Romans 3
1ដូច្នេះតើជនជាតិយូដាមានអ្វីប្រសើរលើសគេហើយការកាត់ស្បែកមានប្រយោជន៍អ្វីដែរ? 2ប្រសើរច្រើនក្នុងគ្រប់ជំពូកគឺមុនដំបូងព្រះជាម្ចាស់បានផ្ទុកផ្ដាក់ព្រះបន្ទូលដល់ពួកគេ។ 3ចុះបើមានអ្នកខ្លះក្នុងចំណោមពួកគេមិនជឿតើយ៉ាងដូចម្ដេចដែរ? តើភាពគ្មានជំនឿរបស់ពួកគេនឹងបំផ្លាញភាពស្មោះត្រង់របស់ព្រះជាម្ចាស់ឬ? 4មិនមែនដូច្នោះទេ! ព្រះជាម្ចាស់នៅតែពិតត្រង់ទោះបីជាមនុស្សគ្រប់គ្នាជាអ្នកកុហកក្ដីដូចមានសេចក្ដីចែងទុកថា៖ «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គហើយមានជ័យជំនះនៅពេលគេជំនុំជម្រះព្រះអង្គ»។ 5បើសេចក្ដីទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់ទុច្ចរិតដែរឬនៅពេលព្រះអង្គដាក់ទោសយើង(គឺខ្ញុំនិយាយតាមបែបមនុស្សទេ)? 6មិនមែនដូច្នោះទេ! បើព្រះជាម្ចាស់ទុច្ចរិតមែនតើព្រះអង្គនឹងជំនុំជម្រះពិភពលោកយ៉ាងដូចម្ដេច? 7ម្យ៉ាងទៀតបើសេចក្ដីកុហករបស់ខ្ញុំធ្វើឲ្យសេចក្ដីពិតរបស់ព្រះជាម្ចាស់ចម្រើនឡើងដើម្បីតម្កើងសិរីរុងរឿងរបស់ព្រះអង្គវិញតើហេតុអ្វីខ្ញុំនៅតែជាប់ជំនុំជម្រះទុកជាមនុស្សបាបដូច្នេះ? 8ហើយហេតុអ្វីយើងមិននិយាយថាចូរយើងធ្វើការអាក្រក់ដើម្បីឲ្យការល្អកើតចេញមក? ដូចជាមនុស្សមួយចំនួនបាននិយាយបង្ខូចយើងថាយើងនិយាយដូច្នេះ។ អ្នកទាំងនោះដែលនិយាយដូច្នេះសមតែទទួលការជំនុំជម្រះ! 9បើដូច្នេះតើយើងល្អជាងគេឬ? មិនមែនដូច្នោះទេដ្បិតយើងបានបញ្ជាក់ពីមុនហើយថាទោះជាជនជាតិយូដាក្ដីជនជាតិក្រេកក្ដីសុទ្ធតែស្ថិតនៅក្រោមបាបទាំងអស់គ្នា 10ដូចមានសេចក្ដីចែងទុកថា៖ «គ្មានមនុស្សណាសុចរិតឡើយសូម្បីតែម្នាក់ក៏គ្មានដែរ 11គ្មានមនុស្សណាម្នាក់យល់គ្មានមនុស្សណាម្នាក់ស្វែងរកព្រះជាម្ចាស់ឡើយ 12មនុស្សគ្រប់គ្នាបានវង្វេងហើយត្រលប់ជាឥតបានការទាំងអស់គ្នាគ្មានអ្នកណាម្នាក់ធ្វើល្អឡើយសូម្បីតែម្នាក់ក៏គ្មានដែរ 13បំពង់កគេជាផ្នូរចំហគេប្រើអណ្ដាតបោកបញ្ឆោតហើយបបូរមាត់របស់គេបង្កប់ដោយពិសពស់វែក 14មាត់របស់គេពេញដោយបណ្ដាសារនិងសេចក្ដីជូរចត់ 15ជើងរបស់គេរហ័សនឹងបង្ហូរឈាម 16ហើយផ្លូវរបស់គេមានតែសេចក្ដីវិនាសនិងសេចក្ដីវេទនា 17ហើយគេមិនស្គាល់ផ្លូវនៃសេចក្ដីសុខសាន្តទេ 18នៅចំពោះភ្នែករបស់ពួកគេគ្មានការកោតខ្លាចព្រះជាម្ចាស់សោះ»។ 19យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីរវិន័យដើម្បីបិទមាត់មនុស្សទាំងអស់ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់ 20ដូច្នេះគ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បានដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។ 21ប៉ុន្ដែឥឡូវនេះក្រៅពីគម្ពីរវិន័យសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់បានសំដែងឲ្យឃើញហើយដោយមានគម្ពីរវិន័យនិងពួកអ្នកនាំព្រះបន្ទូលធ្វើបន្ទាល់ទៀតផង 22គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែលមានដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដហើយសម្រាប់អស់អ្នកដែលជឿដោយមិនខុសប្លែកគ្នាឡើយ។ 23មនុស្សទាំងអស់បានធ្វើបាបហើយខ្វះមិនដល់សិរីរុងរឿងរបស់ព្រះជាម្ចាស់ 24ប៉ុន្ដែត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃឡើយដោយសារព្រះគុណរបស់ព្រះអង្គតាមរយៈការប្រោសលោះដែលនៅក្នុងព្រះយេស៊ូគ្រិស្ដ 25គឺព្រះជាម្ចាស់បានប្រគល់ព្រះយេស៊ូទុកជាយញ្ញបូជាប្រោសលោះដោយសារឈាមរបស់ព្រះអង្គតាមរយៈជំនឿដើម្បីបង្ហាញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានដាក់ទោសបាបដែលមនុស្សបានប្រព្រឹត្ដកាលពីមុនទេ 26ដោយសារសេចក្ដីអត់ធ្មត់របស់ព្រះអង្គដើម្បីបង្ហាញសេចក្ដីសុចរិតរបស់ព្រះអង្គនៅគ្រានេះដូច្នេះព្រះអង្គផ្ទាល់សុចរិតព្រមទាំងរាប់អស់អ្នកដែលជឿលើព្រះយេស៊ូជាសុចរិតដែរ។ 27ដូច្នេះហើយតើយើងមានអ្វីអួតអាង? គ្មានទេ! ចុះសំអាងលើគោលការណ៍អ្វី? គោលការណ៍នៃការប្រព្រឹត្ដិឬ? ទេមិនមែនទេគឺសំអាងលើក្រឹត្យក្រមនៃជំនឿវិញ! 28ដ្បិតយើងយល់ឃើញថាមនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារជំនឿមិនមែនដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យទេ។ 29តើព្រះជាម្ចាស់ជាព្រះរបស់ជនជាតិយូដាប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែនហើយព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ 30ព្រោះមានព្រះជាម្ចាស់តែមួយអង្គទេព្រះអង្គនឹងរាប់អ្នកកាត់ស្បែកនិងអ្នកមិនកាត់ស្បែកជាសុចរិតដោយសារជំនឿ។ 31ដូច្នេះតើយើងនឹងទុកគម្ពីរវិន័យជាឥតប្រយោជន៍ដោយព្រោះជំនឿឬ? មិនមែនដូច្នោះទេ! ផ្ទុយទៅវិញយើងលើកស្ទួយគម្ពីរវិន័យ។
Copyright information for
KhmKCB