Acts 26
1ពេលនោះស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯង!» ដូច្នេះលោកប៉ូលក៏និយាយការពារខ្លួនទាំងលើកដៃថា៖ 2«ឱស្ដេចអ័គ្រីប៉ាអើយ! ខ្ញុំយល់ឃើញថាខ្ញុំសំណាងណាស់ថ្ងៃនេះដែលខ្ញុំកំពុងត្រៀមឆ្លើយការពារខ្លួននៅចំពោះមុខព្រះអង្គអំពីសេចក្ដីទាំងឡាយដែលពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំ 3ជាពិសេសព្រះអង្គដឹងច្បាស់ពីទំនៀមទម្លាប់និងទំនាស់ទាំងឡាយក្នុងចំណោមពួកជនជាតិយូដាដូច្នេះហើយសូមព្រះអង្គស្ដាប់ខ្ញុំដោយអនុគ្រោះផង 4គឺយ៉ាងដូច្នេះជនជាតិយូដាទាំងអស់បានដឹងអំពីរបៀបរស់នៅរបស់ខ្ញុំតាំងពីជំទង់មកម៉្លេះគឺតាំងពីដំបូងដែលខ្ញុំបានរស់នៅក្នុងចំណោមជនជាតិរបស់ខ្ញុំនៅក្រុងយេរូសាឡិម 5ហើយដោយព្រោះពួកគេបានស្គាល់ខ្ញុំតាំងពីដើមមកពួកគេធ្វើបន្ទាល់បានបើពួកគេចង់ធ្វើគឺថាខ្ញុំបានរស់នៅស្របទៅតាមគណៈដ៏តឹងរ៉ឹងបំផុតក្នុងសាសនារបស់យើងគឺខាងគណៈផារិស៊ី 6ប៉ុន្ដែពេលនេះខ្ញុំឈរទទួលការជំនុំជម្រះដោយសារសេចក្ដីសង្ឃឹមលើព្រះបន្ទូលសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើង។ 7ព្រះបន្ទូលសន្យានេះហើយដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងសង្ឃឹមថានឹងទទួលបានដោយការខិតខំបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃឱព្រះរាជាអើយ! ពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំដោយសារសេចក្ដីសង្ឃឹមនេះហើយ 8ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញជាការមិនគួរឲ្យជឿដូច្នេះ? 9ខ្ញុំផ្ទាល់ក៏ធ្លាប់គិតថាត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើនទាស់នឹងនាមព្រះយេស៊ូអ្នកក្រុងណាសារ៉ែត 10ខ្ញុំបានធ្វើដូច្នេះនៅក្រុងយេរូសាឡិមហើយខ្ញុំបានទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃឲ្យចាប់ពួកបរិសុទ្ធជាច្រើនដាក់គុកព្រមទាំងយល់ព្រមពេលគេសម្លាប់អ្នកទាំងនោះទៀតផង 11ខ្ញុំដាក់ទោសពួកគេជាញឹកញាប់នៅតាមសាលាប្រជុំទាំងឡាយខ្ញុំបានបង្ខំពួកគេឲ្យប្រមាថព្រះជាម្ចាស់ហើយដោយខឹងពួកគេកាន់តែខ្លាំងខ្ញុំក៏បៀតបៀនពួកគេរហូតដល់ក្រុងដទៃទៀត។ 12ដូច្នេះហើយខ្ញុំបានធ្វើដំណើរទៅក្រុងដាម៉ាស់ដោយមានសិទ្ធិអំណាចនិងការអនុញ្ញាតពីពួកសម្ដេចសង្ឃ 13ឱព្រះរាជាអើយ! នៅតាមផ្លូវគឺពេលថ្ងៃត្រង់ខ្ញុំបានឃើញពន្លឺមួយជាពន្លឺដែលភ្លឺជាងព្រះអាទិត្យបានចាំងពីលើមេឃមកព័ទ្ធជុំវិញខ្ញុំនិងពួកអ្នកធ្វើដំណើរជាមួយខ្ញុំ 14ហើយពេលយើងទាំងអស់គ្នាដួលទៅលើដីខ្ញុំបានឮសំឡេងមួយនិយាយមកកាន់ខ្ញុំជាភាសាហេព្រើរថាសុលអើយសុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? ដែលអ្នកធាក់ជន្លួញដូច្នេះនោះពិបាកដល់អ្នកណាស់ 15ខ្ញុំក៏សួរថាព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? រួចព្រះអម្ចាស់បានមានបន្ទូលថាយើងជាយេស៊ូដែលអ្នកកំពុងបៀតបៀន 16ប៉ុន្ដែចូរក្រោកឈរឡើងដ្បិតយើងបានបង្ហាញខ្លួនឲ្យអ្នកឃើញនេះដើម្បីតែងតាំងអ្នកជាអ្នកបម្រើនិងជាសាក្សីអំពីហេតុការណ៍ដែលអ្នកបានឃើញយើងព្រមទាំងហេតុការណ៍ដែលយើងនឹងបង្ហាញដល់អ្នក 