Acts 5
1មានបុរសម្នាក់ឈ្មោះអាណានាសនិងប្រពន្ធរបស់គាត់ឈ្មោះសាភីរ៉ាបានលក់ទ្រព្យសម្បត្ដិរបស់ខ្លួន 2ប៉ុន្ដែគាត់បានលាក់មួយចំណែកនៃប្រាក់លក់ទ្រព្យនោះទុកសម្រាប់ខ្លួនឯងដោយមានការដឹងឮពីប្រពន្ធដែរហើយគាត់បានយកមួយចំណែកទៀតមកដាក់នៅទៀបជើងរបស់ពួកសាវក។ 3ពេលនោះលោកពេត្រុសនិយាយថា៖ «ឱអាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នកធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ? 4កាលអ្នកនៅមានដីនៅឡើយតើវាមិនមែនជារបស់អ្នកទេឬ? ក្រោយពីបានលក់ហើយតើប្រាក់មិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកកើតគំនិតនេះនៅក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេគឺបានកុហកព្រះជាម្ចាស់ទេតើ!» 5កាលលោកអាណានាសឮពាក្យទាំងនេះហើយគាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅហើយអស់អ្នកដែលបានឮអំពីហេតុការណ៍នេះក៏មានសេចក្ដីកោតខ្លាចជាខ្លាំង។ 6ពេលនោះពួកយុវជនក៏ក្រោកឡើងរុំសពគាត់ហើយសែងយកទៅបញ្ចុះ។ 7ប្រហែលជាបីម៉ោងក្រោយមកប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។ 8លោកពេត្រុសក៏សួរនាងថា៖ «សូមប្រាប់ខ្ញុំមើល៍តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយថា«ចា៎ស! ប៉ុណ្ណឹងមែន»។ 9ពេលនោះលោកពេត្រុសក៏និយាយទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីរបស់នាងនៅមាត់ទ្វារហើយពួកគេនឹងសែងនាងយកទៅដែរ»។ 10ភ្លាមនោះនាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុសហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមកហើយឃើញនាងស្លាប់ដូច្នេះពួកគេក៏សែងនាងយកទៅបញ្ចុះក្បែរប្ដីរបស់នាង។ 11ក្រុមជំនុំទាំងមូលព្រមទាំងអស់អ្នកដែលបានឮអំពីហេតុការណ៍នេះមានសេចក្ដីកោតខ្លាចជាខ្លាំង។ 12មានទីសំគាល់និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជនតាមរយៈដៃរបស់ពួកសាវកហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន 13រីឯអ្នកផ្សេងទៀតគ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេប៉ុន្ដែទោះជាយ៉ាងណាក្ដីប្រជាជនគោរពពួកគេ 14ហើយអស់អ្នកដែលបានជឿព្រះអម្ចាស់ទាំងប្រុសទាំងស្រីមានចំនួនកើនឡើងជាលំដាប់ 15ដូច្នេះហើយបានជាមានគេសែងពួកអ្នកជំងឺមកដាក់នៅតាមផ្លូវហើយផ្ដេកអ្នកជំងឺទាំងនោះនៅលើគ្រែស្នែងនិងកន្ទេលដើម្បីពេលលោកពេត្រុសដើរកាត់យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់បាំងលើអ្នកខ្លះក្នុងចំណោមពួកគេ 