Romans 10
1បងប្អូនអើយ! ចិត្ដប្រាថ្នារបស់ខ្ញុំនិងការអធិស្ឋានទូលសុំដល់ព្រះជាម្ចាស់សម្រាប់ជនជាតិអ៊ីស្រាអែលគឺឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ 2ដ្បិតខ្ញុំធ្វើបន្ទាល់ពីពួកគេថាពួកគេមានចិត្ដប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ណាស់ប៉ុន្ដែមិនមែនដោយប្រាជ្ញាទេ 3ព្រោះពួកគេមិនយល់អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ហើយពួកគេខំធ្វើឲ្យខ្លួនឯងបានសុចរិតដោយមិនបានចុះចូលតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ 4ដ្បិតព្រះគ្រិស្ដជាអ្នកសម្រេចក្រឹត្យវិន័យដើម្បីឲ្យអ្នកជឿទាំងអស់ទទួលសេចក្ដីសុចរិត។ 5លោកម៉ូសេបានចែងទុកអំពីសេចក្ដីសុចរិតដែលមានតាមរយៈក្រឹត្យវិន័យថាអ្នកណាប្រព្រឹត្តតាមសេចក្ដីទាំងនេះអ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនេះឯង 6ឯសេចក្ដីសុចរិតដែលមានដោយសារជំនឿវិញមានចែងដូច្នេះថាកុំឲ្យអ្នកគិតក្នុងចិត្ដថាតើអ្នកណានឹងឡើងទៅស្ថានសួគ៌បាន[គឺថាដើម្បីនាំព្រះគ្រិស្ដចុះមក]? 7ឬតើអ្នកណានឹងចុះទៅក្នុងរណ្ដៅនរក[គឺថាដើម្បីនាំព្រះគ្រិស្ដចេញពីចំណោមពួកមនុស្សស្លាប់]? 8តើបទគម្ពីរចែងយ៉ាងដូចម្ដេច? គឺចែងថា៖ «ព្រះបន្ទូលនៅក្បែរៗអ្នកនេះឯងគឺនៅក្នុងមាត់របស់អ្នកនិងនៅក្នុងចិត្តរបស់អ្នក» នោះហើយជាព្រះបន្ទូលអំពីជំនឿដែលយើងកំពុងប្រកាស 9ព្រោះបើមាត់របស់អ្នកប្រកាសថាព្រះយេស៊ូជាព្រះអម្ចាស់ហើយជឿនៅក្នុងចិត្តថាព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញមែននោះអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ។ 10ដ្បិតមនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារចិត្ដដែលជឿហើយបានទទួលសេចក្ដីសង្គ្រោះដោយសារមាត់ដែលប្រកាស 11ព្រោះបទគម្ពីរចែងថា៖ «អ្នកណាក៏ដោយដែលជឿព្រះអង្គអ្នកនោះនឹងមិនខកចិត្ដឡើយ»។ 12ដូច្នេះជនជាតិយូដានិងជនជាតិក្រេកគ្មានអ្វីខុសគ្នាទេដ្បិតមានព្រះអម្ចាស់តែមួយជាព្រះអម្ចាស់របស់មនុស្សទាំងអស់គ្នាហើយព្រះអង្គប្រោសប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ 13ព្រោះអ្នកណាក៏ដោយដែលអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់អ្នកនោះនឹងទទួលបានសេចក្ដីសង្គ្រោះ។ 14ដូច្នេះតើធ្វើដូចម្ដេចឲ្យពួកគេអំពាវនាវរកព្រះអង្គបានបើពួកគេមិនដែលជឿផង? ហើយឲ្យពួកគេជឿយ៉ាងដូចម្ដេចបានបើពួកគេមិនដែលឮផង? ហើយឲ្យពួកគេឮយ៉ាងដូចម្ដេចបានបើគ្មានអ្នកណាប្រកាសប្រាប់ពួកគេផង? 15តើឲ្យមានអ្នកប្រកាសយ៉ាងដូចម្ដេចបានបើគ្មានអ្នកណាចាត់ឲ្យគេទៅផង? ដូចមានសេចក្ដីចែងទុកថា៖ «ជើងរបស់អ្នកប្រកាសដំណឹងល្អអំពីសេចក្ដីសុខសាន្ដល្អប្រពៃណាស់ហ្ន៎!» 16ប៉ុន្ដែមិនមែនមនុស្សទាំងអស់បានស្ដាប់តាមដំណឹងល្អទេព្រោះលោកអេសាយនិយាយថា៖ «ឱព្រះអម្ចាស់អើយ! តើអ្នកណាជឿសេចក្ដីប្រកាសរបស់យើង?» 17ដូច្នេះជំនឿកើតមកពីការឮហើយការឮនោះជាការឮអំពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ 18ប៉ុន្ដែខ្ញុំសូមសួរថាតើពួកគេមិនដែលឮទេឬ? ទេពួកគេបានឮប្រាកដណាស់«សំឡេងនោះបានលាន់ពាសពេញផែនដីហើយពាក្យសំដីក៏ឮដល់ចុងបំផុតនៃផែនដីទៀតផង»។ 19ហើយខ្ញុំសូមសួរទៀតថាតើជនជាតិអ៊ីស្រាអែលមិនដែលដឹងទេឬ? លោកម៉ូសេបានថ្លែងទុកជាមុនថា៖ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែនដោយសារមនុស្សដែលមិនដឹងជាជនជាតិណាមួយហើយយើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹងដោយសារជនជាតិមួយដែលគ្មានប្រាជ្ញា»។ 20រីឯលោកអេសាយវិញមានចិត្ដក្លាហានហើយគាត់បានថ្លែងថា៖ «យើងឲ្យពួកអ្នកដែលមិនបានស្វែងរកយើងបានឃើញយើងព្រមទាំងបង្ហាញឲ្យពួកអ្នកដែលមិនបានសួររកយើងឃើញយើងដែរ»។ 21ហើយគាត់បានថ្លែងអំពីជនជាតិអ៊ីស្រាអែលថា៖ «យើងបានលូកដៃរបស់យើងពេញមួយថ្ងៃទៅឯជនជាតិមួយដែលមិនស្ដាប់បង្គាប់ហើយចេះតែប្រឆាំង»។
Copyright information for
KhmKCB