Romans 6
1តើយើងនិយាយយ៉ាងដូចម្ដេច? តើយើងត្រូវធ្វើបាបបន្ដទៀតឬដើម្បីឲ្យព្រះគុណបានចម្រើនឡើង? 2មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយតើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត? 3តើអ្នករាល់គ្នាមិនដឹងថាយើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹកទៅក្នុងព្រះគ្រិស្ដយេស៊ូគឺបានទទួលពិធីជ្រមុជទឹកទៅក្នុងការសោយទិវង្គតរបស់ព្រះអង្គទេឬ? 4ដូច្នេះយើងត្រូវបានបញ្ចុះជាមួយព្រះអង្គរួចហើយតាមរយៈពិធីជ្រមុជទឹកទៅក្នុងសេចក្ដីស្លាប់ដើម្បីឲ្យដូចដែលព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញដោយសារសិរីរុងរឿងរបស់ព្រះវរបិតាជាយ៉ាងណានោះយើងនឹងរស់នៅក្នុងជីវិតថ្មីជាយ៉ាងនោះដែរ។ 5ដ្បិតបើយើងបានរួមជាមួយព្រះអង្គនៅក្នុងការសោយទិវង្គតរបស់ព្រះអង្គហើយនោះយើងមុខជារួមជាមួយព្រះអង្គនៅក្នុងការរស់ឡើងវិញរបស់ព្រះអង្គមិនខានដែរ 6ដ្បិតយើងដឹងសេចក្ដីនេះថាមនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គរួចហើយដើម្បីឲ្យខ្លួនយើងដែលមានបាបត្រូវវិនាសសូន្យនិងកុំឲ្យយើងធ្វើជាបាវបម្រើរបស់បាបតទៅទៀត 7ព្រោះអ្នកណាស្លាប់រួចហើយអ្នកនោះក៏បានរួចពីបាបហើយដែរ។ 8ប៉ុន្ដែបើយើងស្លាប់ជាមួយព្រះគ្រិស្ដយើងជឿថាយើងនឹងរស់ជាមួយព្រះអង្គដែរ 9ដោយដឹងថាព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញហើយក៏មិនសោយទិវង្គតទៀតឡើយរីឯសេចក្ដីស្លាប់គ្មានអំណាចលើព្រះអង្គទៀតដែរ 10ព្រោះការសោយទិវង្គតរបស់ព្រះអង្គគឺព្រះអង្គបានសោយទិវង្គតខាងឯបាបតែម្ដងជាសម្រេចហើយចំពោះការដែលព្រះអង្គមានជីវិតរស់គឺរស់ខាងឯព្រះជាម្ចាស់វិញ 11ដូច្នេះចូរអ្នករាល់គ្នារាប់ខ្លួនទុកដូចជាស្លាប់ខាងឯបាបរួចហើយដែរប៉ុន្ដែរស់នៅក្នុងព្រះគ្រិស្ដយេស៊ូខាងឯព្រះជាម្ចាស់វិញ។ 12ហេតុនេះកុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ដើម្បីឲ្យស្ដាប់តាមចំណង់តណ្ហានៃបាបឡើយ 13ហើយមិនត្រូវប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាឲ្យបាបទុកជាឧបករណ៍បម្រើសេចក្ដីទុច្ចរិតឡើយផ្ទុយទៅវិញត្រូវថ្វាយខ្លួនដល់ព្រះជាម្ចាស់ទុកដូចជាបានរស់ពីស្លាប់ឡើងវិញរួចថ្វាយអវយវៈទាំងឡាយរបស់អ្នករាល់គ្នាដល់ព្រះជាម្ចាស់ទុកជាឧបករណ៍បម្រើសេចក្ដីសុចរិតវិញ 14ព្រោះបាបលែងត្រួតត្រាលើអ្នករាល់គ្នាទៀតហើយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទៀតទេគឺនៅក្រោមព្រះគុណវិញ។ 15តើយើងនិយាយយ៉ាងដូចម្ដេច? ដោយព្រោះយើងនៅក្រោមព្រះគុណហើយមិននៅក្រោមក្រឹត្យវិន័យតើឲ្យយើងធ្វើបាបឬ? មិនមែនដូច្នោះទេ! 16តើអ្នករាល់គ្នាមិនដឹងទេឬអីថាបើអ្នករាល់គ្នាប្រគល់ខ្លួនធ្វើជាបាវបម្រើហើយស្ដាប់បង្គាប់តាមនរណាម្នាក់នោះអ្នករាល់គ្នាជាបាវបម្រើរបស់អ្នកដែលអ្នករាល់គ្នាស្ដាប់បង្គាប់នោះហើយអ្នករាល់គ្នាជាបាវបម្រើរបស់បាបដែលនាំឲ្យស្លាប់ឬជាបាវបម្រើនៃការស្ដាប់បង្គាប់ដែលនាំឲ្យបានសុចរិត។ 17អរព្រះគុណព្រះជាម្ចាស់ណាស់ពីដើមអ្នករាល់គ្នាជាបាវបម្រើរបស់បាបប៉ុន្ដែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តតាមគំរូនៃសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល 18ដូច្នេះព្រះអង្គក៏បានប្រោសឲ្យរួចពីបាបរួចឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើនៃសេចក្ដីសុចរិត។ 19ដោយសារភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នាខ្ញុំសូមនិយាយតាមបែបមនុស្សលោកទៅចុះគឺពីមុនអ្នករាល់គ្នាបានប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នាបម្រើសេចក្ដីស្មោកគ្រោកនិងសេចក្ដីទុច្ចរិតដែលនាំទៅសេចក្ដីអាក្រក់ជាយ៉ាងណាឥឡូវនេះចូរអ្នករាល់គ្នាប្រគល់អវយវៈទាំងឡាយរបស់អ្នករាល់គ្នានោះបម្រើសេចក្ដីសុចរិតដែលនាំទៅភាពបរិសុទ្ធជាយ៉ាងនោះដែរ។ 20នៅពេលអ្នករាល់គ្នាជាបាវបម្រើរបស់បាបនោះអ្នករាល់គ្នាដាច់ចេញពីសេចក្ដីសុចរិត 21នៅពេលនោះតើអ្នករាល់គ្នាបានទទួលផលអ្វីខ្លះពីសេចក្ដីដែលអ្នករាល់គ្នាអៀនខ្មាសនៅពេលនេះ? ព្រោះលទ្ធផលនៃសេចក្ដីទាំងនោះជាសេចក្ដីស្លាប់ 22ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានរួចពីបាបហើយត្រលប់ជាបាវបម្រើរបស់ព្រះជាម្ចាស់អ្នករាល់គ្នាបានទទួលផលរបស់អ្នករាល់គ្នានៅក្នុងភាពបរិសុទ្ធដែលមានលទ្ធផលជាជីវិតអស់កល្បជានិច្ច 23ដ្បិតឈ្នួលរបស់បាបជាសេចក្ដីស្លាប់តែអំណោយទានរបស់ព្រះជាម្ចាស់ជាជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។
Copyright information for
KhmKCB