Acts 6
1នៅគ្រានោះពេលពួកសិស្សកំពុងកើនចំនួនឡើងនោះពួកជនជាតិយូដាដែលនិយាយភាសាក្រេកបាននិយាយរអ៊ូរទាំចំពោះជនជាតិយូដាដែលនិយាយភាសាហេព្រើរថាការចែកអាហារប្រចាំថ្ងៃដល់ពួកស្ដ្រីមេម៉ាយរបស់ពួកគេមិនបានដិតដល់ទេ។ 2ពេលនោះពួកសាវកទាំងដប់ពីរបានហៅពួកសិស្សទាំងអស់មកហើយនិយាយថា៖ «មិនស័ក្ដិសមទេដែលឲ្យយើងឈប់រវីរវល់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុនោះ 3ដូច្នេះបងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ក្នុងចំណោមអ្នករាល់គ្នាដែលមានកេរ្ដិ៍ឈ្មោះល្អពេញដោយព្រះវិញ្ញាណនិងប្រាជ្ញាមកនោះយើងនឹងតែងតាំងអ្នកទាំងនោះឲ្យមើលខុសត្រូវលើមុខងារនេះ 4រីឯយើងវិញយើងនឹងបន្ដនៅក្នុងសេចក្ដីអធិស្ឋាននិងការបម្រើព្រះបន្ទូលយ៉ាងខ្ជាប់ខ្ជួន!» 5អង្គប្រជុំទាំងមូលពេញចិត្ដនឹងសំណើនេះណាស់ដូច្នេះពួកគេក៏ជ្រើសរើសលោកស្ទេផានជាអ្នកដែលពេញដោយជំនឿនិងព្រះវិញ្ញាណបរិសុទ្ធលោកភីលីពលោកប្រូខូរ៉ុសលោកនីកាន័រលោកទីម៉ូនលោកប៉ាមេណានិងលោកនីកូឡាសជាអ្នកចូលសាសនាយូដាមកពីក្រុងអាន់ទីយ៉ូក។ 6ពួកគេបាននាំអ្នកទាំងនោះមកឈរនៅចំពោះមុខពួកសាវកហើយពួកសាវកក៏អធិស្ឋានដោយដាក់ដៃលើអ្នកទាំងនោះ។ 7ដូច្នេះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏កាន់តែចម្រើនឡើងហើយចំនួនសិស្សនៅក្រុងយេរូសាឡិមក៏កើនឡើងយ៉ាងច្រើនឯពួកសង្ឃជាច្រើនក៏ប្រតិបត្តិតាមជំនឿនេះដែរ! 8រីឯលោកស្ទេផានជាមនុស្សម្នាក់ពេញដោយព្រះគុណនិងអំណាចគាត់បានធ្វើការអស្ចារ្យនិងទីសំគាល់ធំៗក្នុងចំណោមប្រជាជន 9នៅពេលនោះមានមនុស្សខ្លះមកពីសាលាប្រជុំមួយដែលហៅថាក្រុមសេរីភាពដែលមានពួកអ្នកក្រុងគីរេនពួកអ្នកក្រុងអ័លេក្សានទ្រានិងអ្នកខ្លះមកពីស្រុកគីលីគានិងស្រុកអាស៊ីបានសួរដេញដោលលោកស្ទេផាន 10ប៉ុន្ដែពួកគេមិនអាចតទល់នឹងសេចក្ដីដែលលោកស្ទេផាននិយាយដោយប្រាជ្ញានិងព្រះវិញ្ញាណនោះបានទេ 11ដូច្នេះពួកគេក៏អូសទាញមនុស្សខ្លះឲ្យនិយាយថា៖ «យើងបានឮអ្នកនេះនិយាយពាក្យប្រមាថដល់លោកម៉ូសេនិងព្រះជាម្ចាស់!» 12ពួកគេបានញុះញង់ប្រជាជនពួកចាស់ទុំនិងពួកគ្រូវិន័យហើយពួកគេក៏នាំគ្នាមកចាប់លោកស្ទេផានយកទៅដាក់នៅចំពោះមុខក្រុមប្រឹក្សាកំពូល។ 13ពួកគេបានរៀបចំពួកសាក្សីក្លែងក្លាយឲ្យនិយាយថា៖ «មនុស្សនេះចេះតែនិយាយពាក្យជំទាស់នឹងទីបរិសុទ្ធនេះព្រមទាំងគម្ពីរវិន័យឥតឈប់ឈរឡើយ 14ដ្បិតយើងបានឮគាត់និយាយថាយេស៊ូជាអ្នកក្រុងណាសារ៉ែតនេះនឹងបំផ្លាញកន្លែងនេះចោលហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលលោកម៉ូសេបានប្រគល់ឲ្យយើងទៀតផង»។ 15រីឯពួកអ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាកំពូលបានសម្លឹងមើលលោកស្ទេផានគ្រប់ៗគ្នាពួកគេបានឃើញមុខរបស់គាត់ដូចជាមុខរបស់ទេវតា។
Copyright information for
KhmKCB