16ហើយមនុស្សជាច្រើនដែលនៅក្នុងក្រុងទាំងឡាយជុំវិញក្រុងយេរូសាឡិមបាននាំគ្នាមកដែរដោយនាំយកពួកអ្នកជំងឺនិងអស់អ្នកដែលត្រូវពួកវិញ្ញាណអាក្រក់ធ្វើទុក្ខមកជាមួយហើយអ្នកទាំងនោះក៏ត្រូវបានប្រោសឲ្យជាទាំងអស់គ្នា។ 17រីឯសម្ដេចសង្ឃនិងពួកអ្នកដែលនៅជាមួយដែលជាពួកអ្នកខាងគណៈសាឌូស៊ីបានរួមគ្នាប្រឆាំងព្រោះពួកគេពេញដោយសេចក្ដីច្រណែន 18ពួកគេបានចាប់ពួកសាវកហើយយកទៅឃុំទុកនៅក្នុងគុកសាធារណៈ។ 19ប៉ុន្ដែនៅពេលយប់ទេវតារបស់ព្រះអម្ចាស់បានបើកទ្វារគុកហើយនាំពួកគេចេញទាំងនិយាយថា៖ 20«ចូរទៅហើយឈរប្រកាសប្រាប់ប្រជាជននៅក្នុងព្រះវិហារអំពីអស់ទាំងព្រះបន្ទូលនៃជីវិតនេះចុះ»។ 21ពេលឮដូច្នេះហើយពួកគេក៏ចូលទៅក្នុងព្រះវិហារពីព្រលឹមហើយចាប់ផ្ដើមបង្រៀន។ កាលសម្ដេចសង្ឃនិងពួកអ្នកនៅជាមួយបានមកដល់ហើយពួកគេក៏កោះហៅក្រុមប្រឹក្សាកំពូលរួមទាំងក្រុមប្រឹក្សារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់មកនិងបានចាត់គេឲ្យទៅគុកដើម្បីនាំពួកសាវកមក 22ប៉ុន្ដែកាលពួកឆ្មាំព្រះវិហារបានទៅដល់គុកពួកគេមិនបានឃើញពួកសាវកនៅក្នុងនោះទេដូច្នេះពួកគេក៏ត្រលប់មករាយការណ៍វិញ 23ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំទាំងមានអ្នកយាមឈរនៅមាត់ទ្វារប៉ុន្ដែពេលយើងបើកទ្វារទៅនោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។ 24ពេលប្រធានឆ្មាំព្រះវិហារនិងពួកសម្ដេចសង្ឃឮដូច្នោះពួកគេគិតមិនយល់ទាល់តែសោះចំពោះហេតុការណ៍ដែលបានកើតឡើងដល់ពួកសាវក។ 25ពេលនោះមានម្នាក់បានមករាយការណ៍ប្រាប់ពួកគេថា៖ «មើល៍ពួកមនុស្សដែលពួកលោកបានចាប់ដាក់គុកនោះឥឡូវនេះពួកគេកំពុងឈរបង្រៀនប្រជាជននៅក្នុងព្រះវិហារឯណោះ!» 26ដូច្នេះប្រធានឆ្មាំព្រះវិហារនិងពួកឆ្មាំព្រះវិហារបានចេញទៅនាំពួកសាវកមកដោយគ្មានអំពើហិង្សាទេព្រោះពួកគេខ្លាចប្រជាជនគប់ពួកគេនឹងដុំថ្ម។ 27ពេលពួកគេនាំពួកសាវកមកដល់ហើយពួកគេក៏ដាក់អ្នកទាំងនោះនៅមុខក្រុមប្រឹក្សាកំពូលហើយសម្ដេចសង្ឃក៏សួរពួកគេ 28ថា៖ «យើងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឲ្យអ្នករាល់គ្នាបង្រៀនដោយនូវឈ្មោះរបស់អ្នកនោះទេប៉ុន្ដែមើល៍អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិមហើយមានបំណងយកឈាមបុរសនេះមកទម្លាក់លើយើងទៀតផង»។ 29ពេលនោះលោកពេត្រុសនិងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ជាជាងស្ដាប់តាមមនុស្ស 30ព្រះនៃដូនតារបស់យើងបានប្រោសព្រះយេស៊ូដែលពួកលោកបានសម្លាប់ដោយព្យួរនៅលើឈើឆ្កាងឲ្យរស់ឡើងវិញ។ 