកគេរួចហើយគឺឲ្យពួកគេចៀសវាងពីសំណេនដែលបានសែនដល់រូបព្រះពីឈាមពីសាច់សត្វដែលសម្លាប់ដោយច្របាច់កនិងពីអំពើអសីលធម៌ខាងផ្លូវភេទ»។ 26ពេលនោះលោកប៉ូលក៏នាំអ្នកទាំងនោះទៅហើយនៅថ្ងៃបន្ទាប់គាត់ក៏ធ្វើពិធីជម្រះកាយជាមួយពួកគេរួចបានចូលទៅក្នុងព្រះវិហារដើម្បីបញ្ជាក់អំពីថ្ងៃនៃការបញ្ចប់ពិធីជម្រះកាយនិងតង្វាយដែលពួកគេម្នាក់ៗត្រូវថ្វាយ 27ប៉ុន្ដែកាលជិតគ្រប់ប្រាំពីរថ្ងៃហើយមានពួកជនជាតិយូដាមកពីស្រុកអាស៊ីបានឃើញគាត់នៅក្នុងព្រះវិហារក៏ញុះញង់បណ្ដាជនទាំងអស់ឲ្យចាប់គាត់ 28ដោយស្រែកឡើងថា៖ «បងប្អូនអ៊ីស្រាអែលអើយ! មក៍ជួយគ្នា! ម្នាក់នេះហើយដែលបានបង្រៀនមនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យទាស់នឹងប្រជាជនរបស់យើងទាស់នឹងគម្ពីរវិន័យរបស់យើងហើយទាស់នឹងទីកន្លែងនេះលើសពីនេះទៀតគាត់បាននាំជនជាតិក្រេកចូលមកក្នុងព្រះវិហារហើយធ្វើឲ្យទីបរិសុទ្ធនេះស្មោកគ្រោកទៀត» 29ដ្បិតកាលពីមុនពួកគេធ្លាប់ឃើញលោកទ្រភីមជាអ្នកក្រុងអេភេសូរនៅក្នុងក្រុងជាមួយលោកប៉ូលនោះពួកគេស្មានថាលោកប៉ូលបាននាំអ្នកនោះចូលក្នុងព្រះវិហារ។ 30ពេលនោះមានចលាចលពេញក្រុងទាំងមូលមនុស្សបានរត់មកចោមរោមចាប់លោកប៉ូលអូសចេញពីព្រះវិហារហើយបានបិទទ្វារវិញភ្លាម។ 31ពេលដែលពួកគេរកសម្លាប់គាត់មេបញ្ជាការរបស់កងទាហានរ៉ូមបានដឹងដំណឹងថាក្រុងយេរូសាឡិមទាំងមូលកំពុងស្ថិតនៅក្នុងចលាចល។ 32ដូច្នេះគាត់ក៏នាំពួកនាយទាហាននិងពលទាហានរត់ចុះមកឯពួកគេភ្លាម។ ពេលពួកគេឃើញមេបញ្ជាការនិងពលទាហានក៏ឈប់វាយលោកប៉ូល 33ពេលនោះមេបញ្ជាការក៏ចូលមកចាប់លោកប៉ូលទាំងបញ្ជាឲ្យគេដាក់ខ្នោះច្រវាក់គាត់ពីរខ្សែព្រមទាំងសួរថាតើគាត់ជានរណាហើយមានរឿងអ្វីខ្លះ 34ប៉ុន្ដែនៅក្នុងចំណោមបណ្ដាជនមានអ្នកខ្លះស្រែកយ៉ាងនេះអ្នកខ្លះស្រែកយ៉ាងនោះហើយដោយសារសំឡេងអឺងកងពេកមេបញ្ជាការមិនអាចដឹងរឿងអ្វីពិតប្រាកដឡើយក៏បញ្ជាឲ្យគេនាំលោកប៉ូលទៅបន្ទាយ។ 35ពេលគាត់មកដល់ជណ្ដើរហើយដោយព្រោះតែអំពើហិង្សារបស់បណ្ដាជនពួកទាហានក៏ជ្រោងគាត់ឡើង 36ដ្បិតមានបណ្ដាជនច្រើនកុះករនៅតែដើរតាមទាំងស្រែកថា៖ «កំចាត់វាចោលទៅ!» 37ពេលពួកទាហានបម្រុងនាំលោកប៉ូលចូលទៅក្នុងបន្ទាយលោកប៉ូលក៏និយាយទៅមេបញ្ជាការថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយលោកបន្តិចបានឬទេ?» មេបញ្ជាការក៏សួរថា៖ «អ្នកក៏ចេះភាសាក្រេកដែរឬ? 38ដូច្នេះតើអ្នកមិនមែនជាជនជាតិអេស៊ីព្ទដែលបានបង្កើតការបះបោរថ្មីៗនេះហើយនាំឃាតករបួនពាន់នាក់ចូលទៅក្នុងទីរហោឋានទេឬ?» 39លោកប៉ូលឆ្លើយថា៖ «ខ្ញុំជាជនជាតិយូដាមកពីក្រុងតើសុសស្រុកគីលីគាមិនមែនជាប្រជាជនមកពីក្រុងតូចតាចទេដូច្នេះសូមលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។ 40ពេលមេបញ្ជាការអនុញ្ញាតឲ្យលោកប៉ូលក៏ឈរលើជណ្ដើរទាំងលើកដៃជាសញ្ញាទៅប្រជាជននៅពេលមានសភាពស្ងាត់ឈឹងហើយគាត់ក៏និយាយជាភាសាហេព្រើរទៅពួកគេថា៖
Copyright information for
KhmKCB