Romans 11
1ដូច្នេះខ្ញុំសូមសួរថាតើព្រះជាម្ចាស់បោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គចោលឬ? មិនមែនដូច្នោះទេព្រោះខ្ញុំផ្ទាល់ក៏ជាជនជាតិអ៊ីស្រាអែលម្នាក់ដែរហើយជាពូជពង្សរបស់លោកអ័ប្រាហាំកើតនៅក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ 2ព្រះជាម្ចាស់មិនបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គដែលព្រះអង្គបានស្គាល់ជាមុននោះឡើយឬមួយអ្នករាល់គ្នាមិនដឹងអំពីអ្វីដែលបទគម្ពីរបានចែងអំពីលោកអេលីយ៉ាទេឬអីថាតើគាត់ទូលអង្វរព្រះជាម្ចាស់ទាស់ជាមួយជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេចខ្លះ? 3គឺគាត់ទូលថា៖ «ព្រះអម្ចាស់អើយ! ពួកគេបានសម្លាប់ពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គហើយរំលំកន្លែងថ្វាយតង្វាយទាំងឡាយរបស់ព្រះអង្គចោលនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះរួចពួកគេរកសម្លាប់ខ្ញុំទៀត!» 4តើព្រះជាម្ចាស់មានបន្ទូលឆ្លើយទៅគាត់យ៉ាងដូចម្ដេច? គឺព្រះអង្គឆ្លើយថា៖ «យើងបានរក្សាមនុស្សប្រាំពីរពាន់នាក់ទុកសម្រាប់យើងជាពួកអ្នកដែលមិនលុតជង្គង់នៅចំពោះមុខព្រះបាល»។ 5ដូច្នេះដែរនៅបច្ចុប្បន្ននេះក៏មានអ្នកនៅសល់ដែលព្រះអង្គបានជ្រើសរើសដោយសារព្រះគុណ 6ហើយបើដោយសារព្រះគុណមែននោះមិនត្រូវអាងលើការប្រព្រឹត្តិទៀតទេបើមិនដូច្នេះទេព្រះគុណមិនមែនជាព្រះគុណទៀតទេ។ 7តើយ៉ាងដូចម្ដេចទៀត? អ្វីដែលជនជាតិអ៊ីស្រាអែលស្វែងរកនោះមិនបានទទួលឡើយប៉ុន្ដែពួកដែលត្រូវបានជ្រើសរើសបានទទួលឯអ្នកឯទៀតៗត្រូវធ្វើឲ្យមានចិត្ដរឹងរូស 8ដូចមានសេចក្ដីចែងទុកថា៖ «ព្រះជាម្ចាស់ប្រទានវិញ្ញាណស្ពឹកស្រពន់និងភ្នែកដែលមើលមិនឃើញហើយត្រចៀកដែលស្ដាប់មិនឮដល់ពួកគេរហូតមកដល់សព្វថ្ងៃនេះ»។ 9ឯស្ដេចដាវីឌវិញនិយាយថា៖ «សូមឲ្យតុរបស់ពួកគេត្រលប់ជាអង្គប់ជាអន្ទាក់ជារបស់ដែលធ្វើឲ្យជំពប់ដួលនិងជាសំណងដល់ពួកគេវិញចុះ 10សូមឲ្យភ្នែករបស់ពួកគេងងឹតមើលមិនឃើញហើយឲ្យខ្នងរបស់ពួកគេកោងរហូត»។ 11ដូច្នេះខ្ញុំសូមសួរថាតើពួកគេបានជំពប់ដើម្បីដួលចុះឬ? មិនមែនដូច្នោះទេផ្ទុយទៅវិញដើម្បីឲ្យសាសន៍ដទៃបានទទួលសេចក្ដីសង្គ្រោះដោយសារកំហុសរបស់ពួកគេព្រមទាំងធ្វើឲ្យពួកគេច្រណែន។ 12បើកំហុសរបស់ពួកគេនាំភាពចម្រើនដល់ពិភពលោកហើយការអន់ថយរបស់ពួកគេនាំភាពចម្រើនដល់សាសន៍ដទៃយ៉ាងនេះទៅហើយចុះទម្រាំភាពពេញលក្ខណៈរបស់ពួកគេវិញនោះនឹងនាំនូវការប្រសើរច្រើនលើសលប់យ៉ាងណាទៅទៀត! 13ខ្ញុំនិយាយទៅអ្នករាល់គ្នាជាសាសន៍ដទៃព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃបានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ 14ហើយប្រហែលជាខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែនដើម្បីឲ្យពួកគេខ្លះទទួលបានសេចក្ដីសង្គ្រោះ។ 15បើការដែលពួកគេត្រូវបដិសេធនាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយចុះទម្រាំបើពួកគេត្រូវទទួលយកវិញនោះតើមិនមែនជាការមានជីវិតរស់ឡើងវិញពីសេចក្ដីស្លាប់ទេឬ? 16បើមួយចំណិតដំបូងនៃតង្វាយបរិសុទ្ធនោះដុំទាំងមូលក៏បរិសុទ្ធដែរហើយបើឫសបរិសុទ្ធនោះមែកក៏បរិសុទ្ធដែរ។ 17យ៉ាងណាក្ដីបើមែកខ្លះត្រូវកាច់ចេញហើយអ្នកដែលជាដើមអូលីវព្រៃត្រូវបានផ្សាំក្នុងចំណោមមែកទាំងនោះព្រមទាំងស្រូបយកជីវជាតិពីឫសដើមអូលីវស្រុកជាមួយមែកផ្សេងទៀតទៅហើយ 18នោះចូរកុំអួតអាងនឹងមែកទាំងនោះឡើយទោះបីអ្នកអួតអាងក៏ដោយក៏ចូរដឹងថាមិនមែនអ្នកទេដែលចិញ្ចឹមឫសគឺឫសចិញ្ចឹមអ្នកវិញ។ 