17យើងនឹងរំដោះអ្នកពីប្រជារាស្ដ្រនេះព្រមទាំងពីសាសន៍ដទៃដែលយើងកំពុងចាត់អ្នកឲ្យទៅ 18បំភ្លឺភ្នែករបស់ពួកគេឲ្យបែរចេញពីសេចក្ដីងងឹតមកឯពន្លឺហើយពីអំណាចរបស់អារក្សសាតាំងមកឯព្រះជាម្ចាស់ដើម្បីឲ្យពួកគេទទួលបានការលើកលែងទោសបាបនិងមរតកក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធដោយជំនឿលើយើង។ 19ឱស្ដេចអ័គ្រីប៉ាអើយ! តាំងពីនោះមកខ្ញុំមិនល្មើសនឹងសុបិននិមិត្ដពីស្ថានសួគ៌នេះទេ 20គឺមុនដំបូងខ្ញុំបានប្រកាសប្រាប់ពួកអ្នកក្រុងដាម៉ាស់និងពួកអ្នកក្រុងយេរូសាឡិមដែរព្រមទាំងក្នុងស្រុកយូដាទាំងមូលនិងដល់សាសន៍ដទៃដើម្បីឲ្យពួកគេប្រែចិត្ដបែរមកឯព្រះជាម្ចាស់ទាំងប្រព្រឹត្ដអំពើដែលស័ក្ដិសមនឹងការប្រែចិត្ដ។ 21ដោយព្រោះសេចក្ដីទាំងនេះហើយបានជាជនជាតិយូដាចាប់ខ្ញុំនៅពេលខ្ញុំនៅក្នុងព្រះវិហារទាំងព្យាយាមសម្លាប់ខ្ញុំ 22ប៉ុន្ដែដោយមានជំនួយពីព្រះជាម្ចាស់ទើបខ្ញុំបានឈរធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូចទាំងអ្នកធំរហូតដល់ថ្ងៃនេះហើយខ្ញុំមិនដែលនិយាយអ្វីឡើយក្រៅពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលនិងលោកម៉ូសេបានថ្លែងទុកថានឹងកើតឡើង 23គឺព្រះគ្រិស្ដត្រូវរងទុក្ខវេទនាហើយដោយសារការរស់ពីការសោយទិវង្គតឡើងវិញមុនគេបង្អស់ព្រះអង្គនឹងប្រកាសប្រាប់ប្រជារាស្ដ្រនេះព្រមទាំងសាសន៍ដទៃអំពីពន្លឺនោះ»។ 24កាលលោកប៉ូលកំពុងនិយាយដើម្បីការពារខ្លួនពីសេចក្ដីទាំងនេះលោកភេស្ទុសក៏និយាយដោយសំឡេងខ្លាំងៗថា៖ «ប៉ូលអើយ! ឯងឆ្កួតហើយឯងរៀនច្រើនពេកបានជាឆ្កួតដូច្នេះ!» 25ប៉ុន្ដែលោកប៉ូលឆ្លើយថា៖ «លោកភេស្ទុសជាទីគោរពអើយ! ខ្ញុំមិនឆ្កួតទេដ្បិតពាក្យដែលខ្ញុំកំពុងនិយាយពិតហើយត្រឹមត្រូវ 26ដ្បិតព្រះរាជាដឹងអំពីហេតុការណ៍ទាំងនេះស្រាប់ហើយបានជាខ្ញុំទូលដល់ព្រះអង្គគឺទូលដោយក្លាហានទៀតផងហើយខ្ញុំជឿថាគ្មានហេតុការណ៍ណាមួយក្នុងចំណោមហេតុការណ៍ទាំងនេះលាក់បាំងពីព្រះរាជាបានឡើយព្រោះហេតុការណ៍នេះមិនបានកើតឡើងនៅកន្លៀតណាទេ 27ឱស្ដេចអ័គ្រីប៉ាអើយ! តើព្រះអង្គជឿអ្នកនាំព្រះបន្ទូលដែរឬទេ? ខ្ញុំដឹងថាព្រះអង្គជឿ» 28ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «ឯងកំពុងបញ្ចុះបញ្ចូលយើងឲ្យត្រលប់ជាគ្រិស្ដបរិស័ទក្នុងពេលតែមួយភ្លែតឬ!» 29លោកប៉ូលក៏ទូលថា៖ «ទោះបីក្នុងពេលតែមួយភ្លែតឬក្នុងពេលយូរក៏ដោយក៏ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់មិនមែនត្រឹមតែសម្រាប់ព្រះរាជាប៉ុណ្ណោះទេគឺសម្រាប់អ្នកទាំងអស់ដែលកំពុងស្ដាប់ខ្ញុំនៅថ្ងៃនេះដែរដើម្បីឲ្យបានដូចជាខ្ញុំដែរលើកលែងតែការជាប់ច្រវាក់ទាំងនេះ»។ 30ពេលនោះទាំងស្ដេចទាំងព្រះនាងបេរេនីសនិងលោកអភិបាលព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេបានក្រោកឡើង 31ហើយចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីសមនឹងស្លាប់ឬការជាប់ច្រវាក់ឡើយ»។ 32ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា៖ «បើបុរសនេះមិនបានប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជទេយើងអាចដោះលែងបាន»។
Copyright information for
KhmKCB