Acts 27
1នៅពេលគេសម្រេចឲ្យយើងចុះសំពៅទៅស្រុកអ៊ីតាលីពួកគេបានប្រគល់លោកប៉ូលនិងអ្នកទោសខ្លះទៀតឲ្យទៅឈ្មោះយូលាសជានាយទាហានម្នាក់របស់កងទ័ពព្រះចៅអធិរាជ 2ដូច្នេះយើងក៏ជិះសំពៅមួយមកពីក្រុងអាត្រាមីតដែលបម្រុងនឹងធ្វើដំណើរទៅកន្លែងផ្សេងៗតាមបណ្ដោយឆ្នេរស្រុកអាស៊ីហើយយើងបានចេញសំពៅទៅដោយមានលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនទៅជាមួយ។ 3នៅថ្ងៃបន្ទាប់យើងក៏ចូលចតនៅក្រុងស៊ីដូនហើយលោកយូលាសបានប្រព្រឹត្ដចំពោះលោកប៉ូលដោយសប្បុរសគឺបានអនុញ្ញាតឲ្យលោកប៉ូលទៅឯមិត្ដភក្ដិដើម្បីឲ្យគេជួយឧបត្ថម្ភគាត់។ 4បន្ទាប់មកយើងបានចេញសំពៅពីទីនោះសរសៀរតាមកោះគីប្រុសព្រោះបញ្ច្រាសខ្យល់។ 5ក្រោយពីបានធ្វើដំណើរឆ្លងកាត់លំហសមុទ្រតាមបណ្ដោយឆ្នេរស្រុកគីលីគានិងស្រុកប៉ាមភីលាយើងក៏មកដល់ក្រុងមីរ៉ាក្នុងស្រុកលូគា។ 6នៅទីនោះលោកនាយទាហានរកបានសំពៅមួយមកពីក្រុងអ័លេក្សានទ្រាដែលកំពុងធ្វើដំណើរទៅស្រុកអ៊ីតាលីដូច្នេះគាត់ក៏នាំយើងចុះក្នុងសំពៅនោះ។ 7ពេលធ្វើដំណើរសន្សឹមៗយ៉ាងពិបាកអស់រយៈពេលជាច្រើនថ្ងៃយើងក៏មកដល់តាមបណ្ដោយឆ្នេរក្រុងគ្នីដូសដោយខ្យល់មិនអនុគ្រោះឲ្យយើងទៅមុខទៀតយើងក៏ជិះសរសៀរតាមកោះក្រេតដោយឆ្លងកាត់ជ្រោយសាលម៉ូន។ 8បន្ទាប់ពីធ្វើដំណើរតាមបណ្ដោយកោះនោះយ៉ាងពិបាកមកយើងក៏មកដល់កន្លែងមួយឈ្មោះកំពង់ផែលំអនៅជិតក្រុងឡាសេ។ 9កាលបានកន្លងផុតទៅជាច្រើនថ្ងៃហើយការធ្វើដំណើរតាមសំពៅក៏លែងមានសុវត្ថិភាពដែរព្រោះថ្ងៃបុណ្យតមអាហារបានកន្លងផុតហើយដូច្នេះលោកប៉ូលក៏ដាស់តឿន 10ពួកគេថា៖ «បងប្អូនអើយ! ខ្ញុំយល់ឃើញថាការធ្វើដំណើរតាមសំពៅនឹងមានអន្ដរាយព្រមទាំងមានការខាតបង់ច្រើនគឺមិនត្រឹមតែសំពៅនិងទំនិញប៉ុណ្ណោះទេថែមទាំងជីវិតរបស់យើងទៀតផង» 11ប៉ុន្ដែលោកនាយទាហានជឿអ្នកបើកសំពៅនិងម្ចាស់សំពៅច្រើនជាងពាក្យសំដីដែលលោកប៉ូលនិយាយ។ 12ដោយកំពង់ផែនោះមិនអំណោយផលសម្រាប់ការស្នាក់នៅក្នុងរដូវរងាមនុស្សភាគច្រើនបានសម្រេចចិត្ដចេញដំណើរពីទីនោះបើយ៉ាងណាៗនឹងទៅដល់ស្រុកភេនីសជាកំពង់ផែមួយនៃកោះក្រេតដែលបែរមុខទៅទិសនិរតីនិងទិសពាយ័ព្យដើម្បីស្នាក់នៅក្នុងរដូវរងា។ 13ពេលខ្យល់ទិសខាងត្បូងបក់រំភើយៗពួកគេគិតថាបានសម្រេចបំណងក៏ទាញយុថ្កាហើយធ្វើដំណើរតាមបណ្ដោយកោះក្រេត 