Acts 24
1ប្រាំថ្ងៃក្រោយមកសម្ដេចសង្ឃអាណានាសនិងពួកចាស់ទុំខ្លះបានមកជាមួយមេធាវីម្នាក់ឈ្មោះទើទូលុសដែលបានធ្វើការចោទប្រកាន់លោកប៉ូលនៅមុខលោកអភិបាល។ 2កាលបានកោះហៅលោកប៉ូលមកហើយលោកទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់ថា៖ «ដោយសារការយកចិត្តទុកដាក់និងការកែទម្រង់ផ្សេងៗរបស់លោកសម្រាប់ជនជាតិនេះទើបយើងមានសេចក្ដីសុខសាន្ដបំផុត។ 3ឱលោកភេលីចជាទីគោរពអើយ! យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុតនៅគ្រប់វិស័យនិងគ្រប់ទីកន្លែង 4ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរសូមលោកស្ដាប់យើងត្រួសៗដោយក្ដីអនុគ្រោះផងចុះ 5ដ្បិតយើងបានឃើញថាបុរសនេះជាមនុស្សចង្រៃដែលបានបង្កចលាចលដល់ជនជាតិយូដាទាំងអស់ពាសពេញពិភពលោកហើយជាមេដឹកនាំគណៈណាសារ៉ែត 6គាត់ថែមទាំងព្យាយាមបង្អាប់បង្អោនព្រះវិហារទៀតផងដូច្នេះបានជាយើងចាប់គាត់[ហើយផ្ដន្ទាទោសតាមគម្ពីរវិន័យរបស់យើង 7ប៉ុន្តែមេបញ្ជាការឈ្មោះលូស៊ាបាននាំកងកម្លាំងមកដណ្ដើមយកគាត់ពីដៃរបស់យើងខ្ញុំ 8ហើយបង្គាប់ឲ្យពួកដើមចោទរបស់គាត់មកជួបលោក]សូមលោកសាកសួរពីគាត់ដោយផ្ទាល់ចុះនោះលោកអាចដឹងអំពីសេចក្ដីទាំងប៉ុន្មានដែលយើងចោទប្រកាន់គាត់»។ 9ពួកជនជាតិយូដាទាំងនោះបានយល់ព្រមដែរដោយបញ្ជាក់ថាសេចក្ដីទាំងនេះពិតជាដូច្នេះមែន។ 10លោកអភិបាលក៏ងក់ក្បាលដាក់លោកប៉ូលឲ្យនិយាយលោកប៉ូលក៏និយាយថា៖ «ដោយដឹងថាលោកជាចៅក្រមសម្រាប់ជាតិសាសន៍នេះច្រើនឆ្នាំមកហើយដូច្នេះខ្ញុំសូមឆ្លើយការពារចំពោះការចោទប្រកាន់ខ្ញុំនេះយ៉ាងរីករាយ។ 11លោកអាចដឹងបានថាតាំងពីពេលដែលខ្ញុំបានឡើងទៅថ្វាយបង្គំនៅក្រុងយេរូសាឡិមមកនោះមានរយៈពេលមិនលើសពីដប់ពីរថ្ងៃទេ 12ហើយពួកគេមិនបានឃើញខ្ញុំឈ្លោះប្រកែកជាមួយអ្នកណាម្នាក់នៅក្នុងព្រះវិហារឬបង្កចលាចលដល់បណ្ដាជនឡើយទាំងនៅក្នុងសាលាប្រជុំឬនៅក្នុងក្រុងក្ដី 13ពួកគេក៏មិនអាចបង្ហាញភស្ដុតាងដល់លោកអំពីករណីដែលពួកគេកំពុងចោទប្រកាន់ខ្ញុំនៅពេលនេះបានដែរ 14ប៉ុន្តែខ្ញុំសូមប្រាប់លោកអំពីការនេះតាមត្រង់ថាយោងតាមមាគ៌ាដែលពួកគេហៅថាគណៈខុសឆ្គងនោះគឺខ្ញុំបានបម្រើព្រះនៃដូនតារបស់យើងព្រមទាំងជឿសេចក្ដីទាំងឡាយស្របតាមគម្ពីរវិន័យនិងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូល 15ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ជាសេចក្ដីសង្ឃឹមដែលអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរគឺនឹងមានការរស់ឡើងវិញរបស់មនុស្សសុចរិតនិងមនុស្សទុច្ចរិត។ 16ដោយហេតុនេះហើយបានជាខ្ញុំផ្ទាល់តែងតែខំប្រឹងឲ្យមានមនសិការឥតបន្ទោសបានទាំងនៅចំពោះព្រះជាម្ចាស់និងមនុស្សទាំងឡាយជានិច្ច 17ប៉ុន្តែច្រើនឆ្នាំក្រោយមកពេលខ្ញុំនាំតង្វាយព្រមទាំងជំនួយមកឲ្យជាតិសាសន៍របស់ខ្ញុំ 18នៅពេលនោះពួកគេក៏ឃើញខ្ញុំធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារដោយគ្មានបណ្ដាជនឬចលាចលឡើយ 19គឺមានតែពួកជនជាតិយូដាខ្លះដែលមកពីស្រុកអាស៊ីប៉ុណ្ណោះហើយបើពួកគេមានបញ្ហាអ្វីមួយទាស់នឹងខ្ញុំពួកគេគួរតែមកធ្វើការចោទប្រកាន់នៅចំពោះមុខលោក 20ឬក៏ឲ្យអ្នកទាំងនេះនិយាយដោយផ្ទាល់អំពីបទល្មើសណាមួយដែលពួកគេបានឃើញនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមប្រឹក្សាកំពូលចុះ 21លើកលែងតែពាក្យសំដីមួយនេះប៉ុណ្ណោះដែលខ្ញុំបានប្រកាសពេលឈរនៅកណ្ដាលចំណោមពួកគេថាអ្នករាល់គ្នាជំនុំជម្រះខ្ញុំនៅថ្ងៃនេះទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សស្លាប់»។ 22ដោយលោកភេលីចយល់កាន់តែច្បាស់អំពីមាគ៌ានេះគាត់ក៏ផ្អាករឿងក្ដីរបស់ពួកគេដោយនិយាយថា៖ «ពេលមេបញ្ជាការលូស៊ាមកដល់ខ្ញុំនឹងសម្រេចរឿងក្ដីដល់អ្នករាល់គ្នា» 23រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូលប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះគឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។ 24ប៉ុន្មានថ្ងៃក្រោយមកពេលលោកភេលីចនិងប្រពន្ធរបស់គាត់ឈ្មោះទ្រូស៊ីលដែលជាជនជាតិយូដាបានមកដល់លោកភេលីចក៏កោះហៅលោកប៉ូលឲ្យមករួចបានស្ដាប់លោកប៉ូលអំពីជំនឿនៅក្នុងព្រះគ្រិស្ដយេស៊ូ 25ប៉ុន្ដែនៅពេលលោកប៉ូលកំពុងអធិប្បាយអំពីសេចក្ដីសុចរិតនិងការគ្រប់គ្រងចិត្ដព្រមទាំងអំពីការជំនុំជម្រះដែលនឹងកើតឡើងលោកភេលីចក៏មានការភ័យខ្លាចហើយប្រាប់ថា៖ «ឥឡូវនេះត្រលប់ទៅសិនចុះពេលខ្ញុំមានឱកាសខ្ញុំនឹងកោះហៅអ្នកមកម្ដងទៀត»។ 26នៅពេលជាមួយគ្នានោះដែរគាត់សង្ឃឹមថាគាត់នឹងទទួលបានប្រាក់ពីលោកប៉ូលដូច្នេះក៏ចាត់គេឲ្យហៅលោកប៉ូលមកនិយាយគ្នាជាមួយគាត់ជាញឹកញាប់។ 27លុះពីរឆ្នាំកន្លងផុតទៅកាលលោកព័រគាសភេស្ទុសបានមកទទួលមុខតំណែងជំនួសលោកភេលីចហើយលោកភេលីចចង់យកចិត្ដពួកជនជាតិយូដាក៏ទុកលោកប៉ូលឲ្យជាប់គុកតទៅទៀត។
Copyright information for
KhmKCB