19ពេលនោះអ្នកនឹងនិយាយថាមែកទាំងនោះត្រូវបានកាត់ចេញដើម្បីយកខ្ញុំផ្សាំជំនួស។ 20មែនហើយពួកគេត្រូវបានកាត់ចេញដោយសារគ្មានជំនឿរីឯអ្នកវិញត្រូវបានភ្ជាប់ឲ្យជាប់ដោយសារជំនឿដូច្នេះកុំមានគំនិតឆ្មើងឆ្មៃឡើយប៉ុន្ដែចូរកោតខ្លាចវិញ 21ដ្បិតបើព្រះជាម្ចាស់មិនអត់ឱនឲ្យមែកពីកំណើតផងនោះព្រះជាម្ចាស់ក៏មិនអត់ឱនឲ្យអ្នកដែរ។ 22ចូរពិចារណាអំពីសេចក្ដីសប្បុរសនិងភាពម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ចុះ។ ព្រះអង្គមានភាពម៉ឺងម៉ាត់ចំពោះអស់អ្នកដែលដួលចុះប៉ុន្ដែព្រះអង្គមានសេចក្ដីសប្បុរសចំពោះអ្នកលុះត្រាតែអ្នកនៅជាប់នឹងសេចក្ដីសប្បុរសរបស់ព្រះអង្គបើមិនដូច្នេះទេអ្នកក៏ត្រូវកាត់ចេញដែរ 23ឯពួកអ្នកដែលត្រូវកាត់ចេញទាំងនោះក៏ដូច្នេះដែរបើពួកគេបោះបង់ភាពគ្មានជំនឿរបស់ពួកគេព្រះជាម្ចាស់នឹងផ្សាំពួកគេវិញព្រោះព្រះអង្គអាចផ្សាំពួកគេជាថ្មីបាន។ 24ដ្បិតបើអ្នកដែលមានកំណើតជាដើមអូលីវព្រៃត្រូវបានកាត់យកមកផ្សាំជាប់ដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតទៅហើយចុះទម្រាំពួកគេដែលមានកំណើតជាដើមអូលីវស្រុកស្រាប់នោះងាយផ្សាំជាប់ដើមរបស់ខ្លួនវិញលើសជាងអម្បាលមានទៅទៀត។ 25បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះឡើយដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថាខ្លួនឯងឆ្លាតគឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូសរហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។ 26ដូច្នេះហើយជនជាតិអ៊ីស្រាអែលនឹងទទួលបានសេចក្ដីសង្គ្រោះទាំងអស់គ្នាដូចមានសេចក្ដីចែងទុកថា៖ «ព្រះអង្គសង្គ្រោះនឹងយាងចេញពីក្រុងស៊ីយ៉ូនហើយព្រះអង្គនឹងដកយកការមិនកោតខ្លាចព្រះជាម្ចាស់ចេញពីយ៉ាកុប 27ដ្បិតនេះហើយជាកិច្ចព្រមព្រៀងរបស់យើងជាមួយពួកគេគឺនៅពេលដែលយើងដកយកបាបចេញពីពួកគេ»។ 28យោងតាមដំណឹងល្អដោយសារអ្នករាល់គ្នាពួកគេត្រលប់ជាសត្រូវរបស់ព្រះជាម្ចាស់ប៉ុន្ដែយោងតាមការជ្រើសរើសវិញដោយសារដូនតារបស់ពួកគេព្រះជាម្ចាស់ស្រលាញ់ពួកគេ 29ព្រោះអំណោយទាននិងការត្រាស់ហៅរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ 30ដ្បិតពីដើមអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណាដោយសារពួកអ្នកមិនស្ដាប់បង្គាប់ទាំងអស់នោះជាយ៉ាងណា 31នោះពួកគេក៏ដូច្នោះដែរគឺឥឡូវនេះពួកគេមិនស្ដាប់បង្គាប់ដើម្បីឲ្យពួកគេទទួលបានសេចក្ដីមេត្តាករុណានៅពេលនេះដោយសេចក្ដីមេត្ដាករុណាដែលអ្នករាល់គ្នាបានទទួលនោះដែរ 32ដ្បិតព្រះជាម្ចាស់បានបង្ខាំងមនុស្សទាំងអស់ទុកក្នុងសេចក្ដីមិនស្ដាប់បង្គាប់ដើម្បីសំដែងសេចក្ដីមេត្ដាករុណាដល់ពួកគេគ្រប់គ្នា។ 33សេចក្ដីសប្បុរសប្រាជ្ញានិងចំណេះរបស់ព្រះជាម្ចាស់បរិបូរជ្រាលជ្រៅណាស់! គ្មានអ្នកណាអាចពិពណ៌នាអំពីការជំនុំជម្រះរបស់ព្រះអង្គបានទេហើយក៏គ្មានអ្នកណាអាចយល់អំពីមាគ៌ារបស់ព្រះអង្គបានដែរ 34តើមានអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ឬធ្លាប់ធ្វើជាអ្នកផ្ដល់យោបល់ដល់ព្រះអង្គដែរឬទេ? 35តើមានអ្នកណាធ្លាប់ថ្វាយដល់ព្រះអង្គជាមុនដើម្បីឲ្យព្រះអង្គតបស្នងដល់ខ្លួនវិញដែរឬទេ? 36ដ្បិតអ្វីៗទាំងអស់កើតមកពីព្រះអង្គដោយសារព្រះអង្គនិងសម្រាប់ព្រះអង្គ។ សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ចអាម៉ែន។
Copyright information for
KhmKCB