Acts 8
1រីឯលោកសុលក៏បានយល់ស្របសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះមានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិមហើយអ្នកជឿទាំងអស់បានខ្ចាត់ខ្ចាយទៅពាសពេញតំបន់នានាក្នុងស្រុកយូដានិងស្រុកសាម៉ារីលើកលែងតែពួកសាវក។ 2ពេលនោះពួកប្រុសៗដែលកោតខ្លាចព្រះជាម្ចាស់បានយកសពលោកស្ទេផានទៅបញ្ចុះហើយយំស្រណោះគាត់យ៉ាងខ្លាំង 3រីឯលោកសុលបានបំផ្លាញក្រុមជំនុំដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុសទាំងស្រីនៅតាមផ្ទះយកទៅដាក់គុក។ 4រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយទៅនោះបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទាំងប្រកាសព្រះបន្ទូលផង។ 5ពេលនោះលោកភីលីពបានចុះទៅក្រុងមួយក្នុងស្រុកសាម៉ារីហើយប្រកាសប្រាប់ពួកគេអំពីព្រះគ្រិស្ដ 6ពេលបណ្ដាជនបានស្ដាប់និងបានឃើញទីសំគាល់អស្ចារ្យនានាដែលគាត់បានធ្វើពួកគេទាំងអស់គ្នាក៏យកចិត្ដទុកដាក់ស្ដាប់អ្វីដែលគាត់បាននិយាយ 7ដ្បិតពួកវិញ្ញាណអាក្រក់ដែលបានចូលមនុស្សជាច្រើនពួកវាបានចេញមកទាំងស្រែកខ្លាំងៗហើយមនុស្សស្លាប់ដៃជើងនិងមនុស្សខ្វិនជាច្រើនត្រូវបានប្រោសឲ្យជា 8ដូច្នេះហើយក៏មានអំណរជាខ្លាំងនៅក្នុងក្រុងនោះ។ 9នៅក្នុងក្រុងនោះមានបុរសម្នាក់ឈ្មោះស៊ីម៉ូនដែលកាលពីមុនធ្លាប់ប្រើមន្ដអាគមធ្វើឲ្យប្រជាជននៅក្នុងស្រុកសាម៉ារីស្ញប់ស្ញែងព្រមទាំងបានអះអាងថាខ្លួនជាមនុស្សដ៏អស្ចារ្យម្នាក់ 10មនុស្សទាំងអស់ចាប់ពីអ្នកតូចដល់អ្នកធំបានយកចិត្ដទុកដាក់ស្ដាប់គាត់ទាំងនិយាយថា៖ «មនុស្សនេះហើយដែលគេហៅថាអំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់» 11ដោយគាត់បានធ្វើឲ្យពួកគេស្ញប់ស្ញែងចំពោះមន្ដអាគមរបស់គាត់យូរមកហើយបានជាពួកគេយកចិត្ដទុកដាក់ស្ដាប់គាត់ដូច្នេះ 12ប៉ុន្ដែពេលពួកគេជឿដំណឹងល្អដែលលោកភីលីពបានប្រកាសអំពីនគរព្រះជាម្ចាស់និងអំពីព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុសទាំងស្រី 13សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរហើយក្រោយពីទទួលពិធីជ្រមុជទឹករួចគាត់ក៏នៅជាមួយលោកភីលីពតទៅទៀតហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំងពេលគាត់បានឃើញទីសំគាល់និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។ 14បន្ទាប់មកពេលពួកសាវកនៅក្នុងក្រុងយេរូសាឡិមបានឮថាស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ពួកគេក៏ចាត់លោកពេត្រុសនិងលោកយ៉ូហានឲ្យទៅឯអ្នកទាំងនោះ 15អ្នកទាំងពីរក៏ចុះមកហើយអធិស្ឋានសម្រាប់ពួកគេដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ 16ដ្បិតព្រះវិញ្ញាណមិនទាន់យាងមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ 17ដូច្នេះហើយអ្នកទាំងពីរនោះបានដាក់ដៃលើពួកគេហើយពួកគេក៏ទទួលព្រះវិញ្ញាណបរិសុទ្ធ 18ពេលលោកស៊ីម៉ូនឃើញថាព្រះវិញ្ញាណបានសណ្ឋិតតាមរយៈការដាក់ដៃរបស់សាវកទាំងពីរដូច្នេះគាត់ក៏ជូនប្រាក់ដល់សាវកទាំងពីរនោះ 19ទាំងនិយាយថា៖ «សូមឲ្យសិទ្ធិអំណាចនេះដល់ខ្ញុំដែរដើម្បីឲ្យអស់អ្នកដែលខ្ញុំដាក់ដៃលើបានទទួលព្រះវិញ្ញាណបរិសុទ្ធ» 20ប៉ុន្ដែលោកពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកចុះព្រោះអ្នកស្មានថាអ្នកអាចយកប្រាក់ទិញអំណោយទានរបស់ព្រះជាម្ចាស់បាន! 21ដោយសារតែចិត្ដរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់នោះអ្នកគ្មានចំណែកឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។ 22ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះហើយអធិស្ឋានទៅព្រះជាម្ចាស់ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នកចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក 23ដ្បិតខ្ញុំឃើញថាអ្នកជាប់នៅក្នុងសេចក្ដីជូរល្វីងនិងចំណងនៃសេចក្ដីទុច្ចរិត» 24ពេលនោះលោកស៊ីម៉ូនបានឆ្លើយថា៖ «សូមលោកអធិស្ឋានទៅព្រះអម្ចាស់ឲ្យខ្ញុំផងដើម្បីកុំឲ្យហេតុអាក្រក់ណាមួយដែលលោកបាននិយាយនោះកើតឡើងចំពោះខ្ញុំឡើយ»។ 25ពេលអ្នកទាំងពីរនោះបានធ្វើបន្ទាល់និងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយពួកគេក៏ត្រលប់មកក្រុងយេរូសាឡិមវិញទាំងប្រកាសដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។ 26នៅពេលនោះទេវតារបស់ព្រះអម្ចាស់ប្រាប់លោកភីលីពថា៖ «ចូរក្រោកឡើងហើយធ្វើដំណើរទៅទិសខាងត្បូងតាមផ្លូវដែលឡើងពីក្រុងយេរូសាឡិមទៅក្រុងកាសាចុះ»។ ផ្លូវនេះស្ងាត់ណាស់។ 27ដូច្នេះគាត់ក៏ក្រោកឡើងហើយចេញទៅ។ មានជនជាតិអេធីយ៉ូពីម្នាក់ជាមនុស្សកម្រៀវហើយជាមន្ដ្រីរាជវាំងរបស់ព្រះនាងកាន់ដេសដែលជាមហាក្សត្រិយានីរបស់ជនជាតិអេធីយ៉ូពី។ គាត់មើលខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ព្រះនាង។ គាត់បានមកក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំ 28ហើយពេលគាត់កំពុងជិះរទេះសេះរបស់គាត់ត្រលប់ទៅវិញគាត់ក៏អានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូល 29ព្រះវិញ្ញាណមានបន្ទូលប្រាប់លោកភីលីពថា៖ «ចូរទៅឲ្យកៀករទេះសេះនោះចុះ»។ 30នៅពេលរត់ទៅទាន់រទេះសេះនោះលោកភីលីពក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូលដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?» 31គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបានបើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។ 32បទគម្ពីរដែលមន្ដ្រីម្នាក់នោះកំពុងអានគឺលោកត្រូវគេនាំទៅដូចជាចៀមដែលគេយកទៅសម្លាប់ហើយដូចជាកូនចៀមដែលស្ងាត់ស្ងៀមនៅចំពោះមុខអ្នកកាត់រោមដូច្នេះហើយបានជាលោកមិនបើកមាត់និយាយសោះ។ 33នៅពេលលោកត្រូវគេបន្ទាបបន្ថោកលោកមិនបានទទួលសេចក្ដីយុត្តិធម៌ទេ។ តើអ្នកណានឹងអាចប្រាប់អំពីពូជពង្សរបស់លោកបាន? ព្រោះគេបានដកយកជីវិតរបស់លោកពីផែនដីនេះបាត់ហើយ។ 34មនុស្សកម្រៀវនោះបានសួរលោកភីលីពថា៖ «ខ្ញុំសូមសួរអ្នកទៅមើល៍តើអ្នកនាំព្រះបន្ទូលនិយាយយ៉ាងដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់ឬអំពីអ្នកដទៃ?» 35ដូច្នេះលោកភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះអំពីព្រះយេស៊ូដោយចាប់ផ្ដើមពីបទគម្ពីរនោះ។ 36ពេលអ្នកទាំងពីរកំពុងធ្វើដំណើរតាមផ្លូវពួកគេក៏មកដល់កន្លែងមួយមានទឹក។ មនុស្សកម្រៀវនោះក៏ប្រាប់ថា៖ «មើល៍នៅទីនេះមានទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន? 37[លោកភីលីពតបថា៖ «បើលោកជឿអស់អំពីចិត្តមែននោះលោកអាចទទួលបាន» មន្ត្រីនោះក៏ឆ្លើយថា៖ «ខ្ញុំជឿថាព្រះយេស៊ូគ្រិស្តជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់» ] 38ពេលនោះគាត់ក៏បញ្ជាឲ្យរទេះសេះឈប់ហើយពួកគេបានចុះទៅក្នុងទឹកទាំងពីរនាក់ទាំងលោកភីលីពនិងមនុស្សកម្រៀវរួចលោកភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យមនុស្សកម្រៀវនោះ។ 39ពេលអ្នកទាំងពីរឡើងពីទឹកមកវិញព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់យកលោកភីលីពទៅហើយមនុស្សកម្រៀវនោះមិនឃើញលោកភីលីពទៀតទេប៉ុន្ដែគាត់បានបន្ដដំណើរទៅទាំងអរសប្បាយ។ 40រីឯលោកភីលីពវិញគេបានឃើញគាត់នៅឯក្រុងអាសូតហើយពេលគាត់ធ្វើដំណើរទៅគាត់ក៏ប្រកាសដំណឹងល្អក្នុងក្រុងទាំងអស់រហូតទាល់តែគាត់បានមកដល់ក្រុងសេសារា។
Copyright information for
KhmKCB