14ប៉ុន្ដែមិនយូរប៉ុន្មានក្រោយមកខ្យល់ព្យុះមួយឈ្មោះអ៊ើរ៉ាគ្លីដូនបានបោកបក់ប៉ះសំពៅ 15នាំយកទៅហើយដោយយើងមិនអាចបើកបញ្ច្រាសខ្យល់បានយើងក៏បណ្ដោយសំពៅឲ្យរសាត់តាមខ្យល់។ 16កាលបានមកដល់ក្បែរកោះតូចមួយឈ្មោះក្លូដេយើងអាចលើកសំប៉ានឡើងបានយ៉ាងពិបាក។ 17បន្ទាប់ពីលើកសំប៉ានរួចហើយពួកគេក៏ប្រើខ្សែពួរចងជុំវិញសំពៅហើយដោយខ្លាចក្រែងលោសំពៅកឿងនៅទឹករាក់ក្នុងឈូងសមុទ្រសៀរទីសពួកគេក៏ទម្លាក់ក្ដោងចុះឲ្យសំពៅរសាត់តាមខ្យល់ 18ហើយនៅថ្ងៃបន្ទាប់ខ្យល់ព្យុះនៅតែរុញច្រានយើងយ៉ាងខ្លាំងពួកគេក៏ទម្លាក់ទំនិញចោល 19រួចនៅថ្ងៃទីបីពួកគេក៏គ្រវែងឧបករណ៍សម្រាប់សំពៅចោលទៀតដោយដៃរបស់ពួកគេផ្ទាល់។ 20ដោយគ្មានពន្លឺថ្ងៃឬផ្កាយបំភ្លឺអស់រយៈពេលច្រើនថ្ងៃហើយព្យុះនៅតែបោកបក់មិនថមថយសោះនៅទីបំផុតយើងក៏អស់សង្ឃឹមទាំងស្រុងថានឹងបានរួចជីវិត។ 21បន្ទាប់ពីបានអត់អាហារជាច្រើនថ្ងៃមកលោកប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេហើយនិយាយថា៖ «ឱបងប្អូនអើយ! បងប្អូនគួរតែស្ដាប់តាមខ្ញុំហើយមិនចេញដំណើរពីកោះក្រេតមកនោះបងប្អូននឹងចៀសផុតពីអន្ដរាយនិងការខាតបង់យ៉ាងដូច្នេះមិនខាន 22ប៉ុន្ដែពេលនេះខ្ញុំសូមដាស់តឿនបងប្អូនឲ្យមានទឹកចិត្ដឡើងព្រោះគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបាត់បង់ជីវិតឡើយលើកលែងតែសំពៅប៉ុណ្ណោះ 23ដ្បិតយប់មិញមានទេវតារបស់ព្រះជាម្ចាស់ជាព្រះរបស់ខ្ញុំនិងជាព្រះដែលខ្ញុំបម្រើដែរបានឈរក្បែរខ្ញុំ 24ប្រាប់ថាប៉ូលអើយ! កុំខ្លាចអីអ្នកត្រូវឈរនៅចំពោះមុខព្រះចៅអធិរាជហើយមើល៍ព្រះជាម្ចាស់បានប្រទានពួកអ្នកទាំងឡាយដែលធ្វើដំណើរជាមួយអ្នកដល់អ្នកហើយ 25ដូច្នេះបងប្អូនអើយ! ចូររីករាយឡើងដ្បិតខ្ញុំជឿព្រះជាម្ចាស់ថានឹងកើតមានសព្វគ្រប់ដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ខ្ញុំ 26គឺយើងត្រូវកឿងលើកោះណាមួយមិនខាន»។ 27លុះដល់យប់ទីដប់បួនពេលយើងកំពុងរសាត់នៅកណ្ដាលសមុទ្រអាឌ្រានៅពាក់កណ្ដាលអធ្រាត្រពួកអ្នកដើរសំពៅក៏សនិ្នដ្ឋានថាពួកគេចូលជិតដីគោកណាមួយហើយ 28ដូច្នេះពេលពួកគេស្ទង់ជម្រៅទឹកមើលក៏ឃើញថាមានជម្រៅប្រហែលសាមសិបប្រាំមួយម៉ែត្រលុះទៅមុខបន្ដិចពេលពួកគេស្ទង់ជម្រៅទឹកមើលម្ដងទៀតក៏ឃើញថាមានជម្រៅប្រហែលម្ភៃប្រាំពីរម៉ែត្រ 