31ព្រះយេស៊ូនេះហើយដែលព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គធ្វើជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះដើម្បីប្រទានការប្រែចិត្ដព្រមទាំងការលើកលែងទោសបាបដល់ជនជាតិអ៊ីស្រាអែល 32រីឯយើងជាសាក្សីអំពីហេតុការណ៍នេះហើយព្រះវិញ្ញាណបរិសុទ្ធដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។ 33ពេលពួកគេឮដូច្នេះក៏ខឹងជាខ្លាំងហើយចង់សម្លាប់ពួកសាវកចោល 34ប៉ុន្ដែមានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាលជាគ្រូវិន័យនិងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរពគាត់បានងើបឈរឡើងនៅក្នុងក្រុមប្រឹក្សាកំពូលនោះហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះទៅខាងក្រៅបន្ដិចសិន។ 35បន្ទាប់មកគាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ចូរប្រយ័ត្នខ្លួនពីការដែលបងប្អូនប៉ុនប៉ងធ្វើចំពោះអ្នកទាំងនេះ 36ដ្បិតពេលថ្មីៗកន្លងមកនេះមានម្នាក់ឈ្មោះធើដាសបានអះអាងធ្វើជាមនុស្សដ៏អស្ចារ្យម្នាក់ហើយមនុស្សមួយក្រុមដែលមានគ្នាប្រហែលបួនរយនាក់បានចូលរួមជាមួយអ្នកនោះប៉ុន្ដែអ្នកនោះក៏ត្រូវគេសម្លាប់ហើយពួកអ្នកទាំងឡាយដែលដើរតាមគាត់បានខ្ចាត់ខ្ចាយអស់ 37បន្ទាប់ពីម្នាក់នោះមកមានម្នាក់ទៀតឈ្មោះយូដាសជាអ្នកស្រុកកាលីឡេបានក្រោកឡើងបះបោរនៅគ្រាធ្វើជំរឿនប្រជាជនគាត់បានអូសទាញមនុស្សមួយចំនួនឲ្យដើរតាមគាត់។ អ្នកនេះក៏វិនាសដែរហើយពួកអ្នកដែលដើរតាមគាត់ទាំងឡាយក៏ខ្ចាត់ខ្ចាយអស់ដែរ 38ដូច្នេះក្នុងករណីនេះខ្ញុំសូមប្រាប់អ្នករាល់គ្នាថាចូរនៅឲ្យឆ្ងាយពីមនុស្សទាំងនេះហើយបណ្ដោយតាមពួកគេចុះព្រោះបើគម្រោងការឬសកម្មភាពនេះជារបស់មនុស្សនោះនឹងត្រូវវិនាសមិនខាន 39ផ្ទុយទៅវិញបើការនេះមកពីព្រះជាម្ចាស់នោះអ្នករាល់គ្នាមិនអាចធ្វើឲ្យពួកគេវិនាសបានឡើយមិនត្រឹមតែប៉ុណ្ណោះអ្នករាល់គ្នានឹងក្លាយជាអ្នកតតាំងនឹងព្រះជាម្ចាស់ទៀតផង»។ ពួកគេក៏យល់ព្រមតាមសំដីរបស់គាត់ 40បន្ទាប់មកពួកគេក៏ហៅពួកសាវកឲ្យចូលមកវិញនិងបានវាយអ្នកទាំងនោះទាំងហាមមិនឲ្យប្រកាសដោយនូវព្រះនាមរបស់ព្រះយេស៊ូទៀតឡើយរួចពួកគេក៏ដោះលែងពួកសាវក។ 41ពេលនោះពួកសាវកបានចេញពីអង្គប្រជុំរបស់ក្រុមប្រឹក្សាកំពូលទាំងអរសប្បាយចំពោះការដែលត្រូវបានគេរាប់ថាជាអ្នកស័ក្ដិសមទទួលសេចក្ដីដំណៀលដោយព្រោះព្រះនាមរបស់ព្រះអង្គ 42ហើយជារៀងរាល់ថ្ងៃពួកសាវកបានបន្ដបង្រៀនព្រមទាំងប្រកាសដំណឹងល្អអំពីព្រះយេស៊ូជាព្រះគ្រិស្ដឥតឈប់ឈរទាំងនៅក្នុងព្រះវិហារនិងនៅតាមផ្ទះ។
Copyright information for
KhmKCB