Romans 4
1តើយើងនឹងនិយាយយ៉ាងដូចម្ដេចអំពីលោកអ័ប្រាហាំដែលជាដូនតារបស់យើងខាងឯសាច់ឈាម? 2ព្រោះបើលោកអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិរបស់គាត់នោះគាត់មុខជាមានហេតុផលដើម្បីអួតអាងប៉ុន្ដែមិនមែននៅចំពោះព្រះជាម្ចាស់ទេ 3តើបទគម្ពីរចែងយ៉ាងដូចម្ដេចដែរ? បទគម្ពីរចែងថា៖ «លោកអ័ប្រាហាំជឿព្រះជាម្ចាស់ហើយព្រះជាម្ចាស់ក៏រាប់គាត់ជាសុចរិតដោយសារជំនឿនោះ»។ 4សម្រាប់អ្នកធ្វើការរង្វាន់ដែលគេទទួលនោះមិនរាប់ថាជាគុណទេផ្ទុយទៅវិញគឺជាថ្លៃឈ្នួល 5រីឯអ្នកដែលមិនប្រព្រឹត្ដតែជឿព្រះអង្គដែលបានរាប់មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ជាសុចរិតនោះព្រះជាម្ចាស់នឹងរាប់គេជាសុចរិតដោយសារជំនឿរបស់គេនោះឯង 6សូម្បីតែស្ដេចដាវីឌក៏និយាយអំពីព្រះពរសម្រាប់មនុស្សដែលព្រះជាម្ចាស់បានរាប់ជាសុចរិតដោយមិនគិតអំពីការប្រព្រឹត្តិដែរថា៖ 7«មានពរហើយអស់អ្នកដែលទទួលបានការលើកលែងទោសពីអំពើទុច្ចរិតរបស់ខ្លួនហើយត្រូវបានគ្របបាំងឲ្យរួចពីបាប 8មានពរហើយមនុស្សណាដែលព្រះអម្ចាស់មិនប្រកាន់បាបរបស់គេ»។ 9ដូច្នេះតើព្រះពរនេះសម្រាប់ពួកអ្នកកាត់ស្បែកឬមួយសម្រាប់ពួកអ្នកមិនកាត់ស្បែកដែរ? ដ្បិតយើងនិយាយថាព្រះជាម្ចាស់បានរាប់លោកអ័ប្រាហាំជាសុចរិតដោយសារជំនឿរបស់គាត់។ 10តើរាប់ជាសុចរិតយ៉ាងដូចម្ដេច? តើនៅក្រោយពេលកាត់ស្បែកឬមួយនៅពេលមិនទាន់កាត់ស្បែក? មិនមែននៅក្រោយពេលកាត់ស្បែកទេគឺនៅពេលមិនទាន់កាត់ស្បែកនៅឡើយ។ 11លោកអ័ប្រាហាំបានទទួលទីសំគាល់នៃការកាត់ស្បែកនេះទុកជាត្រានៃសេចក្ដីសុចរិតដែលគាត់មានដោយសារជំនឿពេលមិនទាន់កាត់ស្បែកនៅឡើយដើម្បីឲ្យគាត់ត្រលប់ជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានកាត់ស្បែកហើយឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ 12ព្រមទាំងឲ្យត្រលប់ជាឪពុករបស់ពួកអ្នកកាត់ស្បែកដែរគឺមិនត្រឹមតែអ្នកកាត់ស្បែកប៉ុណ្ណោះទេថែមទាំងអស់អ្នកដែលដើរតាមលំអាននៃជំនឿរបស់លោកអ័ប្រាហាំដែលជាដូនតារបស់យើងគឺជាជំនឿដែលគាត់មាននៅពេលមិនទាន់កាត់ស្បែកនៅឡើយ។ 13ព្រះបន្ទូលសន្យាសម្រាប់លោកអ័ប្រាហាំឬដល់ពូជពង្សរបស់គាត់ដែលថាគាត់នឹងបានផែនដីជាមរតកនោះមិនមែនតាមរយៈគម្ពីរវិន័យទេគឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ 14បើពួកអ្នកធ្វើតាមគម្ពីរវិន័យជាអ្នកស្នងមរតកនោះជំនឿត្រលប់ជាគ្មានប្រយោជន៍ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃដែរ។ 15រីឯគម្ពីរវិន័យនាំឲ្យមានសេចក្ដីក្រោធដ្បិតកន្លែងណាគ្មានក្រឹត្យវិន័យកន្លែងនោះក៏គ្មានការល្មើសដែរ។ 16ដូច្នេះហើយតាមរយៈជំនឿស្របតាមព្រះគុណដែលព្រះបន្ទូលសន្យាត្រលប់ជាការពិតសម្រាប់ពូជពង្សទាំងអស់របស់លោកអ័ប្រាហាំគឺមិនមែនសម្រាប់តែអស់អ្នកធ្វើតាមគម្ពីរវិន័យប៉ុណ្ណោះទេគឺសម្រាប់អស់អ្នកដែលមានជំនឿរបស់លោកអ័ប្រាហាំដែរដ្បិតគាត់ជាឪពុករបស់យើងទាំងអស់គ្នា 17ដូចមានសេចក្ដីចែងទុកថា៖ «យើងបានតាំងអ្នកឲ្យធ្វើជាឪពុករបស់ជនជាតិជាច្រើន»។ គាត់ជាឪពុករបស់យើងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ដែលគាត់បានជឿគឺជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់វិញនិងមានបន្ទូលឲ្យអ្វីដែលគ្មានរូបរាងត្រលប់ជាមានរូបរាង។ 18នៅពេលគាត់អស់សង្ឃឹមគាត់បានមានសង្ឃឹមឡើងវិញដោយសារគាត់មានជំនឿដូច្នេះហើយគាត់បានត្រលប់ជាឪពុករបស់ជនជាតិជាច្រើនស្របតាមសេចក្ដីដែលបានសន្យាថា៖ «ពូជពង្សរបស់អ្នកនឹងបានដូច្នេះ»។ 19ទោះបីរូបកាយរបស់គាត់មានអាយុជិតមួយរយឆ្នាំដែលចាត់ទុកដូចជាស្លាប់ហើយផ្ទៃរបស់សារ៉ាមិនអាចមានកូនក៏ដោយក៏ជំនឿរបស់គាត់មិនចុះខ្សោយឡើយ។ 20គាត់មិនបានសង្ស័យលើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ដោយចិត្ដមិនជឿនោះដែរគឺគាត់កាន់តែមានជំនឿខ្លាំងឡើងថែមទៀតទាំងថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ 21ហើយគាត់ជឿប្រាកដថាអ្វីដែលព្រះជាម្ចាស់បានសន្យាព្រះអង្គក៏អាចធ្វើបានដែរ 22ហេតុនេះហើយបានជាព្រះជាម្ចាស់រាប់គាត់ជាសុចរិត។ 23សេចក្ដីដែលចែងទុកថាព្រះជាម្ចាស់បានរាប់គាត់ជាសុចរិតមិនមែនកត់ត្រាទុកសម្រាប់តែគាត់ម្នាក់ទេ 24គឺសម្រាប់យើងគ្រប់គ្នាដែរដែលនឹងត្រូវបានរាប់ជាសុចរិតជាអ្នកដែលជឿលើព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូជាព្រះអម្ចាស់របស់យើងឲ្យរស់ពីការសោយទិវង្គតឡើងវិញ 25ព្រះយេស៊ូត្រូវបានប្រគល់ទៅឲ្យគេសម្លាប់ដោយសារទោសកំហុសរបស់យើងតែព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញដើម្បីរាប់យើងជាសុចរិត។
Copyright information for
KhmKCB