29ហើយដោយខ្លាចក្រែងសំពៅកឿងនៅកន្លែងណាមួយពួកគេក៏ទម្លាក់យុថ្កាទាំងបួនចុះពីកន្សៃសំពៅហើយពួកគេក៏បន់ឲ្យមានថ្ងៃវិញ 30ប៉ុន្ដែពេលពួកអ្នកដើរសំពៅរករត់ចេញពីសំពៅហើយសម្រូតសំប៉ានទៅក្នុងសមុទ្រដោយធ្វើពុតហាក់ដូចជាទម្លាក់យុថ្កាពីក្បាលសំពៅ 31លោកប៉ូលក៏ប្រាប់លោកនាយទាហាននិងពួកទាហានថា៖ «បើអ្នកទាំងនេះមិននៅក្នុងសំពៅទេនោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ» 32ពេលនោះពួកទាហានក៏កាត់ផ្ដាច់ខ្សែចងសំប៉ានចោលហើយបណ្ដោយឲ្យវាអណ្ដែតទៅ។ 33លុះដល់ទៀបភ្លឺលោកប៉ូលបានលើកទឹកចិត្ដពួកគេទាំងអស់គ្នាឲ្យបរិភោគអាហារដោយនិយាយថា៖ «ថ្ងៃនេះជាថ្ងៃទីដប់បួនហើយដែលបងប្អូនបន្ដរង់ចាំដោយមិនបានបរិភោគអ្វីសោះ 34ដូច្នេះហើយខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យបរិភោគអាហារចុះសម្រាប់សុខភាពរបស់អ្នករាល់គ្នាដ្បិតគ្មានសក់មួយសរសៃណានឹងជ្រុះពីក្បាលរបស់អ្នករាល់គ្នាឡើយ» 35ពេលនិយាយដូច្នេះរួចគាត់ក៏យកនំប៉័ងមកអរព្រះគុណដល់ព្រះជាម្ចាស់នៅមុខមនុស្សទាំងអស់គ្នាហើយចាប់ផ្ដើមកាច់បរិភោគ។ 36ពួកគេមានចិត្ដរីករាយគ្រប់គ្នាហើយក៏បរិភោគអាហារដែរ 37នៅក្នុងសំពៅនោះមានមនុស្សទាំងអស់ចំនួនពីររយចិតសិបប្រាំមួយនាក់។ 38ពេលពួកគេបានបរិភោគអាហារឆ្អែតហើយពួកគេក៏សម្រាលសំពៅដោយទម្លាក់ស្រូវទៅក្នុងសមុទ្រ 39លុះភ្លឺឡើងក៏ឃើញដីគោកដែលពួកគេមិនបានស្គាល់ប៉ុន្ដែមានឆកសមុទ្រនិងឆ្នេរខ្សាច់មួយដូច្នេះពួកគេក៏សម្រេចចិត្ដឲ្យសំពៅកឿងនៅទីនោះប្រសិនបើអាចបាន 40ដូច្នេះពួកគេក៏កាត់ខ្សែទុកយុថ្កាចោលនៅក្នុងសមុទ្រទាំងស្រាយខ្សែពីចង្កូតហើយលើកក្ដោងខាងមុខឡើងឲ្យខ្យល់បក់តម្រង់ទៅរកឆ្នេរ 41ប៉ុន្ដែពេលមកដល់កន្លែងសមុទ្រពីរប្រសព្វគ្នាសំពៅក៏កឿងហើយពេលដែលក្បាលសំពៅគាំងនៅជាប់ទ្រឹងកន្សៃសំពៅក៏ត្រូវកម្លាំងរលកបំផ្លាញខ្ទេច។ 42ពេលនោះពួកទាហានមានផែនការថាពួកគេត្រូវសម្លាប់អ្នកទោសចោលក្រែងលោអ្នកណាម្នាក់ហែលគេចខ្លួន 43ប៉ុន្ដែលោកនាយទាហានចង់ជួយលោកប៉ូលក៏រារាំងពួកគេពីផែនការនេះគាត់ក៏បានបញ្ជាពួកអ្នកដែលអាចហែលទឹកបានឲ្យលោតចុះពីសំពៅហើយឡើងទៅដីគោកមុន 44រីឯអ្នកផ្សេងទៀតអ្នកខ្លះបណ្ដែតខ្លួនលើបន្ទះក្ដារអ្នកខ្លះទៀតលើបំណែកផ្សេងៗពីសំពៅដូច្នេះយើងបានទៅដល់ដីគោកដោយសុវត្ថិភាពគ្រប់គ្នា។
Copyright information for
KhmKCB